ប្រមុខ​ទីភ្នាក់ងារ​ស៊ើបអង្កេត​អាមេរិក​លើកឡើងថា​កូរ៉េខាងជើង​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​អាមេរិក មិនមែន​ព្រំដែន​ទេ

302
ចែករម្លែក

​ផ្ទុយគ្នា​ទាំងស្រុង​ពី​ការលើកឡើង​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ជាច្រើន​បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​មករា​ថា កូរ៉េខាងជើង​ទំនងជា​មិនអាច​រុះរើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ និង​ថា​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅតែ​ជាការ​គំរាមកំហែង ហើយ​ថា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុងដំណើរការ​។ ប្រមុខ​ទីភ្នាក់ងារ​ទាំងនោះ​មិនបាន​លើកឡើង​អំពី​វិបត្តិ​នៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក ដែល​លោក​ត្រាំ​ពិចារណា​ប្រកាស​គ្រាអាសន្ន​ថ្នាក់ជាតិ​នោះទេ​។​

​ការវិភាគ​របស់​ពួកគេ​គឺ​ផ្ទុយគ្នា​ស្រឡះ​ពី​ការផ្តោត​ការយកចិត្តទុកដាក់​តែមួយគត់​របស់​ត្រាំ​ទៅលើ​ចន្លោះ​ខ្វះខាត​ផ្នែក​សន្តិសុខ​នៅតាម​ព្រំដែន​ថា​ជាការ​គំរាមកំហែង​ដ៏​ធំ​បំផុត​ដែល​អាមេរិក​កំពុង​ប្រឈម​។​

​ក្រុមមន្ត្រី​សន្តិសុខ​កំពូលៗ​រួមមាន​នាយក FBI លោក​គ្រី​ស្តូ​ហ្វើ រ៉េ ប្រធាន​ទីភ្នាក់ងារ​ស៊ើបអង្កេត CIA លោកស្រី ហ្គី​ណា ហា​ស្ពែ​ល និង​អគ្គនាយក​ស៊ើបការណ៍​ជាតិ​លោក​ដាន់ ខូ​ត បានធ្វើ​បទ​បង្ហាញ​ពី​របាយការណ៍​ថ្មី​ជូន​ដល់​គណៈកម្មាធិការ​ចារកម្ម​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​អង្គារ​ស្តីពី​ការវាយតម្លៃ​ប្រចាំឆ្នាំ​នៃ​ការគំរាមកំហែង​ជាស​កល​។ ពួកគេ​បាន​ព្រមាន​ពី​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើង​នៃ​សន្តិសុខ​ទូទាំង​ពិភពលោក​រាប់​ចាប់ពី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​រហូតដល់​ការធ្វើ​ចារកម្ម​តាម​អ៊ី​ន​ធឺ​ណេ​តរបស់​ចិន​និង​យុទ្ធនាការ​របស់​រុស្ស៊ី​ដើម្បី​ធ្វើឱ្យ​អន្តរាយ​ដល់​ប្រជាធិបតេយ្យ​នៅ​លោកខាងលិច​។​

​លោក​ខូ​ត​បាន​និយាយថា​ព័ត៌មាន​សម្ងាត់​នេះ​មិន​គាំទ្រ​គំនិត​ដែលថា​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​នឹង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​គាត់​និង​សមត្ថភាព​ក្នុង​ការផលិត​គ្រាប់​នុយក្លេអ៊ែរ​បន្ថែមទៀត​នោះទេ​។​

​លោក​ខូ​ត​បាន​ប្រាប់​គណៈកម្មាធិការ​ថា “​បច្ចុប្បន្ន​យើង​វាយតម្លៃ​ឃើញថា​កូរ៉េខាងជើង​នឹង​ប្រឹងប្រែង​រក្សាទុក​សមត្ថភាព​អាវុធ​មហា​ប្រល័យ​របស់ខ្លួន​ហើយ​ទំនងជា​មិន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​និង​សមត្ថភាព​ផលិត​របស់ខ្លួន​នោះទេ ព្រោះ​មេដឹកនាំ​របស់ខ្លួន​ចាត់ទុកថា​អាវុធ​នុយក្លេអ៊ែរ​គឺជា​កត្តា​សំខាន់​ចំពោះ​ការរស់រានមានជីវិត​នៃ​របប​ដឹកនាំ​របស់ខ្លួន​”​។​

​លោក​ខូ​ត​ក៏បាន​កត់សម្គាល់​ផងដែរ​ថា​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ហើយ​កាលពី​ឆ្នាំមុន​មិនបាន​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឬ​ធ្វើតេស្ត​នុយក្លេអ៊ែរ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​ទីភ្នាក់ងារ​ស៊ើបអង្កេត CIA លោកស្រី ហ្គី​ណា ហា​ស្ពែ​ល​កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​របាយការណ៍​ចារកម្ម​នៅ​សភា​អាមេរិក