ប្រមុខ​កងទ័ពជើងទឹក​អ៊ីរ៉ង់​និយាយថា អ៊ីរ៉ង់​មាន​រូបថត​ជាច្រើន​នៃ​សកម្មភាព​ប្រចាំថ្ងៃ​របស់​នាវា​អាម៉េរិក​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​

341
ចែករម្លែក

​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​នាពេល​ថ្មីៗ​នេះ ជាមួយ​ដ្រូ​ន​និង​នាវា​ដឹក​ប្រេង​កំពុង​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​ជម្លោះ​នេះ​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ​។​

​ប្រមុខ​កងទ័ពជើងទឹក​អ៊ីរ៉ង់​បាន​និយាយថា អ៊ីរ៉ង់​បាន​សង្កេតមើល​គ្រប់​នាវា​អាម៉េរិក​ទាំងអស់​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ហើយ​មាន​បណ្ណសារ​ធំៗ​នៃ​ការ​ចល័ត​ទី​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

​ឧ​ត្ត​ម​នារី​ឯក លោក​ហូ​ស​សេន ខាន់​ហ្សា​ឌី មេបញ្ជាការ​កងទ័ពជើងទឹក​អ៊ីរ៉ង់ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​កក្កដា​ថា “​យើង​សង្កេតមើល​នាវា​សត្រូវ​ទាំងអស់​ជាពិសេស​នាវា​របស់​អាម៉េរិក ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ ពី​ប្រភពដើម​របស់​វា​រហូតដល់​ពេលដែល​ពួកវា​ចូលមកក្នុង​តំបន់​”​។

​លោក​បាន​បន្ថែមថា “​យើង​មាន​រូបភាព​ពេញលេញ​និង​ប​ណ្ណា​សារ​ធំៗ​នៃ​ចរាចរណ៍​ប្រចាំថ្ងៃ​គ្រប់​វិនាទី​របស់​កងកម្លាំង​ចម្រុះ​និង​អាម៉េរិក​” ដោយ​បកស្រាយ​ថា រូបភាព​ទាំងនោះ​ត្រូវបាន​ថត​ដោយ​ដ្រូ​ន​របស់​អ៊ីរ៉ង់​។​

​ការលើកឡើង​របស់លោក​បាន​កើតឡើង​បន្ទាប់ពី​ការ​រឹបអូស​យក​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស ដែល​អ៊ីរ៉ង់​អះអាងថា​បាន​រំលោភ​លើ​ច្បាប់​សមុទ្រ​។​

​ចក្រភព​អង់គ្លេស​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ថា​បាន​ចាប់យក​នាវា​ដឹក​ប្រេង​នេះ​នៅក្នុង​ដែនទឹក​អន្តរជាតិ​ហើយ​បានប្រកាស​បង្កើត​កងក​ម្លាំ​ង​អឺរ៉ុប​មួយ​ដើម្បី​ការពារ​នាវា​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ដែលជា​ផ្លូវទឹក​សម្រាប់​ពាណិជ្ជកម្ម​ប្រេង​។​

​នេះ​គឺជា​ការបង្ហាញ​ភាព​តានតឹង​ចុងក្រោយ​បំផុត​នៅក្នុង​តំបន់​ដែលមាន​ភាព​រសើប​មួយ​នេះ បន្ទាប់ពី​មានការ​ប្រឈមមុខគ្នា​ពេញ​មួយឆ្នាំ​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក​។​

​ភាព​តានតឹង​បាន​ឈានដល់​ចំណុចក្តៅ​គគុក​កាលពី​ខែ​មុន​បន្ទាប់ពី​អ៊ីរ៉ង់​បាញ់​ទម្លាក់​ដ្រូ​ន​ស៊ើបការណ៍​អាម៉េរិក​មួយគ្រឿង ដោយ​លោក​ត្រាំ​ប៊ិះ​តែ​នឹង​វាយ​អ៊ីរ៉ង់​ទៅហើយ តែ​បាន​លុបចោល​ផែនការ​វាយប្រហារ​នៅ​នាទីចុងក្រោយ​។ ថ្មីៗ​នេះ​លោក​ត្រាំ​បាន​និយាយថា​កងកម្លាំង​អាម៉េរិក​បាន​បំផ្លាញ​ដ្រូ​ន​របស់​អ៊ីរ៉ង់ តែ​អ៊ីរ៉ង់​ថា​ពុំបាន​បាត់បង់​ដ្រូ​ន​ណាមួយ​ឡើយ​៕ ដោយ៖ កញ្ញាដាលីស

សកម្មភាព​ប្រចាំថ្ងៃ​របស់​នាវា​អាម៉េរិក​ទាំងអស់​ត្រូវបាន​ថត​ជាប់​ដោយ​ដ្រូ​ន​របស់​អ៊ីរ៉ង់