ប្រព័ន្ធ​អប់រំ​ថៃ យល់ព្រម​ឲ្យ​សិស្ស​ខេត្តកោះកុង​ទៅ​រៀន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​

246
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
វិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ខេត្ត​ត្រាត ប្រទេស​ថៃ បាន​ព្រមព្រៀងគ្នា​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង​លើ​ការងារ​ប​ញ្ចូ​ន​សិស្សានុសិស្ស​ទៅ​សិក្សា​ជំនាញ​បច្ចេកទេស ក្នុង​គោលដៅ​ទំនាក់ទំនង​មិត្តភាព និង​លើកកម្ពស់​គុណភាព​អប់រំ​រវាង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​

​កិច្ចសហប្រតិបត្តិការ​ឯកភាព​ខាង​ផ្នែក​វិស័យ​ខេត្ត​ទាំងពីរ ធ្វើឡើង​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ដែល​ដឹកនាំ​គណៈប្រតិភូ​អាជ្ញាធរ មន្ទីរជំនាញ លោកគ្រូ​អ្នកគ្រូ និង​សិស្ស​ជាង​៧០​នាក់​ចូលរួម​កម្មវិធី​ស្វែងយល់​ពី​ដកស្រង់​បទពិសោធន៍​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​តំបន់​ព្រំដែន​ខេត្ត​ត្រាត ប្រទេស​ថៃ​។​

​ប្រាប់​កាសែត​រស្មី​កម្ពុជា ក្រោយ​ការចុះ​ការ​ហត្ថលេខា​ព្រមព្រៀង​រវាង​លោក ង៉ែត ឡឹង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកោះកុង និង​លោកនាយក​វិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ខេត្ត​ត្រាត លោក ផៃ ធូ​ន​ផ្លា​ម​កេស​ន អភិបាលរង​ខេត្តកោះកុង បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​ថា ការងារ​ព្រមព្រៀង​គ្នាប​ញ្ចូ​ន​សិស្ស​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ពី​ខេត្តកោះកុង​មក​វិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ខេត្ត​ត្រាត នឹង​អនុវត្ត​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​អាជ្ញាធរ និង​មន្ទីរអប់រំ​ខេត្តកោះកុង បន្ត​ពិនិត្យមើល​រាល់​លក្ខខណ្ឌ​សុំ​អាហារូបករណ៍​បន្ថែមទៀត​អំពី​ការជ្រើសរើស​បេក្ខជន​ដែល​ចំណេះដឹង​ផ្នែក​ភាសា និង​សមត្ថភាព​ពិតប្រាកដ សម្រាប់​អភិវឌ្ឍន៍​អាជីព​ការងារ​ដែល​កំពុងមាន​តម្រូវការ​លើ​ទីផ្សារការងារ​ក្នុង​ខេត្ត​។​

​លោក​អភិបាលរង​ខេត្តកោះកុង សង្កត់ធ្ងន់ថា សិស្ស​នុ​សិស្ស​ខេត្តកោះកុង​ដែលមាន​ថ្នាក់​ទី​៩​ដល់​ថ្នាក់​ទី​១២ កំពុង​រៀន ឬ​ខ្វះ​ឱកាស​សិក្សា​ជំនាញ​ដែល​ខ្លួន​ពេញចិត្ត អាជ្ញាធរ​នឹង​បំពេញ​បំនង​របស់​ពួកគេ​ដោយ​ប​ញ្ចុ​ន​មក​សិក្សា​បណ្តុះបណ្តាល​ជំនាញ​ចង់ ដើម្បី​ទទួលបាន​ជំនាញ​ចំណេះដឹង​ពិតប្រាកដ​ចូលរួម​អភិវឌ្ឍន៍​ខេត្ត និង​ប្រទេស​កម្ពុជា​វិញ​ទៅ​អនាគត​។​
​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើរតួនាទី​ដ៏​សំខាន់​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស​ឲ្យ មានចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ​ដែលជា​កត្តា​កំណត់​ក្នុង​ការលើក កម្ពស់​ផលិតភាព ភាព​ប្រកួតប្រជែង និង​ការទាក់ទាញ​វិនិយោគ សំដៅ​បន្ត​រក្សាបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ បង្កើត​ការងារ​ថ្មី​កាន់តែ​ល្អ ទទួលបាន​ប្រាក់ចំណូល​ប្រសើរឡើង និង​រស់នៅក្នុង​ភាពសុខដុមរមនា​។​

