ប្រមាថ​, ប្រមាទ​, ប្រភេទ​, ប្រពៃ​, ប្រណិប័តន៍​, ប្រឌិដ្ឋ​, ប្រទះ​, ប្រដូច​, ប្រញាប់​, ប្រឈម​, ប្រតិស្ឋាន​, ភូឈួយ​, ភាព​, ភូត​, ភូមិ​, ភាសិត​

172

​ប្រមាថ –​ម៉ា​ត សំ​. ( ន​. ) ការ​បៀតបៀន​គេ​, ការ​ញាំញី​គេ​, ការ​ធ្វើទុក្ខបុកម្នេញ​ឲ្យ​គេ លំបាក​; ការមើល​ងាយ​គេ ។ ប្រើ​ជា កិ​. ក៏បាន : មនុស្ស​ប្រមាថ​សត្វ គឺ​មនុស្ស​បៀតបៀន​សត្វ ។ មនុស្ស​ប្រមាថ​ចាស់ មនុស្ស​មើលងាយ​ចាស់ ។ ប្រមាថកាតទាន មើលងាយ​បៀតបៀន​គេ ឲ្យ​ខាត​លាភ​ខាត​ប្រយោជន៍ ។

ប្រមាទ –​ម៉ា​ត សំ​.; បា​. ( ន​. ) (​ប​មាទ​) ការ​ភ្លេច​ស្មារតី​, ធ្វេសស្មារតី​, សេចក្ដី​ប្រហែស​, ការ​ប្រហែសធ្វេស ។ កិ​. ភ្លេច​, ធ្វេស​, ប្រហែស ស្មារតី : ជន​ណា​ប្រមាទ​ប្រព្រឹត្ត​ឃ្លៀងឃ្លាត ចាក​ធម៌​សុចរិត ជន​នោះ​ទោះបី នៅមាន​ជីវិត តាម​ដោយ​ការណ៍​ពិត ថា​ស្លាប់​ស្រេច​ហើយ ។ (​ត្រូវ​ត្រង់​គ្នា​នឹង​ព្រះពុទ្ធ​ភាសិត​ថា : ជន​ណា​ប្រមាទ ជន​នោះ​ទុកដូចជា​បុគ្គល​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​លោក​នេះ​និង​ក្នុង​បរលោក​) ។

​ប្រភេទ –​ភេត សំ​.; បា​. ( ន​. ) (​ប​ភេទ​) បែប​, យ៉ាង​, បែបយ៉ាង​; ចំណែក​, បែបបទ​ដែល​ចែកចេញជា​ពួក​ដោយឡែក​, សេចក្ដី​ផ្សេងគ្នា : ធម៌​នេះ​មាន​ច្រើន​ប្រភេទ​; ប្រភេទ​ទី ១, ប្រភេទ​ទី ២, ។​ល​។

​ប្រពៃ ( គុ​. ឬ កិ​. វិ​. ) ល្អ​, ស្រួល​; ត្រឹមត្រូវ : ប្រពៃ​ហើយ ! ល្អ​ហើយ ! ត្រូវ​ហើយ​; ជួនកាល​ថា សាធុ ! ប្រពៃ​ហើយ ! ឬថា សាធុ ! សាធុ ! ប្រពៃៗ​ហើយ !, ប្រពៃ​ណាស់​ហើយ !; ល្អ​ប្រពៃ ល្អ​ហ្មត់ហ្មង ។​ល​។

​ប្រណិប័តន៍ សំ​. ( ន​. ) (​ប្រ​ណិ​ប​តន​) ការសម្ដែង​សេចក្ដី​គោរព​, ការ​គំនាប់​, ការ​ឱន​សំពះ ។ ប្រើ​ជា កិ​. ក៏បាន : សូម​ក្រាប​ប្រណិប័តន៍​…​។

​ប្រឌិដ្ឋ ( កិ​. ) ពាក្យ​ប្រើ​ក្លាយ​មកពី ប្រតិដ្ឋ អាន​តាម​ទម្លាប់​ថា ប្រឌិត (​មើល​ពាក្យ ប្រតិដ្ឋ​) ។ ប្រឌិត​

