ប្រមុខកីឡាជម្រើសជាតិ ៖ កីឡាថ្នាល ក្រសួងអប់រំ រ៉ាប់រង លើសេវាសុខភាព – សិក្សាការ ហូបចុក

581
ចែករម្លែក

ដោយ: រ៉ូហ្សា /
ភ្នំពេញ: លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ថ្មីៗនេះ​បានជួបប្រជុំ ជាមួយគ្រូបង្វឹកកីឡាថ្នាល មន្ត្រីសុខាភិបាល ដើម្បីគិតគូរពីកត្តាសុខភាព ដល់កីឡាករជម្រើសជាតិថ្នាល ដែលកំពុងតែប្រមូលផ្ដុំ ហ្វឹកហាត់ នៅពហុកីឡដ្ឋាន មរតកតេជោ ។

ទោះបីក្រុមមន្ត្រីសុខាភិបាល ទើបតែចុះទៅបាញ់ថ្នាំ សម្លាប់សត្វល្អិត រួមជាមួយមូសខ្លា ក៏ពិតមែន ក៏លោកនៅតែបារម្ភ ពីសុខភាពរបស់ពួកគេដដែល ។ លោកបានបន្ដថា តាមស្ដង់ដារបស់ពេទ្យ គឺមួយខែ ត្រូវចុះទៅបាញ់ថ្នាំម្ដង តែការតាមដានសុខភាព របស់ក្មេង គឺត្រូវធ្វើជាប្រចាំ។

ទិដ្ឋភាពប្រជុំជាមួយ មន្ត្រីសុខាភិបាល និង គ្រូបង្វឹក

ពួកគេនៅវ័យក្មេងៗ ដែលមានអាយុក្រោម ១៨ ឆ្នាំ​ ហើយគេត្រូវមក រស់នៅឆ្ងាយ ពីអាណាព្យាបាល ដើម្បីហ្វឹកហាត់។ ពួកគេត្រូវប្ដូរសាលា មករៀននៅបណ្ដា សាលានានា ដែលស្ថិតនៅជិត ពហុកីឡដ្ឋាន មរតកតេជោ ។ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានជួយសម្រួល លើការសិក្សា របស់ពួកគេ​ ពិសេស រាល់សេវានានា ដែលពាក់ព័ន្ធជាមួយនឹងការសិក្សា ។

សាលារាជធានីភ្នំពេញ បានជួយសម្រួល លើការធ្វើដំណើរ តាមរថយន្ដក្រុង ពីពហុកីឡដ្ឋាន មរតកតេជោ ឆ្ពោះទៅកាន់សាលារៀន របស់ពួកគេ ទាំងទៅ ទាំងមក ។ ពិសេស នាចុងសប្ដាហ៍ គេអាចជិះរថយន្ដក្រុង មកផ្ទះ ដោយមិនចាំបាច់បង់ថ្លៃ សេវាធ្វើដំណើរ ។

ប្រមុខកីឡាជម្រើស ជាតិរូបនេះ បានឱ្យដឹងដែរថា ការត្រួតពិនិត្យមើល លទ្ធផល នៃការសិក្សារបស់ពួកគេ ការប្រៀបធៀបលទ្ធផល សិក្សារបស់ពួកគេ កាលរស់នៅ ជាមួយ អាណាព្យាបាល និង លទ្ធផលសិក្សា ពេលមករស់នៅ ជម្រំប្រមូលផ្ដុំ ក៏ត្រូវតែធ្វើជាប្រចាំដែរ ។

ទិដ្ឋភាពប្រជុំជាមួយ មន្ត្រីសុខាភិបាល និង គ្រូបង្វឹក

នៅក្នុងអង្គប្រជុំនោះ មន្ត្រីសុខាភិបាល សំណូមពរឲ្យ ការស្នាក់នៅរបស់ពួកគេ មានអនាម័យល្អ អាហារ ត្រូវមានអនាម័យ និងកាឡូរី ត្រឹមត្រូវតាមស្ដង់ដារ សម្រាប់ កីឡាករ វ័យថ្នាល ។

សូមបញ្ជាក់ថា នៅពហុកីឡដ្ឋាន មរតកតេជោ មានកីឡាករ-កីឡាការិនីថ្នាល ស្នាក់នៅហូបចុក ហ្វឹកហាត់ទីនោះ ចំនួន ១៣ សហព័ន្ធជាតិ ដែលស្នាក់នៅក្នុងបន្ទប់ ចំនួន៤០ ។ ពួកគេ ជាគ្រាប់ពេជ្រ ដែលកំពុងច្នៃ សម្រាប់ឆ្នាំ ២០២៣ ពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ៕v

#