​ដោយឡែក លោក​បណ្ឌិត ប្រាក់ ឌី​ត​ហុក​ថា នាយក​វិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ខេត្ត​ត្រាត លើកឡើងថា មូលហេតុ​ដែល​សាលា​របស់លោក​ឯកភាព​ជាមួយ​មន្ទីរអប់រំ​ខេត្តកោះកុង លើ​ដំណើការ​ប​ញ្ចូ​ន​សិស្ស​កម្រិត​វិទ្យាល័យ​មក​សិក្សា​ជំនាញ​វិជ្ជាជីវៈ​រយៈពេល​៥​ឆ្នាំ​យ៉ាង​ដូច្នេះ គឺ​ក្នុងន័យ​ជួយ​លើកកម្ពស់​គុណភាព​អប់រំ​ធនធានមនុស្ស​ជំនាញ​វិជ្ជា​ជី វៈ​និង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​រវាង​ខេត្ត​ជាប់​បន្ទាត់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ ខណៈ​សាលា​ជំនាញ​ពិតប្រាកដ និង​សម្ភារៈ​បម្រើ​ដល់​ការបណ្តុះបណ្តាល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​បើតាម​ការបញ្ជា​ក់លោក​នាយក​វិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ខេត្ត​ត្រាត លោក​នៅ​មិនទាន់​កំណត់​មាននៅ​ឡើយ​ទេ​ថា យក​ទទួល​សិស្ស​ប៉ុន្មាន​នាក់​ពី​ខេត្តកោះកុង ដើម្បី​ចូល​សិក្សា​ជំនាញ​នៅក្នុង​សាលា​របស់លោក ពីព្រោះ​វា​ទើបតែ​ជា​កិច្ច​ចាប់ផ្តើម​នៃ​ការព្រមព្រៀង ដោយ​នឹងត្រូវ​ចំណាយពេល​វេលា​ពិភាក្សា​លម្អិត​រួមជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរអប់រំ​ថែមទៀត​ផងដែរ​។

​បច្ចុប្បន្ន វិទ្យាល័យ​ពហុបច្ចេកទេស​ខេត្ត​ត្រាត កំពុង​ទទួល​បណ្តុះបណ្តាល​មុខវិជ្ជា​ជំនាញ​រួមមាន​៖ សំណង់ បដិសណ្ឋារកិច្ច ចុងភៅ អគ្គិសនី Design និង​ចម្លាក់​រូប​ជាដើម​។ វគ្គ​សិក្សា​នីមួយៗ មាន​ជា​រយៈពេល​វែង និង​ពេល​ខ្លី​។​

​គួរ​ជម្រាប​ថា នេះ​ជា​លើកដំបូង​ហើយ ខេត្តកោះកុង និង​វិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ខេត្ត​ត្រាត ចុះ​កិច្ចព្រមព្រៀង​ឯកភាព​ប​ញ្ចូ​ន និង​ទទួល​សិស្សានុសិស្ស​យកទៅ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ស្របពេល​ប្រទេស​កម្ពុជា​ក៏​កំពុងមាន​តម្រូវការ​ធនធានមនុស្ស​បច្ចេកទេស​វិជ្ជាជីវៈ សម្រាប់​ការចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​។​

​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កម្ពុជា​នៅតែ​ខ្វះ​កម្លាំង​ពលកម្ម​ផ្នែក​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារការងារ​សព្វថ្ងៃ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តែង​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស​ឲ្យ​បាន​ច្រើន ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​៕ ល​

#