​ប្រទះ ( កិ​. ) ចួប​, ចួប​គ្នា​, ឃើញ​ដោយ​ឥត​ដឹង​ជាមុន​; ស្រាប់តែ​ចួប​ឬ​ស្រាប់តែ​ឃើញ : ប្រទះ​ខ្លា​, ប្រទះ​គ្រាក្រ​, ប្រទះ​គ្នា​កណ្ដាលផ្លូវ ។ មិនដែល​ប្រទះ មិនដែល​ចួប​, មិនដែល​ឃើញ ។ មិនដែល​ប្រទះ​ភ្នែក មិនដែល​បានឃើញ​សោះ ។

ប្រដូច ( កិ​. ) ប្រៀប​ឲ្យ​ដូច : កុំ​ប្រដូច​រូបខ្ញុំ​ទៅនឹង​រូបគេ ព្រោះ​ខ្ញុំ​មាន​ឋានៈ​តូច​ទាប ។ និ​. ដូច​, ប្រហែល​ដូច​, ដូចជា : ប្រដូច​ស្រមោល​- អន្ទោលតាមប្រាណ​…​។

​ប្រញាប់ –​ញ៉ាប់ ( កិ​. ឬ កិ​. វិ​. ឬ ក៏ គុ​. ) បង្ខំ​ឲ្យ​ញាប់​, ធ្វើ​ឲ្យ​ញាប់​, ឲ្យ​ឆាប់​; ដែល​ញាប់​, ឆាប់ : ប្រញាប់​ឲ្យ​ទាន់​ការ​, កុំ​ប្រញាប់​ពេក​; ដើរ​ប្រញាប់​បន្តិច​ឡើង​; ការប្រញាប់ ។

​ប្រឈម ( កិ​. ឬ កិ​. វិ​. ) ឈមមុខ​បែរ​រកគ្នា : ប្រឈមមុខគ្នា​, អង្គុយ​ប្រឈមមុខគ្នា ។

ប្រតិស្ឋាន ប្រដឹស​-​ស្ឋា​ន សំ​.; បា​. ( ន​. ) (​ប្រតិ​ឞ្ឋា​ន​; ប​តិ​ដ្ឋា​ន​) ការ​ស្ថិត​, ស្ថិតនៅ​; ការតាំង​, ការ​តាំងនៅ​, តម្កល់​; ការ​សាង​, កសាង ។ ប្រើ​ជា កិ​. ឬ គុ​. ក៏បាន ។

​ភូឈួយ ស​. ( ន​. ) មន្ត្រី​ដែលមាន​មុខងារ​ជា​អ្នកទទួលបន្ទុក ធ្វើ​កិច្ចការ​រាជការ​បន្ទាប់ពី​មន្ត្រី​ជា​អធិបតី : ភូឈួយសេនាបតី​, ភូឈួយរដ្ឋមន្ត្រី​, ភូឈួយខេត្ត ។ សម័យបុរាណ ប្រើពាក្យ​ថា ជំទប់​, លុះ​ចំណេរ​តម​ក ប្រើពាក្យ ភូឈួយ នេះ​, សម័យ​បច្ចុប្បន្ន ប្រើពាក្យ រង វិញ : អភិបាលខែត្ររង​, អភិបាលស្រុករង​…​។ សម្រាប់​គណៈរដ្ឋមន្ត្រី​ប្រើ​ជា អនុរដ្ឋលេខាធិការ ។

​ភាព ភាប សំ​. បា​. ( ន​. ) (​ភាវ​) ភាវៈ​; បែប​, បែបបទ​; លំនាំ​, លំនាំសមសា​, ឫកពា​; ទម្រង់​, សណ្ឋាន​, ទ្រង់ទ្រាយ​; ភេទ : ភាពល្អ​, ភាពអាក្រក់​, ភាពសមរម្យ​, ភាពព្រហើន​, ភាពត្រឹមត្រូវ​; ភាពធាត់​, ភាពស្គម​, ភាពបុរស​, ភាព​ស្ត្រី ។​ល​។ បែប​ភាព បែបបទ​; គម្រូ​, សំណាក ។ បុ​រិ​សភាព ភេទ​ប្រុស ។ ស្ត្រីភាព ឬ ឥត្ថីភាព ភេទ​ស្រី ។​ល​។

