ប្រភព​ជាន់ខ្ពស់​មួយ​របស់​បក្ស​ភឿ​ថៃ​ប្រាប់​ទូរទស្សន៍ CNN ថា លោកស្រី​យី​ង​ឡាក់ ទៅដល់​ឌូ​បៃ​ដោយ​សុវត្ថិភាព​

785

​ប្រភព​ជាន់ខ្ពស់​មួយ​នៅក្នុង​គណបក្ស​ភឿ​ថៃ​របស់​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​ប្រាប់​ទូរទស្សន៍​ស៊ី​អ៊ិន​អ៊ិន (CNN) ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បាន​ភៀសខ្លួន​ទៅ​ទីក្រុង​ឌូ​បៃ​ដោយ​សុវត្ថិភាព​។​

​ប្រភព​បាន​និយាយថា លោកស្រី​យី​ង​ឡាក់​បាន​ចាក​ចេញពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​២៣​សីហា ពោលគឺ​ពីរ​ថ្ងៃមុន​ពេលចេញ​សាលក្រម​កាត់ទោស​ពីបទ​ឧបត្ថម្ភ​ធន​ស្រូវ ហើយ​ឥឡូវនេះ “​មាន​សុវត្ថិភាព​” នៅក្នុង​ទីក្រុង​ឌូ​បៃ​។​

​លោកស្រី​គ្រោង​នឹង​ចូលខ្លួន​ក្នុង​តុលាការ​នៅ​ថ្ងៃ​សុក្រ (២៥ សីហា​) ប៉ុន្តែ​ដីកា​ត្រូវ​បានចេញ​សម្រាប់​ការចាប់ខ្លួន​លោកស្រី បន្ទាប់ពី​គាត់​មិនបាន​បង្ហាញខ្លួន​។​

​បងប្រុស​របស់លោក​ស្រី​យី​ង​ឡាក់​គឺ​លោក​ថាក់ស៊ីន​ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ សព្វថ្ងៃ​កំពុង​រស់នៅ​ទីក្រុង​ឌូ​បៃ​និង​ទីក្រុង​ឡុង​ដ៍​ក្នុងការ​និរទេស​ខ្លួន ដើម្បី​ចៀសវាង​ការចោទប្រកាន់​ពីបទ​ពុករលួយ​។​

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​ឈ្មោះ ស្រី​វ៉ា​រ៉ា រង្ស៊ី​ប្រា​ម៉ា​គុល បាន​ប្រាប់​ស៊ី​អ៊ិន​អ៊ិន​ថា មិនមាន​កំណត់ត្រា​ផ្លូវការ​របស់លោក​ស្រី​យី​ង​ឡាក់ ចាក​ចេញពី​ប្រទេស​នោះទេ ដែល​នេះ​មានន័យថា លោកស្រី​បាន​ឆ្លង​ចូល​ប្រទេសជិតខាង ដោយ​ឆ្លងកាត់​ព្រំដែន​ដីគោក​។​

​នៅពេល​សួរថា​តើ​អាចទៅរួច​ទេ​ដែល​លោកស្រី​ចាកចេញ​តាមរយៈ​ព្រំដែន​ដីគោក​ធម្មជាតិ លោក​រង្ស៊ី​ប្រា​ម៉ា​គុល បាន​ត្រឹម​និយាយថា “​នេះ​អាចទៅរួច​”​។​

​លោកស្រី​យី​ង​ឡាក់​អាច​ប្រឈមមុខ​នឹង​ការជាប់គុក​រហូតដល់ ១០ ឆ្នាំ​ពីបទ​ធ្វេសប្រហែស​ទៅលើ​គម្រោង​ទិញស្រូវ​អង្ករ​ដែល​បានធ្វើឱ្យ​ប្រទេស​ខាត​រាប់ពាន់​លាន​ដុល្លារ​។​

​តុលាការ​បានកំណត់​កាលបរិច្ឆេទ​ថ្មី​សម្រាប់​សាលក្រម​នៅ​ថ្ងៃទី ២៧ ខែកញ្ញា​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់