ប្រភេទ​កីឡា​ដែល​ត្រូវដាក់​ឲ្យ​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២

175

(​ភ្នំពេញ​): នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​ត្រៀម​រួចជាស្រេច​ហើយ​នូវ​កីឡា​ចំនួន​២៥​ប្រភេទ ដែល​ត្រូវដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​២ (2nd National Games)​។​

​ប្រភេទ​កីឡា​ទាំង​២៥​នោះ មាន​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយ​សី វាយ​កូន​បាល់ វាយ​កូនឃ្លី​លើ​តុ ចំបាប់ តេ​ក្វាន់​ដូ W.T.F (World Taekwondo Federation) របស់​កូរ៉េខាងត្បូង ហែល​ទឹក ល្បុក្កតោ កាយសម្ព័ន្ធ ប្រដាល់​សាកល ហ្សូ​រិ​ន​ជី​កាំ​ប៉ូ តេ​ក្វាន់​ដូ I.T.F (International Taekwondo Federation) របស់​កូរ៉េខាងជើង កា​រា​តេ​ដូ ប្រដាល់​គុន​ខ្មែរ យូ​ដូ ទ្រី​យ៉ា​ត្លុង សូ​ហ្វ​តិ​ន្នី​ស បេ​ស្ប​ល ប្រណាំង​កង់ សីដក់ និង គុន​ដាវ ។​

​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​បញ្ជាក់ថា អាច​នឹងមាន​ការប្រែប្រួល​ខ្លះ​។ នេះ​គ្រាន់តែ​ជាការ​កំណត់​ជំហាន​ដំបូង​ប៉ុណ្ណោះ ព្រោះ​ត្រូវយក​រឿងនេះ ទៅ​ជជែក​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ទៀតផង​។ គួរ​បញ្ជាក់ថា កាលពី​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ (1st National Games) ប្រភេទ​កីឡា​ដែល​ដាក់​ឲ្យ​ប្រកួត​មានតែ​១៥​ប៉ុណ្ណោះ តែ​លើក​ទី​២​នេះ បង្កើន​ដល់​២៥​ប្រភេទ​កីឡា​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា មានប្រសាសន៍​ដែរ​ថា ទាំង​ពិធី​បើក និង​ពិធី​បិទ នឹង​កាន់តែ​ធ្វើ​ឲ្យ​ល្អប្រសើរ​ជាង​លើក​ទី​១ កាលពី​ឆ្នាំ​២០១៦ ព្រោះ​អ្វីៗ ត្រូវតែ​ល្អ​ជាង​លើក​ទី​១ ដើម្បី​ឲ្យ​អ្វីៗ​កាន់តែ​ប្រសើរ​នៅពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣​។​

​លោក អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា មានប្រសាសន៍​ដែរ​ថា កាលបរិច្ឆេទ​នៃ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ គឺ​ធ្វើ​នៅក្នុង​ខែតុលា ដូច​កាលពី​លើក​ទី​១​ដែរ​។ សម្រាប់​លើក​ទី​២​នេះ ទាំង​គុណភាព នៃ​ការរៀប​ចំទាំង​គុណភាព​អត្ត​ព​លិ​ក មន្ត្រី​បច្ចេកទេស មន្ត្រី​រៀបចំ​ការប្រកួត ត្រូវតែ​មានគុណ​ភាពជា​ង​លើក​ទី​១​។​

​លោក​អគ្គនាយក​ក៏​ព្រមាន​ដល់​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន ដែលមាន​បញ្ហា​បក្ខពួកនិយម ធ្វើ​ឲ្យ​មន្ត្រី​ជើងចាស់​ដើរចេញ លុះ​មានការ​ប្រកួត​គ្មាន​មន្ត្រី​បច្ចេកទេស ក៏​ដើរ​ខ្ចី​ពី​សហព័ន្ធ​របស់គេ ឲ្យ​មកជួយ​ដែល​ប​ញ្ហ​បែបនេះ ធ្វើ​ឲ្យ​គុណភាព​ប្រកួត​មិនបាន​ល្អ​។ សហព័ន្ធ​ជាតិ​ដែលមាន​បញ្ហា​បែបនេះ ត្រូវតែ​កែសម្រួល​ឡើងវិញ​ជាបន្ទាន់ ប្រយ័ត្ន​ដល់ពេល​ប្រកួត​កីឡា​ជាតិ តាំង​ស្រែកថា សហព័ន្ធ​ខ្លួន​គ្មាន​មន្ត្រី​បច្ចេកទេស​។​

​លោក​បញ្ជាក់ថា ត្រូវ​លើកទឹកចិត្ត​ដល់​ចាស់ៗ និង​ខិតខំ​បណ្ដុះបណ្ដាល​ដល់​ក្មេងៗ កុំ​ធ្វើ​ការងារ​របៀប​លេងសើច​បន្តទៅទៀត​៕L ដោយ​៖ រ៉ូ​ហ្សា​