ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​មានតម្លៃ​សម្រាប់​ការពង្រីក​ហិរញ្ញវត្ថុ​ធុរកិច្ច​ប្រកបដោយ​សុវត្ថិភាព​និង​បរិ​យា​ប័ន្ន​

691
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC)​ដែលជា​សមាជិក​មួយ​នៃ​ក្រុម​ធនាគារពិភពលោក និង​ការិយាល័យ​ឥណទាន​កម្ពុជា​(CBC)​បានរួម​គ្នា​រៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​ពត៌មាន​ឥណទាន ដើម្បី​ផ្សព្វផ្សាយ​វឌ្ឍនភាព​ចុងក្រោយ​នៅក្នុង​ការ​អ​ភ​វិ​ឌ្ឍ​ប្រព័ន្ធ​រាយការណ៍​ឥណទាន​និង​ឥទ្ធិពល​ដែល​អាចមាន​នៃ​ប្រព័ន្ធ​នេះ​លើ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​។​

វេទិកា​‘​ពិនិត្យ​វាយតម្លៃ​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​’​នេះ​ត្រូវបាន​ចូលរួម​ដោយ​តំណាង​ជាង​១៥០​នាក់​មកពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ស្ថាប័ន​រាជរដ្ឋាភិបាល​សមាគម​ធុរកិច្ច​និង​ពាណិជ្ជកម្ម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង ដៃគូ​អភិវឌ្ឍន៍​។​

​លោកស្រី​ជា​សេរី​ប្រធានការិយាល័យ​ឥណទាន​កម្ពុជា​និង​ជា​អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​កម្ពុជា​បាន​មានប្រសាសន៍ថា​“​ការិយាល័យ​ឥណទាន​កម្ពុជា​ទើបតែ​បានប្រកាស​ការដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​(​ក្រុមហ៊ុន​)​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨​។​

នៅពេលដែល​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​ដំណើរការ​ពេញលេញ​វា​នឹង​ជួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​ភាគី​ពាក់ព័ន្ធ​ឲ្យ​ទទួលបាន​នូវ​ព័ត៌មាន​ឥណទាន​ពេញលេញ​របស់​នីតិ​បុគ្គ​ទាំងឡាយ​ដែល​ដាក់​ពាក្យសុំ​ប្រាក់កម្ចី​ពាណិជ្ជកម្ម​នៅក្នុង​ទីផ្សារ​នេះ​។ ព័ត៌មាន​នីតិបុគ្គល​(​ក្រុមហ៊ុន​)​ក៏មាន​សារៈសំខាន់​ផងដែរ​សម្រាប់​ឲ្យ​ធនាគារកណ្តាល​តាមដាន​មើល​ទីផ្សារ​ទាំងមូល ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​”​។

​លោកស្រី​បាន​បន្ថែមថា​“​សេវាកម្ម​ដែល​ផ្តល់​ដោយ​ការិយាល័យ​ឥណទាន​កម្ពុជា​មិនមែន​បញ្ចប់​ត្រឹមតែ​ព័ត៌មាន​ឥណទាន​ប៉ុណ្ណោះ​ទេ​។​គណៈ​គ្រប់គ្រង​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​មួយ ដែល​បានទទួល​ការគាំទ្រ​រួចហើយ​ពី​ក្រុមប្រឹក្សា​អភិបាល​។​យើង​ប្តេជ្ញា​ផ្តល់​ការគាំទ្រ​ជា​បន្ត​ជូន​ដល់​សមាជិក​របស់​យើង​ដោយ​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ផ្សេងៗ​ជាច្រើន​ស្របតាម​តម្រូវការ​របស់​ពួកគេ​”​។​

​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ និង​ជា ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​បានលើកឡើង​ថា​៖«​ការិយាល័យ​ឥណទាន​ដើរតួនាទី​សារៈសំខាន់​សម្រាប់​គាំទ្រ​ផ្នែក​ខាង​ផ្តល់​ពត៌មាន​ឥណទាន​សម្រាប់​ការប្រើប្រាស់​ទូទៅ​។​

