ប្រមុខ​ការ​ទូ​តៈ ទំនាក់ទំនង​កម្ពុជា​-​វៀតណាម រឹងមាំ​មិនអាច​បំបែកបំបាក់​បាន​

310
ចែករម្លែក
លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិ​ញ​មិញ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​: កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​។​ព្រឹត្តិការណ៍​នេះ​ប្រារព្ធ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងការបរទេស ដឹកនាំ​ដោយ​សហប្រធាន​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិ​ញ​មិញ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​


​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​ត្រូវបាន​រៀបចំ​ឡើងជា​ទៀងទាត់​ក្នុង​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ និង​រិះរក​វិធី និង​មធ្យោបាយ​នានា ដើម្បី​ពង្រីក​ថែមទៀត​នូវ​វិសាលភាព និង​ប្រសិទ្ធិភាព​នៃ​ទំនាក់ ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ នៅក្នុង វិស័យ​នានា​។


​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៧ រួមចំណែក​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា វៀតណាម អោយ​កាន់តែ​ស៊ីជម្រៅ និង​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​បំណង​របស់​រដ្ឋាភិបាល និង​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។ ទំនាក់​ទំ​ង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​បាន​បន្ត​រីកចំរើន​ទៅមុខ​ប្រកបដោយ​ភាពស្វាហាប់ រឹងមាំ និង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ដូច​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​គ្រប់​កម្រិត នៃ​ប្រទេស​ទាំងពីរ​។


​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា ជាការ​កត់សម្គាល់ ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំ​កន្លងទៅ និង​ថ្មីៗ​នេះ បាន​បង្កើន​ទំនុកចិត្ត ការយោគយល់​រវាង​គ្នា និង​ការគាំទ្រ​គ្នា​កាន់តែ​ខ្លាំងក្លា​ថែមទៀត ទាំង​កម្រិត​ទ្វេភាគី ទាំង​នៅ​គ្រប់​វេទិកា​តំបន់ និង​អន្តរជាតិ​ដែល​មូលដ្ឋានគ្រឹះ​រឹងមាំ​ក្នុងការ​ថែរក្សា​ពូន​ជ្រុំ​និង​លើកកម្ពស់​ទំនាក់ទំនង​ដែល​មិនអាច​បំបែកបំបាក់​បាន​វាង​ប្រទេស​ទាំងពីរ​។ កម្ពុជា វៀតណាម បាន​បន្ត​ជម្រុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដោយនៅ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម បាន​កើន​ដល់ ៤,៧​ពាន់​លាន​ដុល្លារ ។ ប្រាំ​មួយខែ​ដើមឆ្នាំ​២០១៩​នេះ បានសម្រេច​ជិត បី​ពាន់​លាន​ដុល្លារ​។​
​ប្រមុខ​ការទូត​កម្ពុជា​សង្ឃឹម​ជឿជាក់ថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៧ នេះ នឹង​ទទួលបាន​លទ្ធផល​ត្រចះត្រចង់ រួមចំណែក​កាន់តែ​ប្រសើរឡើង និង​ខ្លាំងក្លា​ថែមទៀត​ក្នុង​ការបន្ត​ពង្រឹងពង្រីក​និង​ការធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​ទំនាក់ទំនង​នៃ​ភាពជា​អ្នកជិតខាង​ល្អ​មិត្ត​ភាពជា​ប្រពៃណី​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​និង​រឹងមាំ ស្ថិតស្ថេរ​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ​៕សរន