ប្រមុខ​ការពារជាតិ​ហ្វីលីពីន​និយាយថា​ជម្លោះ​សមុទ្រ​ចិន​នៅតែ​ជា​បញ្ហា​ប្រឈម​

1106
ចែករម្លែក

ប្រមុខ​ការពារជាតិ​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៦​ខែមីនា​ថា ជម្លោះ​ដែនដី​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​សមុទ្រ​ចិន​ខាង​​ត្បូង​នោះ គឺ​នៅតែ​ជា​បញ្ហា​ប្រឈម​សន្តិសុខ ទោះបី​ជាមាន​ភាពប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ក៏ដោយ ។

​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក ឌែ​ល​ហ្វី​ន ឡូ​រ៉េ​ន​ហ្សា​ណា (Delfin Lorenzana) បាន​និយាយ​ដូចនេះ នៅ​អំឡុងពេល​លោក ​បាន​ទទួលយក​យន្តហោះ​ស៊ើបការណ៍​តាម​សមុទ្រ​ចំនួន​៣​គ្រឿង​ពី​ពី​ប្រទេស​ជប៉ុន​។​

​លោក ឌែ​ល​ហ្វី​ន ឡូ​រ៉េ​ន​ហ្សា​ណា បាន​និយាយ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ម៉ានីល​ថា យន្តហោះ​ស៊ើបការណ៍​TC90 ចំនួន​៣​គ្រឿង​ដែល​ប្រើប្រាស់​រួចហើយ ដែល​ត្រូវបាន​ផ្តល់ឱ្យ​ដោយ​ជប៉ុន​នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​ក្នុងការ​​ប្រមូល​ព័ត៌មាន​សម្ងាត់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​នេះ ។​

​លោក បាន​និយាយថា ” យើង​ត្រូវតែ​ទទួលស្គាល់ថា​នៅមាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សម្ភារៈ​និង​ឧបករណ៍​​ផ្នែក​យោធា​របស់​កងទ័ព​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដែនសមុទ្រ​ជា​បន្តបន្ទាប់ ជាមួយ​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​។​

​ចិន​អះអាង​សិទ្ធិ​កាន់​ស្ទើរតែ​ទាំងស្រុង​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ផ្លូវទឹក​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ ។​ប្រទេស​ព្រុយ​ណេ ម៉ាឡេស៊ី​ ហ្វីលីពីន កោះ​តៃវ៉ាន់​និង វៀតណាម​ក៏មាន​ជម្លោះ​ដោយ​ទាមទារ​ទឹកដី ជា​យុទ្ធសាស្ត្រ​នេះ​ផងដែរ​។

​​ភាព​តានតឹង​រវាង​ហ្វីលីពីន​និង​ចិន​អំពី​សមុទ្រ​មាន​ជម្លោះ​នេះ​បាន​ថយចុះ​ចាប់តាំងពី​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ ​បាន​ឡើងកាន់​អំណាច​កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​និង​បានធ្វើឱ្យ​ទំនាក់ទំនង ប្រសើរឡើង​ជាមួយ​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​តាមរយៈ​ការ​​ធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​របស់​ចិន​៕ដោយ៖សុខា/sn

លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ និង លោក ឌែ​ល​ហ្វី​ន ឡូ​រ៉េ​ន​ហ្សា​ណា(ស្តាំ) ស្ថិតនៅ​កិច្ចប្រជុំ​អំពី​ការប្រឆាំង​គ្រឿង​​ញៀន នៅ​វិមាន​រដ្ឋ នៅ​ទីក្រុង​ម៉ានីល កាលពី​ឆ្នាំមុន​