ប្រមុខរាជរដ្ឋាភិបាលផ្តល់អនុសាសន៍​សំខាន់ៗ ដល់សន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី ១២ នៅសៀមរាប

227
ចែករម្លែក

ដោយ:តារារិទ្ធ/សៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដល់ អង្គសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន – ចិន លើកទី ១២ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់» នៅខេត្តសៀមរាប ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំង «អំពើ ជួញដូរមនុស្ស គឺជាបញ្ហាសកល លំបាក និងស្មុគស្មាញ គឺជាបទល្មើសឆ្លងដែន ខុសច្បាប់និងជាឧក្រិដ្ឋកម្ម ដែលមានវិសាលភាពទាំងក្នុងតំបន់អាស៊ាននិង សកលលោក។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសកលនេះឱ្យបានទាន់ពេលវេលា បញ្ហាប្រទេសសមាជិកអាស៊ាន- ចិន ត្រូវមានគោលការណ៍រួមមួយឯកភាពគ្នា សហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមចែករំលែកនូវអនុសាសន៍​មួយចំនួន​ដល់អង្គសន្និសីទដូចខាងក្រោម :

១.អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិន ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការឱ្យបាន​ជិតស្និទ្ធជាមួយបញ្ហាស្ថាប័ននិងប្រទេសពាក់ព័ន្ធនឹង « អំពើជួញដូរមនុស្ស» ជាពិសេសនៅក្នុងប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតបនិង​ដោះស្រាយឱ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។

២. អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហា « អំពើ​ជួញដូរមនុស្ស » តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយប្រទេស និងស្ថាប័នពាក់ព័ន្ធដូចមានចែងក្នុងកិច្ចព្រម​ព្រៀង ឬ អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងមក ។

៣. អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិន និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបន្ត និងបង្កើន​កិច្ចសហការឱ្យបាទូលំទូលាយ បង្កលក្ខណៈងាយស្រួល និងចូលរួមផ្តល់​ធនធានសម្រាប់ប្រតិបត្តិការជាប្រព័ន្ធដើម្បីអាចឆ្លើយតបបញ្ហាបានទាន់ពេល​វេលាស្តីពី «អំពើជួញដូរមនុស្ស »ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

៤. អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិន​ត្រូវរួមគ្នាធ្វើកំណត់ត្រានិងចងក្រង​របាយការណ៍ជាមួយនឹងភស្តុតាងជាក់ស្តែងដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹង ប្រែងរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងកំពុងប៉ះពាល់​ដល់កិច្ចដំណើរការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅក្នុងតំបន់ ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អង្គសន្និសីទនឹងបន្តប្រើប្រាស់យន្តការ​អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិន​ដែលជាវេទិកាពង្រឹងកិច្ចសហប្រតិបត្តិ​​ការ​ប្រកប​ដោយឆន្ទៈរួមតែមួយក្នុងការប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស » និង​បទល្មើស​ឆ្លងដែនគ្រប់រូបភាពដើម្បីធានានូវសន្តិសុខនិងសុវត្ថិភាពឆ្លងដែន​ដល់បណ្ដាប្រជាជននៅក្នុងប្រទេសអាស៊ាន- ចិន និងនៅក្នុងតំបន់៕B/Ha