ប្រមុខ​ការទូត​កម្ពុជា​ធ្វើ​បទ​អន្តរាគមន៍​នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់ នៃ​សម័យប្រជុំ​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​

341
ចែករម្លែក
  • 22
    Shares

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ថ្លែងថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា កំពុង​ស្ថិតនៅលើ​ផ្លូវបំបែក​នៃ​ទស្សនៈ​ពីរ​ផ្ទុយគ្នា​ស្រឡះ​ដែល គួរ​ឲ្យ​សោកស្តាយ​។ មតិ​ជាច្រើន​ចាត់ទុក​ប្រទេស​កម្ពុជា​ថា​ជា “​រឿង​ជោគជ័យ​” នៃ​ប្រទេសមួយ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង ដុត​កំទេច​រាប​ដល់​ដី​ដោយ​ភ្លើងសង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ ហើយ​បាន​ងើបឡើង​ពី​កំទេច​ផេះផង់ បាន​ផ្សះផ្សា​ក្នុងចំណោម​ប្រជាជន​របស់ខ្លួន និង​សម្រេចបាន​នូវ​ការវិវត្ត​ប្រែប្រួល​នៃ​សេដ្ឋកិច្ចសង្គម​ដ៏​ធំធេង​។ ជា​អកុសល មតិ​ខ្លះ​បែរជា​ចង់​ឃើញតែ​ចំណុច​ខ្វះខាត​របស់​ប្រទេស​ខ្ញុំ​លើ​តម្លៃ នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​ពួកគេ​ទាមទារ​ឲ្យ​មាន​លក្ខណៈ​ល្អឥតខ្ចោះ ជា​ប្រជាធិបតេយ្យ​គម្រូ​មួយ​ដែល​សូម្បីតែ​ប្រទេស​របស់​អ្នក​រិះគន់​យើងខ្ញុំ​ក៏​មិនអាច​សម្រេចបាន​ផង​។​

​ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់ នៃ​សម័យប្រជុំ​លើក​ទី ៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បន្តថា សព្វថ្ងៃនេះ ប្រទេស​កម្ពុជា​ទទួលបាន​ឋានៈ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប គឺ​ភាគច្រើន​ដោយសារតែ​សន្តិភាព និង​នយោបាយ “​ឈ្នះ​-​ឈ្នះ​” ដើម្បី​ការផ្សះផ្សា​ជាតិ​របស់​នាយករដ្ឋមន្ត្រី​យើងខ្ញុំ ប្រាំ​ឆ្នាំក្រោយ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អ​.​ស​.​ប​. នៅ​កម្ពុជា បាន​ចាកចេញ​។ ក្នុង​រយៈពេល​នៃ​ការស្តារ​ប្រទេសជាតិ​ឡើងវិញ​ប៉ុន្មាន​ឆ្នាំ​មកនេះ គ្រប់​សិទ្ធិ​ទាំងអស់​ដែលមាន​ចែង​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​ឆ្នាំ​១៩៤៨ រួមមាន សិទ្ធិ​ទទួលបាន​អាហារ ការថែរក្សា​សុខភាព ការអប់រំ វប្បធម៌ លំនៅដ្ឋាន និង​ការងារ គឺ​តែងតែ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ជា​អាទិភាព​ជានិច្ច​ពី​សំណាក់​រាជរាជ​រដ្ឋាភិបាល​។ វឌ្ឍនភាព​សំខាន់ៗ​ទាំងនេះ អាច​ត្រូវបាន​បញ្ជាក់​សក្ខីកម្ម​តាមរយៈ​គ្រប់​អង្គការ​អន្តរជាតិ​ទាំងអស់ ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​របស់​យើង​។ សេដ្ឋកិច្ច​របស់​យើង​បាន​កើនឡើង​ក្នុង​អត្រា​លើស ៧% នៅក្នុង​រយៈពេល​ជាង ២​ទស្សវត្សរ៍ ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស​ទី ៦​នៅលើ​លោក​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​ជាងគេ​។ អត្រា​នៃ​ភាពក្រីក្រ​របស់​យើង​ត្រូវបាន​កាត់បន្ថយ​យ៉ាងគំហុក​មក​នៅក្រោម ១០% ខណៈពេលដែល​អត្រា​នៃ​ការទទួលបាន​ការអប់រំ​ថ្នាក់បឋមសិក្សា​របស់​យើង​បាន​ឈាន​រហូតដល់ ៩៨%​។ អាយុ​សង្ឃឹម​រស់​ជា​មធ្យម​របស់​យើង​បាន​កើនឡើង​ពី ៥៤​ឆ្នាំ នៅ​ឆ្នាំ​១៩៩៣ ឡើងដល់ ៦៩​ឆ្នាំ នៅ​ឆ្នាំ​២០១៦​។ ចំពោះ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍ កម្ពុជា​បានសម្រេច​គោលដៅ​ស្ទើរតែ​ទាំងអស់​មុន​កាលកំណត់​។ ពី​ប្រទេស​ទទួលយក​កង​រក្សា​សន្តិភាព​អ​.​ស​.​ប​. កម្ពុជា​បានប្រែក្លាយ​ទៅជា​ប្រទេស​បញ្ជូន​កងកម្លាំង​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អ​.​ស​.​ប​. ដោយបាន​បញ្ជូន​កងក​ម្លាំ​ង​ប្រមាណ​ជា ៦០០០​នាក់ ចាប់តាំងពី​ឆ្នាំ​២០០៦ ទៅកាន់​ប្រទេស​ចំនួន​៨ នៅ​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​។​

