ប្រមុខរដ្ឋស្តីទី​លើកលែងទោស​អ្នក​ផលិត​វីដេអូ​សញ្ជាតិ​អូស្ត្រាលី​ជាប់ចោទ​ពីបទ​ចារកម្ម​

635
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នក​ផលិត​វីដេអូ​សញ្ជាតិ​អូស្ត្រាលី គឺ​លោក James Staniforth Ricketson អាយុ​៦៨​ឆ្នាំ ដែល​ជាប់ចោទ​ពីបទ​ចារកម្ម និង​ប្រមូល​ព័ត៌មាន ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ ត្រូវបាន​ប្រមុខរដ្ឋស្តីទី ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​លើកលែងទោស នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​។

​បន្ទាប់ពី​មាន​ព្រះរាជ​លើកលែងទោស លោក​រៀល សុ​ភិន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ក៏បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​បុរស​ជនជាតិ​អូស្ត្រាលី ចេញពី​ពន្ធនាគារ​ព្រៃ​ស​។​

​លោក James Staniforth Ricketson ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ រកឃើញថា​មាន​ពិរុទ្ធ​នៃ​អំពើ​ចារកម្ម និង​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​៦​ឆ្នាំ ពីបទ​ចារកម្ម និង​ប្រមូល​ព័​ត៍​មាន​ជាអាទិ៍​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១០ ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា ៤៣៩ និង​មាត្រា ៤៤៦ នៃ​ក្រមព្រហ្មទណ្ឌ​។ ការប្រកាស​ផ្តន្ទាទោស​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​។​

​អ្នក​ផលិត​វីដេអូ​សញ្ជាតិ​អូស្ត្រាលី​រូបនេះ ត្រូវបាន​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែមិថុនា ឆ្នាំ​២០១៧ ភ្លាមៗ​បន្ទាប់ពី​លោក​បាន​បង្ហោះ​ឧបករណ៍​ថតរូប ឬ​វីដេអូ​ពីលើ​អាកាស (drone) ជុំវិញ​ព្រឹត្តិការណ៍​ជួបជុំគ្នា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៕ ល​