​ភូត សំ​. បា​. ( ន​. ) អ្វីដែល​កើតមាន​ហើយ​; ទេវតា​; សត្វលោក​; ខ្មោច​បិសាច​; បញ្ចក្ខន្ធ​; ធាតុ​ទាំង​បួន​; សេចក្ដី​ពិត ។​ល​។ : អាគម​ចង​ភូត ឬ​–​ចាប់​ភូត អាគម​ចង​ឬ​ចាប់​ខ្មោច​បិសាច ។ ពួក​ភូត ពួក​ទេវតា​, ពួក​សត្វលោក ឬ​ពួក​ខ្មោច​បិសាច ។
( កិ​. ) ពោល​ពាក្យ​មិន​ពិត​, និយាយ​កុហក ។ គុ​. ដែល​មិន​ពិត : ពាក្យ​ភូត ។ ភូតភរ ឬ ភរភូត (​ម​. ព​. ភរ​) ។

​ភូមិ ភូម សំ​. បា​. ( ន​. ) (​ភូមិ​) ផែនដី​, ទី​ដី​; តំបន់​; ផ្ទៃ​; ទី​; ជាន់​; ថ្នាក់ ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​ទី​ដែលមាន​ប្រជុំ​ផ្ទះ​លំនៅ​ក្នុង​តំបន់​នីមួយៗ : ភូមិតូច​, ភូមិធំ ។ ភូមិឋាន ទី​ភូមិ ។ ភូមិលំនៅ ផ្ទះ​លំនៅ​ក្នុងភូមិ ។ ភូមិភាគ (​ភូ​-​មិ​ភាក​) ប៉ែក​ផែនដី​, ប៉ែក​ទី​តំបន់ ។ ភូមិប្រទេស (​ភូមិ​–) ប្រទេស​ផែនដី​នីមួយៗ ។​ល​។ ប្រើ​ជា​បទ​សមាស​រៀង​ពី​ខាងចុង​នាមសព្ទ​ឯទៀត​ក៏មាន​, ដូចជា : គេហ​ភូមិ (​គេហៈ​ភូម​) ថ្នាក់​ផ្ទះ ។ ឋានន្តរ​ភូមិ (​ឋា​ន៉​ន់​-​តៈ​រ៉ៈ​ភូម​) ថ្នាក់​ងារ​ការ​, ថ្នាក់​យសស័ក្តិ ។ បច្ចេក​ភូមិ (​ប៉័​ច​-​ចេកៈ​ភូម​) ទី​ជា​ព្រះ​បច្ចេកពុទ្ធ ។ ពុទ្ធភូមិ (​ពុត​-​ធៈ​ភូម​) ទី​ជា​ព្រះពុទ្ធ ។ អរិយ​ភូមិ (​អៈ​រ៉ិ​-​យៈ​ភូម ឮ​) ថ្នាក់​របស់​អរិយបុគ្គល​, ថ្នាក់​អរិយធម៌ ។​ល​។ ភូមិ៍​

​ភាសិត បា​. ( ន​. ) សម្ដី​, ពាក្យ ។ គុ​. ដែល​គេ​ពោល​ហើយ​, ដែល​និយាយ​ហើយ ។ ប្រើ​ផ្សំ​ចូល​នឹង​នាម​នាម​ឯទៀត​ក៏បាន ដូចជា : ពុទ្ធភាសិត ពាក្យ​ព្រះពុទ្ធ​, ពាក្យ​ដែល​ព្រះពុទ្ធ ទ្រង់​ត្រាស់​សម្ដែង​ហើយ​; សុភាសិត ពាក្យពីរោះ​, ពាក្យ​ត្រឹមត្រូវ​, សម្ដី​ដែល​គេ​និយាយ​ត្រូវ​, ពាក្យ​ប្រដៅ​ល្អ​, ទុព្ភាសិត ពាក្យ​អាក្រក់​, សម្ដី​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​