​ប្រមុខ​ការទូត​កម្ពុជា បាន​លើកឡើងថា ជា​អកុសល សមិទ្ធផល​ទាំងនេះ ក៏ដូចជា​សមិទ្ធផល​ដ​ទៃទៀត កម្រ​នឹង​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​របាយការណ៍​នានា ដែល​ត្រូវបាន​ដាក់ជូន​ក្រុមប្រឹក្សា​នេះ ហើយ​ជា​លទ្ធផល រាជរដ្ឋាភិបាល​របស់​យើង នៅ​បន្ត​ទទួល​ដោយ​អយុត្តិធម៌​បំផុត​នូវ​ការរិះគន់​ដែល​ផ្អែកលើ​មូលដ្ឋាន​ព័ត៌មាន​លម្អៀង និង​មិន​ពេញលេញ​។ ព័ត៌មាន​របស់​ពួកគេ ត្រូវបាន​យកចេញ​ពី​ប្រភព​តែមួយ​គឺ គណបក្សប្រឆាំង និង​អង្គការ NGOs បរទេស និង​ក្នុងស្រុក​មួយចំនួន ដែល​ដើរ​តាមរបៀប​វារៈ​នយោបាយ​របស់​ពួកគេ​។ បើ​និយាយ​ពី​ភាពលម្អៀង វា​គួរតែ​ត្រូវបាន​កត់សម្គាល់ថា របាយការណ៍​ទាំងនោះ​ដែល​បាន​រិះគន់​យ៉ាងខ្លាំង​មកលើ​រាជរដ្ឋាភិបាល គឺ​កម្រ​នឹង​លើកឡើង​អំពី​ការអនុវត្ត​របស់​គណ​បក្សប្រឆាំង នៅពេលដែល​ទង្វើ​របស់​គណបក្សប្រឆាំង​មាន​ចេតនា និង​គោលបំណង បំពាន​ដោយ​គឃ្លើន​លើ​គុណ​តម្លៃ​នៃ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស តួយ៉ាង​ដូចជា ការ​បរិហាកេរ្តិ៍ និង​ការ​មួលបង្កាច់​មកលើ​ថ្នាក់ដឹកនាំ​របស់​យើង ការអំពាវនាវ​ជា​ប្រព័ន្ធ​ឱ្យមាន​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ និង​ការប្រកាន់​ពូជសាសន៍ ការរៀបចំ​ឯកសារ​ក្លែងក្លាយ ការ​អុចអាល​ដែល​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ការ​បង្ខូច​ធម្មានុរូប​ភាព​នៃ​ស្ថាប័ន​ជាតិ និង​ការបន្ត​អំពាវនាវ​ឱ្យមាន​ការ​ងើប​បះបោរ​ពី​កងកម្លាំងប្រដាប់អាវុធ បង្ក​ជាប្រចាំ​នូវ​បរិយាកាស​មួយ ដែល​អាចបង្កើត​ឲ្យ​មាន​សង្គ្រាមស៊ីវិល​។ ការបំពានច្បាប់​យ៉ាងធ្ងន់ធ្ងរ ដែល​កើតមាន​ដូចគ្នា​នៅ​បស្ចិមប្រទេស​មួយចំនួន គឺ​មិនត្រូវ​បានលើកឡើង​ទាល់តែសោះ​។ ឧទាហរណ៍​ជាក់ស្តែង ដូចជា​ការបំពាន​ចំពោះ​ការហាម​ប្រាម​មិនឱ្យ​មានការ​ផ្តល់​ហិរញ្ញវត្ថុ ពី​បរទេស​ដល់​គណបក្សនយោបាយ ការបំពានច្បាប់​ស្តីពី​សមាគម ការបដិសេធ​មិន​អនុវត្តតាម​បទបញ្ញត្តិ​របស់​ប្រទេស​ដែល​បទបញ្ញត្តិ​នោះ​ត្រូវបាន​រៀបចំ​ដោយមាន​ការជួយ​គាំទ្រ​ពី​បស្ចិមប្រទេស​។ ជានិច្ចកាល របាយការណ៍​ទាំងនេះ​តែងតែ​លើកឡើងថា សេចក្តីសម្រេច​របស់​តុលាការ​របស់​យើង​គឺ “​មាន​ចរិត​នយោបាយ​” ក្នុងពេលដែល​ការ​កាត់សេចក្តី​ចំពោះ​ហេតុការណ៍​ដូចគ្នា ក្នុង​កាលៈទេសៈ​ដូចគ្នា ដោយ​តុលាការ​ប្រទេស​លោកខាងលិច នាំមក​នូវ​សេចក្តីសម្រេច​ដូចគ្នា​។

​លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​យោបល់ មានការ​បកស្រាយ​ខុស​នៅ​បរទេស​អំពី​កម្ពុជា​៖ ការពិត​គឺ​យើង​មាន​កាសែត​ប្រឆាំង​ជាច្រើន​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។ សៀវភៅ​ដែល​រិះគន់​ដល់​ថ្នាក់ដឹកនាំ​របស់​ប្រទេស ត្រូវបាន​ដាក់លក់​ដោយ​សេរី​នៅតាម​បណ្ណាគារ​។ ស្ថានីយ៍​វិទ្យុ​មួយចំនួន​ដែល​ខ្លះ​ផ្សាយ​ចេញពី​បរទេស បាន​ចាក់ផ្សាយ​ព័ត៌មាន​ដែល​មានការ​លំអៀង​ជា​រៀងរាល់ថ្ងៃ​។ ការប្រើប្រាស់​បណ្តាញ​សង្គម​គឺមាន​សេរីភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​។ ការអនុវត្ត​ស្មើគ្នា​លើ​កាតព្វកិច្ច​បង់ពន្ធ និង​ការគោរព​ចំពោះ​ក្រមសីលធម៌ គឺជា​កាតព្វកិច្ច​ផ្លូវច្បាប់ ដែល​ពុំមែន​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​ក៏មាន​នៅ​បណ្តា​បស្ចិមប្រទេស​ផងដែរ​។ ការរិះគន់​បែបនេះ​ពី​បស្ចិមប្រទេស គឺ​មិនចេះចប់​ទេ​។ តួយ៉ាង​គឺ​ក្រោមលេស​នៃ​សិទ្ធិសេរីភាព​បញ្ចេញមតិ មាន​អ្នកខ្លះ​បាន​រិះគន់​យើង ពី​ការការពារ​ភាព​មិនអាច​បំពាន​បាន​នៃ​អង្គ​ព្រះមហាក្សត្រ​របស់​យើង​ទៀតផង​។

​នៅពេលដែល​មេដឹកនាំ​គណបក្សប្រឆាំង​ប្រកាស​ជា​សាធារណៈ​ថា គាត់​និង​គណបក្ស​របស់គាត់​បា​ន​ទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ប​ចេ្ច​ក​ទេស​ពី​អំណាច​បរទេស ដើម្បី​ផ្តួលរំលំ​តាមរយៈ​មធ្យោបាយ​ខុសច្បាប់ នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាត់វិធានការ​ចាំបាច់ ដើម្បី​ការពារ​ស្ថាប័ន សន្តិភាព និង​ស្ថិរភាព​របស់​ប្រទេស​យើង​នោះទេ​។
​គណៈប្រតិភូ​អូស្ត្រាលី បានលើកឡើង​ក្នុងសម័យ​ប្រជុំ​នេះ​កាលពី​ឆ្នាំមុន​ថា “​នីតិរដ្ឋ​គឺជា​មូលដ្ឋានគ្រឹះ​ដើម្បី​ធានាថា គ្រប់គ្នា​គឺ​ស្មើគ្នា​ចំពោះមុខ​ប្រព័ន្ធយុត្តិធម៌​របស់​យើង​”​។ នេះ​គឺជា​គោលការណ៍​ដូចគ្នា ដែល​យើង​បាននិងកំពុង​អនុវត្ត​នៅ​ស្រុក​យើង​។