ការផ្តល់​ពត៌មាន​ដោយ​ការិយាល័យ​ឥណទាន​គឺមាន​ភាពច្បាស់លាស់​។​តាំងពី​ការកកើត​ការិយាល័យ​ឥណទាន​មក​ឃើញថា​គុណភាព​ឥណទាន​ក្នុង​វិស័យ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ​មានគុណ​ភាពល្អ​ណាស់​។​និយាយ​រួម​ចំណាយពេល​តិច​ទទួលបាន​ពត៌មាន​ច្រើន​និង​ធ្វើការ​សម្រេចចិត្ត​ត្រូវ​»​។​

​គួរ​ជម្រាប​ថា​ការសិក្សា​ផលប៉ះពាល់​មួយ​ដែល​ត្រូវបានធ្វើ​ដោយ​ជំនាញការ​ឯករាជ្យ​ផ្នែក​ព័ត៌មាន​ឥណទាន​មួយរូប​មកពី​អឺរ៉ុប​ក៏ត្រូវ​បានបង្ហាញ​ផងដែរ​នៅក្នុង​សិក្ខាសាលា​នេះ​។​ការសិក្សា​នេះ​បញ្ជាក់​ផលប៉ះពាល់​វិជ្ជមាន​នៃ​ព័ត៌មាន​ឥណទាន​លើ​សេដ្ឋកិច្ច​និង​សង្គម​។

ផ្អែកលើ​អង្កេត​នៅក្នុង​ការសិក្សា​នេះ ទិន្នន័យ​ព័ត៌មាន​ឥណទាន​មាន​ទម្ងន់ ៣៦ ភាគរយ​នៅក្នុង​ការសម្រេច​ផ្តល់ប្រាក់​កម្ចី​បុគ្គល​។ វា​ក៏​កាត់បន្ថយ​ផងដែរ​នូវ​ពេលវេលា​ពិនិត្យមើល​ឯកសារ​សុំ​ប្រាក់កម្ចី​ពី ៣២ ទៅ ៥៧ ភាគរយ​ជា​មធ្យម លើ​លក្ខណៈវិនិច្ឆ័យ​ចំនួន​ប្រាំ​នៃ​ឥណទាន​បួន​ឆ្នាំក្រោយ​ពេលដែល​ការិយាល័យ​ឥណទាន​បាន​ដំណើរការ​។​

​លោក ខាយ​ល៍ ខេ​ល​ហូ​ហ្វ័​រ (Kyle Kelhofer) នាយក​គ្រប់គ្រង​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ប្រចាំ​ប្រទេស​ប្រទេស​កម្ពុជា​ឡាវ​និង​វៀតណាម​បាន​មានប្រសាសន៍​“​យើង​មាន​សេចក្តី​រីករាយ​ដែល​បាន​ជួយ​ក្នុង​ការបង្កើត​និង​ឃើញ​ការលូតលាស់​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​។​របកគំហើញ​វិជ្ជមាន​នៃ​ការសិក្សា​ឯករាជ្យ​នេះ​មាន​លក្ខណៈ​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​និង​គប្បី​ជំរុញ​ការគាំទ្រ​បន្ថែមទៀត​ដល់​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នេះ​”​។
លោក​បាន​បន្ថែមទៀតថា​“​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​ដែល​ទើបតែ​ដាក់​ឲ្យ​ដំណើរការ​នេះ នឹងមាន​តម្លៃ​សម្រាប់​ការពង្រីក​ហិរញ្ញវត្ថុ​ធុរកិច្ច​នៅ​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព​និង​បែប​បរិ​យា​ប័ន្ន ជាពិសេស​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​។​

យើង​នឹង​សហការ​ជាមួយ​ដៃគូ​កម្ពុជា​ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​បន្ថែមទៀត​។​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​ដ៏​ពេញលេញ​និង​របប​ក្ស័យធន​ប្រកបដោយ​ប្រសិទ្ធភាព​មាន​ភាពចាំបាច់​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​ឯកជន​និង​លើកស្ទួយ​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចកម្ពុជា​”​។​

