ប្រមុខគណបក្សកាន់អំណាចស្វាគមន៍​គណបក្សនយោបាយ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ប្រកួតប្រជែង​

1131
ចែករម្លែក

ដោយ : តារារិទ្ធិ / ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្សដឹកនាំប្រទេស និងជានាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៨ បានបង្ហាញ​នូវ​ការស្វាគមន៍ ចំពោះ​គណបក្សនយោបាយ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​គណបក្ស​របស់ខ្លួន ព្រមទាំង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា ការចូលរួម​របស់​គ​ណ​បក្សនយោបាយ​ទាំងនេះ គឺ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា កម្ពុជា​កំពុង​គោរព និង​អនុវត្តន៍​នូវ​ល​ទ្ធុ​ប្រជាធិបតេយ្យ ដែល​គណបក្សនយោបាយ​តូចធំ​ទាំងអស់ ក្នុងប្រទេស​​មាន​សិទ្ធិ និង​ឱកាស​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ដោយ​សេរី​។​

​តាមរយៈទំព័រហ្វេសប៊ុក សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ ក៏​ជិត​មកដល់​។ ខ្ញុំ​សូម​ស្វាគមន៍​ដល់​គណបក្សនយោបាយ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​គណបក្ស​ខ្លួន ព្រមទាំង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ប្រកួតប្រជែង​នៅ ក្នុង​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា កម្ពុជា​កំពុង​គោរព និង​អនុវត្តន៍​នូវ​លទ្ធិប្រជាធិបតេយ្យ ដែល​គណបក្សនយោបាយ​តូចធំ​ទាំងអស់ ក្នុងប្រទេស​មាន​សិទ្ធិ និង​ឱកាស​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ដោយ​សេរី​”។​

​សម្តេច​បន្តថា កាលពី​ម្សិលមិញ សម្តេច​ពិតជា​រីករាយ​ខ្លាំងណាស់ ដែល​បាន​ចូលរួម​អបអរសាទរ​ជាមួយ​កូនក្មួយ​កម្មករ​នៅក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ សម្តេច​ថា ខ្ញុំ​រីករាយ​នៅពេលដែល​បានឃើញ​កូនក្មួយ​មាន​សុខភាព​ល្អ មានការ​ងារ​ធ្វើជា​ប់លាប់ មាន​ប្រាក់ខែ​ល្អ​សមរម្យ ព្រមទាំង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ពី​ក្រុមហ៊ុន​។ ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​ក៏បាន​យកចិត្ត​ទុក ដាក់​គិតគូ​យ៉ាងខ្លាំង​ក្នុងការ​ការពារ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ថែមទៀត ដល់​ក្មួយៗ​កម្មករ​ទាំង​ក្នុងពេល​កំពុង​បម្រើ​ការងារ និង​ក្រោយពេល​ឈប់សម្រាក​ចូល​រឺ​ត្រែ​ត ដើម្បី​កូនក្មួយ​មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​។​

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណចំពោះ​ប្រជាពលរដ្ឋ សមាជិក​សមាជិកា​រគ​ណ​បក្ស​ប្រជាជនកម្ពុជា និង​កូនក្មួយ​យុវជន​ទូទាំងប្រទេស​ដែលមាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់សម្ដេចញុំ ហើយ​បន្ត​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន ដើម្បី​ឲ្យសម្ដេច​មានឱកាស​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រុងរឿង​រីកចម្រើន​សម្បូរ​សប្បាយ​»។​

​សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បញ្ជាក់ថា គិត​ត្រឹម​នៅ​ល្ងាច​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃទី​២ នៃ​ដំណើរការ​ចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​សមាជិក​រដ្ឋសភា ឆ្នាំ​២០១៨ មាន​គណបក្សនយោបាយ​ចំនួន​៣​ហើយ បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​រួចហើយ ខណៈ​គណបក្សនយោបាយ​ចំនួន​១៦​ផ្សេងទៀត បានមក​ទទួល​ពាក្យសុំ​ចុះបញ្ជី​ឈ្មោះ​៕​B