ប្រមុខ​កងទ័ព​កម្ពុជា​ផ្តល់​អនុសាសន៍​គន្លឹះ​ដល់​យោធា​ជើង​ទឹក​

1433
ចែករម្លែក
  • 30
    Shares

​ដោយៈ​យោធិន​/ ភ្នំពេញៈ​នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​កាលពី​ថ្ងៃទី​៩ ខែមេសា​ម្សិលមិញ ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខងារ និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយ​នា​វី នាយ​នា​វី​រង​កងទ័ពជើងទឹក ប្រមុខ​កងយោធពល​ខេមរភូមិន្ទ​បានផ្តល់​អនុសាសន៍​ដល់​នាយ​នា​វី នាយ​នា​វី​រង នៃ​កងទ័ពជើងទឹក ដែល​ទើប​ទទួលបាន​ការដំឡើង​ឋានន្តរសក្តិ​និង​តែងតាំង​មុខ​តំណែង​ថ្មី​។​

នាយឧត្តមសេនីយ៍ប៉ុលសារឿន

នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល​សារឿន​អគ្គមេបញ្ជាការ​នៃ​កងយោធពល​បាន​ក្រើន​រំឭកថាៈ អស់លោក​ត្រូវ​ឈរ​ជា​មជ្ឈ​មណ្ឌល​សាមគ្គី​ឯកភាព​ផ្ទៃក្នុង និង​ផ្តល់​បទពិសោធន៍​ដល់​នាយទាហាន​បន្តវេន ក្នុងការ​ដឹកនាំ​អង្គភាព​ឱ្យ​កាន់តែ​រីកចម្រើន​។ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ​បន្ថែមទៀត និង​រួមគ្នា​ការពារ​សន្តិភាព និង​ការពារ​សមិទ្ធផល​នានា​របស់​ជាតិ ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​ជានិច្ច​និរន្តរ៍​។​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​មគ្គ​ទេ្ទ​សក៍​ជាតិ ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​ឱ្យមាន​សន្តិភាព​ពេញបរិបូរណ៍ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ថ្មីៗ​កន្លងមកនេះ តាមរយៈ​វិធានការ​ច្បាប់ កម្ពុជា​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យ​នូវ​ឧបាយកល​បដិវត្តន៍​ព​ណ៌ ដែលមាន​ច​រិ​ក​បំផ្លាញ​ជាតិ​។

​លោក​បញ្ជាក់ទៀតថា​នេះ​គឺជា​សច្ចភាព​ប្រវត្តិសាស្ត្រ​និង​ជា​មោទនភាព​ជាតិ​ខ្ពស់ ដែល​ខ្មែរ​គ្រប់រូប​ត្រូវ​ចងចាំ​ជានិច្ច​ថា សម្តេច​តេ​ជោ​គឺជា​ស្ថាបនិក​នៃ​សន្តិភាព ការពារ​សន្តិភាព ជា​វីរបុរស​រដ្ឋ​ដែល​ស្នេហា​ជាតិ​និង​ប្រជាជន​យ៉ាង​មោះមុត​បំផុត និង​ជា​អ្នកធានា​ការពារ​អធិបតេយ្យ ជាតិ បូរណភាព​ទឹកដី​យ៉ាងរឹងមាំ ដែល​កាន់តែ​ផ្តល់​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​រស់នៅ​ក្នុងសង្គម​ដែលមាន​ភាពសុខដុមរមនា​។ ក្នុងន័យនេះ អាទិភាព​ចម្បង​បំផុត​​សម្រាប់​យើង​ជា​កងទ័ព ត្រូវខិតខំ​យកចិត្តទុកដាក់​ខ្ពស់បំផុត ក្នុង​កិច្ចការពារ​ឱ្យបាន​រឹងមាំ​នូវ​សន្តិភាព ដើម្បី​ផ្តល់ឱកាស​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ថែមទៀត​។​
​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល​សារឿន​បាន​ជូនពរជ័យ​សិរី​មង្គល បវរ​មហាប្រសើរ​ជូន មេបញ្ជាការ មេបញ្ជាការរង នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក​ទាំង​អស់នៃ​កងទ័ពជើងទឹក សូម​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​៕​មន

#