​លោក ខាយ​ល៍ ខេ​ល​ហូ​ហ្វ័​រ បានឱ្យដឹងថា​កម្មវិធី​ផ្តល់​ប្រឹក្សា​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ស្តីពី​ព័ត៌មាន​ឥណទាន​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​និង​កាណាដា​និង​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច (SECO) នៃ​ប្រទេស​ស្វី​ស​។​តាំងពី​ឆ្នាំ ១៩៩៧ មក សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​វិនិយោគ និង​កៀរគរ​បាន​ជាង ៩៥០ លាន​ដុល្លារ​នៅ​កម្ពុជា ដោយ​ផ្តោតលើ​សេវា​ផ្នែក​ហិរញ្ញវត្ថុ អប់រំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ក​សិ​ធុរកិច្ច​។​

​តាំងពី​ឆ្នាំ​២០១៤​មក​ក្រុម​ផ្តល់​ប្រឹក្សា​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC)​បានធ្វើការ​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា​លើ​ការអភិវឌ្ឍ​ការ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​(​ក្រុមហ៊ុន​)​និង​ដើម្បី​ជួយ​សម្រួល​ការទទួលបាន​ហិរញ្ញវត្ថុ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​សម្រាប់​សហគ្រាស​ចុះបញ្ជី​។​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC)​ក៏​កំពុង​ជួយ​ផងដែរ​ជាមួយ​ការអភិវឌ្ឍ​របប​ការពារ​អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​លោក​អឿ​សុធា​រ័ត្ន​ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណទាន​កម្ពុជា​បានឱ្យដឹងថា​ការិយាល័យ​ឥណទាន​កម្ពុជា គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុងការ​ផ្តល់នូវ​សេវា​ព័ត៌មាន​ហិរញ្ញវត្ថុ ឧបករណ៍​វិភាគ​ទិន្នន័យ និង​របាយការណ៍​ឥណទាន​ជូន​ធនាគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រុមហ៊ុន​ភតិសន្យា​ប្រតិបត្តិ​ករ​ឥណទាន​និង​អ្នកប្រើប្រាស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​ដំណើរការ​តាំងពី​ខែមីនា​ឆ្នាំ​២០១២​ដោយ​មានការ​ជ្រោមជ្រែង​ពី​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) និង សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC)​។​

ការិយាល័យ​ឥណទាន​កម្ពុជា​ក៏​ជួយ​លើកស្ទួយ​សេ្ថ​រ​ភាព​ហិរញ្ញវត្ថុ​ផងដែរ តាមរយៈ​ការ​ផ្តល់នូវ​ទិន្នន័យ​ដែល​ត្រឹមត្រូវ និង រហ័ស​ទាន់​ចិត្ត​ជូន​អតិថិជន និង វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល ដែល​ជួយ​ពួកគេ​ក្នុងការ​គ្រប់គ្រង​រាល់​ទិដ្ឋភាព​ហិរញ្ញវត្ថុ​នៃ​ធុរកិច្ច​ពួកគេ​។

​ការិយាល័យ​ឥណទាន​កម្ពុជា​ជួយ​ឲ្យ​ធុរកិច្ច​អាច​គ្រប់គ្រង​ហានិភ័យ​ឥណទាន ទប់ស្កាត់​ការលួចបន្លំ និង ជួយ​ធ្វើការ​សម្រេច​ចិត្តបាន​លឿន​។​ការិយាល័យ​ឥណទាន​កម្ពុជា​ក៏​ជួយ​ផងដែរ​ដល់​អតិថិជន​ទូទៅ​ក្នុងការ​ពិនិត្យមើល​របាយការណ៍​ឥណទាន​របស់ខ្លួន​ដើម្បី​ធានាបាន​ថា​ពួកគេ​អាច​ទទួលបាន​ឥណទាន​និង​ហិរញ្ញវត្ថុ​និង​ដើម្បី​ការការពារ​ខ្លួន​ពី​ការលួចបន្លំ​អត្តសញ្ញាណ​៕S/

​ចំណងជើង​រូបថត​៖​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ការិយាល័យ​ឥណទាន​កម្ពុជា សហការ រៀបចំ​សិក្ខាសាលា​ស្តីពី​ពត៌មាន​ឥណទាន​កាលពី​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ភ្នំពេញ​(​រូប​ថ​តៈ សុផល​)