ប្រភេទ​សំណង់ផ្ទះ​បុរាណ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​សម្រាប់​អ្នកស្រុក​អង្គរ​

499
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​ដើម្បី​ថែរក្សា​និង​លើកកម្ពស់​ទេសភាព​វប្ប​ធម៌​ក្នុង​រមណីយដ្ឋាន​អង្គរ​ ​ជាពិសេស​លើក​តម្លៃ​និង​អភិរក្ស​ផ្ទះ​បុរាណ​ខ្មែរ​ អាជ្ញាធរ​ជាតិ​អប្សរា​បានដាក់​ចេញ​នូវ​គោលការណ៍​គំរូ​សាងសង់​លំនៅស្ថាន​បែប​ខ្មែរ​បុរាណ​ដល់​អ្នកស្រុក​អង្គរ​។​

ផ្ទះ​បែប​បុរាណ​ខ្មែរ​ជា​ប្រភេទ​ផ្ទះ​បាន​កសាង​ខ្ពស់​ផុតពី​ដី​ ជា​ប្រភេទ​សំណង់​ស្រាល​គ្មាន​ការជីក​គ្រឹះ​ជ្រៅ​ទៅក្នុង​ដី​។​មាន​ទម្រង់​៥​ប្រភេទ​ ដោយ​ប្រភេទ​នីមួយៗ​មាន​ភាពខុសគ្នា​ត្រង់​រចនាបថ​នៃ​ដំបូល​។​នេះ​ជាការ​ផ្សព្វផ្សាយ​ឱ្យដឹងពី​អាជ្ញាធរ​ជាតិ​អប្សរា ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា​នេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតឱ្យ​អ្នកស្រុក​អង្គរ​ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម​ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​។​ក្នុងនោះដែរ​ផ្ទះ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​សាងសង់​គឺជា​ប្រភេទ​ផ្ទះ​ដែលមាន​រចនាបថ​បែប​ខ្មែរ​មាន​ចំនួន​៥​ប្រភេទ​។​គឺ​ប្រភេទ​ផ្ទះ​ខ្មែរ​ឬ​កឹង​ប្រភេទ​ផ្ទះ​រោង​(​ផ្ទះកន្តាំង​)​។​

ប្រភេទ​ផ្ទះរោងដោល​ ប្រភេទ​ផ្ទះ​រោង​ឌឿ​ង​និង​ប្រភេទ​ផ្ទះប៉ិត​។​ចំពោះ​ប្រភេទ​ផ្ទះ​ក្រៅពីនេះ​មិនត្រូវ​បានអនុញ្ញាត​ឡើយ ​ដូចជា​ផ្ទះ​តៀម​ ផ្ទះល្វែង​មួយ​ជាន់​ឬ​ច្រើន​ជាន់ ​ឬ​សំណង់​ទាំងឡាយណា​ដែលមាន​ការជីក​គ្រឹះ​ជ្រៅ​ទៅក្នុង​ដី​និង​មាន​លក្ខណៈ​ទំនើបកម្ម​។​

​ក្នុងនោះដែរ អាជ្ញាធរ​ជាតិ​អប្សរ​ក៏បាន​គិតគូ​រដល់​ថ្នាំ​ពណ៌​ផ្ទះ ដំបូល​ត្រូវធ្វើ​អំពី​ក្បឿង​ប្រើ​ពណ៌​ដី​ដុត ឬ​ពណ៌​ស៊ីម៉ងត៍​ ហ្វ៊ី​ប្រូ​ឬ​ស័ង្កសី​ត្រូវ​ប្រើ​ពណ៌​ក្រហម​ឬ​ពណ៌​បៃតង​ ជញ្ជាំង​ឥដ្ឋ​ខាងក្រោម​អាច​លាប​ពណ៌​ស៊ីម៉ងត៍​ឬ​ពណ៌​ដីលែង​ឱ្យ​ស្រគាំ​ទៅនឹង​ពណ៌​ឈើ ​ចំណែកឯ​ជញ្ជាំង​ទ្វារ​បង្អួច​ដែល​ធ្វើ​អំពី​ឈើ​ត្រូវ​ទុក​សាច់​ឈើ​ធម្មជាតិ ឬក៏​លាប​ពណ៌​ដូច​ឈើ​ធម្មជាតិ​។​ពណ៌​ក្រៅពីនេះ​ដែលមាន​សភាព​ស្រស់​ឆើតឆាយ ត្រូវបាន​ហាមឃាត់ ពុំ​អនុញ្ញាត​ឡើយ​។​

​ប្រជាពលរដ្ឋ​ដែល​បានរស់នៅ​ក្នុង​តំបន់​១​និង​តំបន់​២​ អាច​រុះរើ​ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម​ឬ​សាង​សង់ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ ត្រូវមាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជាមុន ​ដូច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​នស​/​រកត​/០១៩៩/១៩​ចុះ​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​១៩៩៩​។ ​បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល​លេខ​០២ បប​ចុះ​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០០៤ ​ព្រមទាំង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ​៧០​សសរ​ចុះ​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០០៤៕S/Ha

​រូប​ថ​តៈ​ប្រភេទ​សំណង់ផ្ទះ​បុរាណ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​សម្រាប់​អ្នកស្រុក​អង្គរ​(​រូប​គំរូ អប្សរា​)​