ប្រមុខមន្ទីរបញ្ចកោណ ៖ អាម៉េរិកស្តារឡើងវិញនូវ “កម្រិតប្រុងប្រយ័ត្ន” លើអ៊ីរ៉ង់

183
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ បាននិយាយកាលពីថ្ងៃពុធទី៨មករាថា សហរដ្ឋអាម៉េរិកបានស្តារឡើងវិញនូវកម្រិតប្រុងប្រយ័ត្នមួយចំនួនចំពោះអ៊ីរ៉ង់ បន្ទាប់ពីមានការវាយប្រហារដោយដ្រូនកាលពីថ្ងៃទី ៣ ខែមករាដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាសេម សូឡីម៉ានី នៅទីក្រុងបាកដាដ។

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំគិតថានៅចំណុចនេះជាមួយនឹងការវាយប្រហារដែលយើងបានធ្វើប្រឆាំងនឹងក្រុម KH (កាតាអេបហេសប៊ូឡា) នៅចុងខែធ្នូហើយបន្ទាប់មកសកម្មភាពរបស់យើងទាក់ទងនឹងសូឡីម៉ានី ខ្ញុំជឿថាយើងបានស្តារនូវកម្រិតនៃការប្រុងប្រយ័ត្នជាមួយពួកគេ”។ កាតាអេបហេសប៊ូឡាគឺជាក្រុមឧទ្ទាមប្រដាប់អាវុធអ៊ីរ៉ាក់គាំទ្រដោយអ៊ីរ៉ង់។

លោកអេស្ពើនិយាយថា “ប៉ុន្តែយើងនឹងឃើញ។ ពេលវេលានឹងប្រាប់ឱ្យដឹង”។

ការអត្ថាធិប្បាយរបស់លោកអេស្ពើធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលឆ្លងទ្វីបកាលពីថ្ងៃពុធចូលទៅក្នុងមូលដ្ឋានចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានកងទ័ពអាម៉េរិក ដើម្បីជាការឆ្លើយតបចំពោះការសម្លាប់លោកសូឡីម៉ានី។

មិនមានកងទ័ពអាម៉េរិកឬអ៊ីរ៉ាក់ណាម្នាក់ស្លាប់នៅក្នុងការវាយប្រហារនោះទេហើយរបាយការណ៍នានានិយាយថាសហរដ្ឋអាម៉េរិកបានដឹងជាមុនថា ការវាយប្រហារនឹងកើតឡើង។

មន្ទីរបញ្ចកោណក៏បាននិយាយផងដែរថា “ប្រព័ន្ធប្រកាសអាសន្ន” ផ្ទាល់របស់ខ្លួនបានរកឃើញមីស៊ីលជាមុន ដែលអនុញ្ញាតឱ្យកងទ័ពចៀសវាងការរងរបួស។

ប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ ម៉ាក មីលលី បានច្រានចោលការលើកឡើងថាអ៊ីរ៉ង់មិនមានចេតនាសម្លាប់ទាហានអាម៉េរិកជាមួយកាំជ្រួចមីស៊ីលរបស់ខ្លួន ដែលបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាអ៊ីនអាល់អាសាដនៅភាគខាងលិចអ៊ីរ៉ាក់និងមូលដ្ឋានមួយទៀតនៅអាប៊ីល ដែលដាក់កងទ័ពអាម៉េរិកនិងកងទ័ពបរទេសដទៃទៀតជាមួយកងកម្លាំងចម្រុះដឹកនាំដោយអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។

លោកមីលលីបានប្រាប់អ្នកយកព័ត៌មានថា “ផ្អែកលើអ្វីដែលខ្ញុំបានឃើញនិងអ្វីដែលខ្ញុំបានដឹង ខ្ញុំជឿថាពួកគេមានបំណងបង្កការខូចខាតរចនាសម្ព័ន្ធយានយន្តគ្រឿងបរិក្ខារនិងយន្ដហោះនិងសម្លាប់កងទ័ព។ នោះគឺជាការវាយតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំ។ ប៉ុន្តែយើងបានចាត់វិធានការការពារគ្រប់គ្រាន់ដែលមិនមានគ្រោះថ្នាក់ដល់កងទ័ពអាម៉េរិក បុគ្គលិកកងកម្លាំងចម្រុះ អ្នកម៉ៅការឬកងទ័ពអ៊ីរ៉ាក់ទេ”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ (ឆ្វេង) និង ប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ ម៉ាក មីលលី មកដល់សភាដើម្បីរៀបរាប់អំពីស្ថានភាពនៅអ៊ីរ៉ង់