ប្រមុខ​ការទូត​កម្ពុជា​នឹង​ទៅ​ប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ពីថ្ងៃ​ទី​២៤-២៦​កុម្ភៈ

331
ចែករម្លែក
  • 113
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​លើក​ទី​៤០​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ សហប្រជាជាតិ (High Level Segment of the 40th Session of the Human Rights Council)​។ ពីថ្ងៃ​ទី​២៤​ដល់​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​ឆ្នាំ​២០១៩ នេះ​។​

មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បន្តថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ដោយ​ផ្តោតជាសំខាន់​ទៅលើ​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម​ដែល​កម្ពុជា​សម្រេចបាន​។​ក៏ដូចជា​វិធានការ​ដើម្បី​ពង្រឹង​លំហ​នយោបាយ​និង​សង្គម​ស៊ីវិល​លើកកម្ពស់​សិទ្ធិ​ការងារ​និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​។​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ហ្សឺ​ណែវ​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន​រំពឹងថា​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​និង​ប្រធាន​គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួន​ផងដែរ​។​

តាម​ទម្លាប់​កិច្ចប្រជុំ​ជាន់ខ្ពស់​នេះ​តែងមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ ដើម្បី​បង្ហាញជូន​ដល់​សហគមន៍​អន្តរជាតិ នូវ​សមិទ្ធផល​សេដ្ឋកិច្ច​-​សង្គម ស្ថាន​ការ​នយោបាយ សិទ្ធិមនុស្ស និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ ដែល​ប្រទេស​នីមួយៗ​សម្រេចបាន ៕S/