ប្រមុខ​កីឡា​ប៉ូលិស សង្ឃឹម​ដណ្ដើមបាន មេដាយមាស ១០០ គ្រឿង ក្នុងការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣

475
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា ក្រសួងមហាផ្ទៃ និង​ជា​អគ្គលេខាធិការ ក្រុមប្រឹក្សា​កីឡា ក្រសួងមហាផ្ទៃ បានដាក់​ក្ដី​សង្ឃឹមថា ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២០ ក្រុមកីឡា​ក្រសួងមហាផ្ទៃ ប្ដេជ្ញា​ដណ្ដើមយក​មេដាយមាស ឲ្យ​បាន ១០០ គ្រឿង យ៉ាងតិច​។​

​លោក​បានបង្ហាញ​នូវ ការជឿជាក់​បែបនេះ ដោយសារតែ​ពេលនេះ លោក​ពង្រឹង​កីឡា​ថ្នាល ហើយ​ពេលនេះ ពួកគេ​កំពុង​តែមាន សមត្ថ​ភាពល្អ និង​មាន​វិន័យ ក្នុងការ​ហ្វឹកហាត់ ។ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​កីឡា​ខ្លាំង ត្រូវតែមាន​ការលើកទឹកចិត្ត ពិសេស​ត្រូវ​រៀបចំ ព្រឹត្តិការណ៍​ប្រកួត ឲ្យ​បាន​ច្រើន​។ ហ្វឹកហាត់ ដោយមាន​ការប្រកួត​ច្រើន​នោះ គឺជា​ការពង្រឹង​សមត្ថភាព កីឡាករ​-​កីឡាការិនី ។ អ្នក​ប្រកួត បាន​លទ្ធផល​ល្អ គេ​កាន់​តែមាន​ទឹកចិត្ត ហ្វឹកហាត់ តែ​ចំពោះ​អ្នក ដែល​មិនបាន​ទទួលលទ្ធផល​ល្អ ត្រូវតែ​លើកទឹកចិត្ត ដល់​ពួកគេ ដើម្បី​ឲ្យ​គេ​កាន់តែ​ព្យាយាម ហ្វឹកហាត់​បន្ថែម​។​

​សូមបញ្ជាក់ថា កាលពី​ប្រកួត​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ ក្រសួងមហាផ្ទៃ ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​២ ដែល​កាលនោះ រាជធានី​ភ្នំពេញ បាន​លេខ​១ ដោយ​ដណ្ដើមបាន​មេដាយ សរុប ១០២ គ្រឿង គឺ​មាស ៤១ គ្រឿង ប្រាក់​៣៤​គ្រឿង និង សំរិទ្ធ​២៧​គ្រឿង​។ ក្រសួងមហាផ្ទៃ ដែល​ឈរ​នៅ​ចំណាត់ថ្នាក់ លេខ​២​នោះ បាន​មេដាយ សរុប​ចំនួន ៥៩ គ្រឿង ដែល​ក្នុងនោះ មេដាយមាស ចំនួន​២៨​គ្រឿង ប្រាក់​១៦​គ្រឿង និង​សំរិទ្ធ​១៥​គ្រឿង ។ ក្រសួងការពារជាតិ ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ បាន​មេដាយ សរុប​ចំនួន ៥៥​គ្រឿង ក្នុងនោះ​មេដាយមាស ចំនួន​២២​គ្រឿង ប្រាក់​១៧​គ្រឿង និង​សំរិទ្ធ​១៦​គ្រឿង​។​

​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ ឡើងឈរ​នៅ​ចំណាត់ថ្នាក់​ទី​១ ដោយ​ដណ្ដើមបាន មេដាយមាស ៨៣​គ្រឿង ប្រាក់​៤៣​គ្រឿង និង​សំរិទ្ធ​២៣​គ្រឿង សរុប​១៤៩​គ្រឿង​។ រាជធានី​ភ្នំពេញ ដែល​ធ្លា​ក់មក​ចំណាត់ថ្នាក់​លេខ​២ នោះ បាន​មេដាយ​សរុប​ចំនួន ១២៤ គ្រឿង ដែល​ក្នុងនោះ មាស​៤២​គ្រឿង ប្រាក់​៣៦​គ្រឿង និង​សំរិទ្ធ​៤៦​គ្រឿង​។ ក្រសួងការពារជាតិ ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ទៀត​នោះ បាន​មេដាយ សរុប​ចំនួន​៦៧​គ្រឿង ក្នុងនោះ មាស​៣៣​គ្រឿង ប្រាក់​១៨​គ្រឿង និង សំរិទ្ធ​១៦​គ្រឿង​។​

​ជាមួយនឹង​ការកើនឡើង នូវ​ចំនួន​មេដាយ​បែបនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង សង្ឃឹមថា នឹង​រកបាន​មេដាយមាស យ៉ាងតិច​បំផុត ១០០ គ្រឿង នា​ឆ្នាំ​២០២០ ក្នុងការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ ៕v

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង​