ប្រមុខធនាគារពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃព្រហស្បតិ៍ទី១១តុលាបានជំរុញឱ្យសហរដ្ឋអាមេរិកនិងចិនអនុវត្តតាមច្បាប់ពាណិជ្ជកម្មពិភពលោកនិងបន្ថយជម្លោះជុំវិញយុទ្ធសាស្ត្រអភិវឌ្ឍន៍បច្ចេកវិជ្ជារបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលគំរាមធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
លោកស្រី គ្រីស្ទីន ឡាហ្គាត នាយកគ្រប់គ្រងអង្គការ IMF បាននិយាយថា លោកស្រីនឹងផ្តល់យោបល់ដល់ប៉េកាំងនិងវ៉ាស៊ីនតោនដើម្បីធ្វើចិត្តឱ្យត្រជាក់ ដោះស្រាយបញ្ហាប្រព័ន្ធពាណិជ្ជកម្មពិភពលោក ដែលត្រូវការការជួសជុល និង “កុំធ្វើឱ្យវាខូច”។
លោកស្រីឡាហ្គាតនិងប្រធានធនាគារពិភពលោក លោក ជីម យ៉ុងគីម បានថ្លែងដាច់ដោយឡែកពីគ្នានៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកផ្តល់ប្រាក់កម្ចីនៅក្នុងរមណីយដ្ឋានតំបន់ត្រូពិចលើកោះបាលីរបស់ឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំគ្នានូវរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងធនាគារកណ្តាលពីប្រទេសជាច្រើន ចំពេលមានការរឹតបន្តឹងសន្ដិសុខយ៉ាងរឹងមាំ។ កងកម្លាំងប្រដាប់អាវុធបានតម្រៀបជាជួរនៅតាមឆ្នេរ ហើយផ្លូវចូលទៅកាន់តំបន់នោះត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។
នៅពេលសួរអំពីជម្លោះកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងចិន លោកស្រីឡាហ្គាតបាននិយាយថារហូតមកទល់ពេលនេះមិនមាន “ផលវិបាក” នៃការខូចខាតធំៗពីការវាយពន្ធពិន័យរវាងប្រទេសទាំង២លើការនាំចេញរបស់គ្នាទៅវិញទៅមកនៅឡើយទេ ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ដល់ “អ្នកឈរមើលដែលគ្មានកំហុស”។
លោកស្រីឡាហ្គាតបាននិយាយថា ដំបូន្មានរបស់លោកស្រីមាន៣ផ្នែកគឺ “បន្ថយជម្លោះ។ ជួសជុលប្រព័ន្ធពាណិជ្ជកម្ម។ កុំធ្វើឱ្យវាខូច”។
លោកស្រីបាននិយាយថា អង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ដែលជាអ្នកបង្កើតច្បាប់ពាណិជ្ជកម្ម គឺមានវិធីដោះស្រាយការតវ៉ាររបស់សហរដ្ឋអាមេរិកដែលថា គោលនយោបាយរបស់ចិនគឺកំពុងកេងយកចំណេញផ្នែកបច្ចេកវិជ្ជាទំនើបយ៉ាងអយុត្តិធម៌ និងកំពុងធ្វើឱ្យក្រុមហ៊ុនបរទេសមានគុណវិបត្តិក្នុងការជំរុញវិស័យឧស្សាហកម្មរបស់ខ្លួន។ ប៉ុន្តែលោកស្រីបានបន្ថែមទៀតថា អង្គការពាណិជ្ជកម្មពិភពលោកត្រូវធ្វើការដោះស្រាយបញ្ហាជាច្រើនទៀត ដូចជា ការឧបត្ថម្ភធន។
លោកគីមវិញបាននិយាយថា ធនាគារពិភពលោកកំពុងធ្វើការជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍដើម្បីត្រៀមសម្រាប់ភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងជាងនេះទៀត។ លោកបន្តថា ប្រសិនបើការវាយពន្ធត្រូវបានអនុវត្តចំពោះដែនកំណត់ចុងក្រោយបំផុតរបស់ពួកគេ នោះនឹងមាន “ការថយចុះសេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែត ហើយផលប៉ះពាល់មកលើប្រទេសកំពុងអភិវឌ្ឍនឹងមានសភាពធំធេង”៕ ដោយ៖ កញ្ញាដាលីស