ប្រព័ន្ធ 5G ទើបតែ​ចេញ ឥឡូវ​ចិន​ចាប់ផ្តើម​ស្រាវជ្រាវ​បង្កើត​ប្រព័ន្ធ 6G

433
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៧ ខែវិច្ឆិកា​នេះ​ថា​ប្រទេស​ចិន​បានចាប់ផ្តើម​ស្រាវជ្រាវ​ជា​ផ្លូវការ​នូវ​បច្ចេកវិជ្ជា​ទូរគមនាគមន៍​ជំនា​ន់ទី​៦ (6G)​។​

​បណ្តា​ក្រសួង​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ចិន​បាន​ជួបប្រជុំគ្នា​នៅ​សប្តាហ៍​នេះ​ដើម្បី​បង្កើត​ក្រុម​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បច្ចេកវិជ្ជា 6G ថ្នាក់ជាតិ នេះ​យោងតាម​របាយការណ៍​វិទ្យា​សាស្ត្រ​និង​បច្ចេកវិជ្ជា​ប្រចាំថ្ងៃ​ចេញផ្សាយ​ដោយ​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ចិន​។​

​បច្ចេកវិជ្ជា​ទាក់ទង​នឹង​សេវាកម្ម​ទូរស័ព្ទ​ចល័ត​ល្បឿន​លឿន​បាន​ក្លាយជា​ចំណុច​ជម្លោះ​ដ៏​សំខាន់​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រជែង​គ្នា​បង្កើត​ប្រព័ន្ធ​បណ្តាញ​ឥត​ខ្សែ​ជំនាន់​ក្រោយ 5G ដែល​អាច​ផ្តល់​ល្បឿន​ទិន្នន័យ​លឿន​ជាង ២០ ដង​ធៀប​នឹង​បច្ចេកវិជ្ជា 4G ហើយ​សន្យា​គាំទ្រ​បច្ចេកវិជ្ជា​ថ្មីៗ​ដូចជា​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​និង​បច្ចេកវិជ្ជា​ឈ្មោះថា Augmented Reality​។​

​កាលពី​ខែមេសា​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ចុះផ្សាយ​រឿងរ៉ាវ​មួយ​ដោយ​ដកស្រង់​សម្តី​មន្ត្រី​កូរ៉េខាងត្បូង​ប្រកាស​ជ័យជម្នះ​លើ​សហរដ្ឋ​អាម៉េរិក​និង​ចិន​ក្នុងនាម​ជាទី​កន្លែង​នៃ​ការចាប់ផ្តើម​បណ្តាញ​ទូរគមនាគមន៍ 5G ពាណិជ្ជកម្ម​ដំបូង​គេ​នៅលើ​ពិភពលោក​។​

​កូរ៉េខាងត្បូង​បានធ្វើ​ការអះអាង​ដូច្នេះ​ដោយ​ផ្អែកលើ​បណ្តាញ​ថ្មី​នេះ​បាន​ភ្ជាប់​ទៅនឹង​ទូរស័ព្ទ 5G រួចជាស្រេច​មុនគេ​ទៅហើយ​៕ ដោយ៖ កញ្ញាដាលីស

ចិន​កំពុង​ស្រាវជ្រាវ​បង្កើត​ប្រព័ន្ធ 6G