ប្រព័ន្ធ​ភាពស៊ាំ​របស់​គោ ប្រឆាំងនឹង​ហ៊ី​វ ផ្តល់​ក្តីសង្ឃឹម​ដល់​ការរក​វិធី​ព្យាបាល​

1414
ចែករម្លែក

​ការសិក្សា​ថ្មី​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បានបង្ហាញ​ថា គោ​មាន​សមត្ថភាព “​គួរឱ្យកត់សម្គាល់​” ក្នុងការ​បន្សាប​វីរុស​ហ៊ី​វ ដែលជា​របកគំហើញ​មួយ​សាទរ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ថា​ជា “​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅមុខ​” ដែល​អាច​ផ្តល់នូវ​ពន្លឺ​សម្រាប់​ការផលិត​វ៉ាក់សាំង​។​

​ការសិក្សា ដែល​រៀបចំ​ដោយ​គំនិត​ផ្តួចផ្តើម​អំពី​វ៉ាក់សាំង​អេដស៍​អន្តរជាតិ (IAVI) ជាមួយ​ការគាំទ្រ​ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​អាមេរិក (NIH) រកឃើញថា ប្រព័ន្ធ​ភាពស៊ាំ​របស់​គោ​អាច​អភិវឌ្ឍ​អង្គ​បដិបក្ខ​យ៉ាង​រហ័ស ដែល​អាច​បន្សាប​វីរុស​ហ៊ី​វ​បាន​។

​អង្គ​បដិបក្ខ​បន្សាប​មេរោគ​ដ៏​ទូលំទូលាយ (bNAbs) អាចបង្កើត​ដោយ​ធម្មជាតិ​បាន ១០ ទៅ ២០ ភាគរយ​នៃ​មនុស្ស​ដែល​រស់នៅ​ជាមួយ​វីរុស​ហ៊ី​វ ប៉ុន្តែ​ដំណើរ​ការផលិត​គឺ​ចាប់ផ្តើម​ប្រហែល ២ ឆ្នាំ​បន្ទាប់ពី​ឆ្លង​ហ៊ី​វ​។ វីរុស​ហ៊ី​វប្រ​ហែល​បាន​វិ​វត្ត​ខ្លួន​រួចទៅហើយ​អំឡុង​គ្រា​២​ឆ្នាំ​នោះ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​លើ​វេ​ប​សាយ NIH ក្រុម​អ្នកវិទ្យាសាស្ត្រ​មកទល់​ឥឡូវនេះ​មិនទាន់​ជោគជ័យ​ក្នុងការ​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ផលិត​ប្រព័ន្ធ​ភាពស៊ាំ bNAbs បានទេ​។

​នៅពេល​ក្រុម​អ្នកស្រាវជ្រាវ​បាន​ចាក់​សារធាតុ​ការពារ​ហ៊ី​វ​ចូលក្នុង​សត្វ​គោ​៤​ក្បាល គោ​ទាំង​នោះបាន​ផលិត bNAbs នៅ​ចន្លោះ ៣០ ទៅ ៣៥ ថ្ងៃ​ប៉ុណ្ណោះ​។

​សេចក្តីប្រកាស​ព័ត៌មាន​លើកឡើង​ទៀតថា “​សារធាតុ​ការពារ​ដែល​អនុវត្ត​ក្នុងការ​ពិសោធន៍​នេះ​អាច​ទាញ​បានការ​ឆ្លើយតប​របស់ bNAb យ៉ាង​រហ័ស និង​ឥតឈប់ឈរ (​ក្នុង​ខ្លួន​គោ​)”​។

​នេះ​ជាការ​ពិសោធន៍​លើកទីមួយ ដែល​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ឱ្យមាន​ការផលិត​អង្គ​បដិបក្ខ​ប្រឆាំង​ហ៊ី​វ​ដ៏​គួរឱ្យ​ទុកចិត្ត​ចំពោះ​មនុស្ស ឬ សត្វ តាមរយៈ​ការចាក់​ថ្នាំ​បង្ការ​។​

​ខុសពី​មនុស្ស គោ​ពុំ​ឆ្លង​ហ៊ី​វ​ទេ ហើយ bNAbs ដែល​ពួកវា​បង្កើត ទំនង​មិន​សម​នឹង​ការប្រើប្រាស់​ខាង​វេជ្ជសាស្ត្រ​ចំពោះ​មនុស្ស​ក្នុង​ទម្រង់​បច្ចុប្បន្ន​នេះឡើយ​។

​ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា ការរុករក​មើល​ការផលិត bNAbs ដ៏​រហ័ស​នេះ អាចជួយ​ដល់​ការបង្កើត​វ៉ាក់សាំង​ថ្មី​ដើម្បី​ប្រយុទ្ធប្រឆាំង​ហ៊ី​វ​៕ ដោយ៖ កញ្ញាដាលីស

#