​អ្វីដែល​រំខាន​យើង​នោះ​គឺថា ទោះបី​ជាមាន​ភស្តុតាង​ច្បាស់លាស់​យ៉ាងណាក៏ដោយ ក៏មាន​រដ្ឋាភិបាល​បស្ចិម​ប្រទេស​មួយចំនួន បាន​តវ៉ា​ដេញដោល​លើ​អង្គហេតុ ដែល​យើង​យកមក​បញ្ជាក់​អំពី​ការសម្រេចចិត្ត​នេះ​។ តាមរយៈ​ការធ្វើ​ដូច្នេះ គឺ​ពួកគេ​មាន​ចេតនា​រំលោភ​លើ​អធិបតេយ្យភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​យើង ដែល​នេះ​ជា​អាកប្បកិរិយា​ដែល​យើង​ពិតជា​មិនអាច​ទទួលយកបាន​ទាល់តែសោះ​។

​បច្ចុប្បន្ននេះ បន្ទាប់ពី​ចាត់វិធានការ​ការពារ​ទាំងនេះ យើង​បាន​ខិតខំ​ធ្វើការ​ចរចា​ជាមួយ​អ្នក​ទាំងឡាយណា​ដែល​គាំទ្រ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព ដើម្បី​ស្វែងរក​មធ្យោបាយ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​អាច​ដំណើរការ​ទៅបាន ជាមួយ​ស្ថិរភាព​នយោបាយ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពហុបក្ស និង​សន្តិភាព​សាធារណៈ ដើរ​ស្របគ្នា​បាន​។ ក្នុង​ស្មារតី​នេះ យើង​បាន​ចាត់វិធានការ​តាម​បញ្ញា​ត្តិ​ច្បាប់ ដើម្បី​អនុញ្ញាត​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ទាំង ១១៨​រូប ធ្វើ​សមាហរណកម្ម​ពេញលេញ ទៅក្នុង​ជីវិត​នយោបាយ​ឡើងវិញ​។ រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល ហើយ​កាលពី​ថ្ងៃទី​២៩ ខែមករា កន្លងទៅ រូបខ្ញុំ​ផ្ទាល់​ក៏បាន​ផ្តួចផ្តើម​កិច្ចសន្ទនា​មួយ ដែល​នឹង​ក្លាយជា​ការសន្ទនា​ជា​ទៀងទាត់​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​បរទេស​ផងដែរ​។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា កាលពី​ប៉ុន្មាន​ខែ​មុន យើង​បាន​បន្ត​អាណត្តិ ២ ឆ្នាំ​ទៀត ដល់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អ​.​ស​.​ប នៅ​ទីក្រុង​ភ្នំពេញ ហើយ​កម្ពុជា​គឺជា​ប្រទេស​តែមួយគត់​នៅក្នុង​ទ្វីបអាស៊ី​ដែលមាន​យន្តការ​បែបនេះ​។ យើង​ក៏បាន​បន្ត​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​និង​អនុសាសន៍​ពី​សំណាក់​អ្នករាយការណ៍​ពិសេស​។ កាលពី​ខែ​មុន គណៈប្រតិភូ​កម្ពុជា បាន​ចូលរួម​ក្នុង​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ ហើយ​បាន​យក​ឱកាស​នោះ បង្ហាញជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នូវ​វិធានការ​ជាក់ស្តែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស​។ ខ្ញុំ​សូម​សំដែង​នូវ​អំណរគុណ​សាជាថ្មី​របស់​គណៈប្រតិភូ​យើង​ចំពោះ​ប្រទេស​ទាំងអស់​ដែល​បានផ្តល់​ឲ្យ​យើង​ដោយ​ស្មោះត្រង់​នូវ​មតិយោបល់ និង​អនុសាសន៍ ។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​សាជាថ្មី​នូវ​ការអះអាង​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​លោកស្រី មី​សែ​ល បា​ឆេ​ឡេ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អ​.​ស​.​ប​. កាលពីពេល​ថ្មីៗ​នេះ​ថា កម្ពុជា​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ហើយក៏​ប្តេជ្ញា​ការពារ​សន្តិភាព​ដែល​បានមក​ដោយ​លំបាក​នេះ ជា​សន្តិភាព​ដែលមាន​តម្លៃ​ធំធេង​បំផុត​ចំពោះ​ប្រជាជន​ដែល​បាន​ឆ្លងកាត់​អតីតកាល​ដ៏​ខ្លោចផ្សា ដូចដែល​អ្នក​ទាំងអស់​គ្នា​បានដឹង​លឺ​យ៉ាង​ច្បាស់លាស់​៕ ល​