ប្រមុខ​ការទូត​កម្ពុជា​ឆ្លើយតប​ទៅ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ដែល​ផ្ញើ​សារ​ជូនពរ​ទិវា​ឯករាជ្យ​ជាតិ​

406
ចែករម្លែក
ប្រមុខ​ការទូត​កម្ពុជា​ឆ្លើយតប​ទៅ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ដែល​ផ្ញើ​សារ​ជូនពរ​ទិវា​ឯករាជ្យ​ជាតិ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ឆ្លើយតប​ទៅ​លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក ដែល​បាន​ផ្ញើ​សារ​ជូន​ចំពោះ​ប្រជាជន​កម្ពុជា ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ទី​៦៦ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា ថ្ងៃទី​៩ វិច្ឆិកា ។ ប្រមុខ​ការទូត​កម្ពុជា​បានផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​មិត្តភាព​របស់​សហរដ្ឋ​អាម៉េរិក ហើយ​សារ​នេះ បាន​ពង្រឹង​ក្តីសង្ឃឹម​របស់​យើង​កាន់តែ​ខ្លាំងក្លា​ថែមទៀត ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ខ្លឹមសារ និង​កាន់តែ​ស៊ីជម្រៅ​រវាង​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ជាមួយនឹង​ការគោរព​ឯករាជ្យភាព និង​អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក​។​

​សារ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឆ្លើយតប​សារ​អបអរសាទរ​របស់លោក ម៉ៃ​ឃើ​ល ប៉ុ​ម​ភី​អូ ក្នុងឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅៈ “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ចំពោះ​សារ​ជូនពរ​ដ៏​កក់ក្តៅ​របស់ ឯកឧត្តម ម៉ៃ​ឃើ​ល ប៉ុ​ម​ភី​អូ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក ផ្ញើជូន​ចំពោះ​ប្រជាជន​កម្ពុជា ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ទី​៦៦ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា​។ ដូច​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ដែរ ទិវា​ឯករាជ្យ​ជាតិ​គឺជា​ទិវា​ដ៏​វិសេសវិសាល និង​មាន​សារសំខាន់​បំផុត​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​។ ខណៈពេលដែល​កម្ពុជា​ប្រារព្ធ​ពិធី​ដ៏​មាន​អត្ថន័យ​ចងចាំ​មួយ​នេះ​ប្រកបដោយ​ភាព​ក្លៀវក្លា យើង​បាន​យក​ពេលវេលា​នេះ​ដើម្បី​រីករាយ​សាទរ​ជាមួយនឹង​ការរីកចម្រើន និង​វឌ្ឍនភាព​សង្គម​ដែល​ប្រជាជាតិ​យើង​សម្រេចបាន​ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាជន​យើង​។ យើង​ជឿជាក់ថា ចំណង​សាមគ្គី​សង្គម​ដ៏​ស្អិតរ​មួ​ត និង​ការជឿទុកចិត្ត មាន​សារសំខាន់​យ៉ាងខ្លាំង​សម្រាប់​ប្រទេសជាតិ​មួយ ហើយ​យើង​ក៏​ជឿជាក់​ផងដែរ​ថា មិត្តភាព និង​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ដែល​បាន​ជួយ​យើង​ក្នុង​កាលៈទេសៈ​លំបាក ក៏មាន​សារសំខាន់​ដូចគ្នា​។ កម្ពុជា​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​មិត្តភាព​របស់​សហរដ្ឋ​អាម៉េរិក ហើយ​សារ​របស់​ឯកឧត្តម ប៉ុ​ម​ភី​អូ បាន​ពង្រឹង​ក្តីសង្ឃឹម​របស់​យើង​កាន់តែ​ខ្លាំងក្លា​ថែមទៀត ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ខ្លឹមសារ និង​កាន់តែ​ស៊ីជម្រៅ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ជាមួយនឹង​ការគោរព​ឯករាជ្យភាព និង​អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក​”​។
​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បន្តថា តាងនាម​ឱ្យ​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា លោក​សូម​តប​ឆ្លើយ​ជាមួយនឹង​ការ​ជូនពរ​សព្វ​សាធុការ​ដ៏​កក់ក្តៅ និង​ស្មោះស្ម័គ្រ ជូន​ចំពោះ​លោក ប៉ុ​ម​ភី​អូ និង​ប្រជាជន​អាមេរិក​ទាំងអស់ សូម​បាន​ប្រកប​តែ​នឹង​សន្តិភាព និង​សុភមង្គល​៕​សរន​