ប្រមុខ​មន្ទីរ​បញ្ច​កោណ ៖ អាម៉េរិក​នឹង “​ការពារ​” សណ្តាប់ធ្នាប់​អន្តរជាតិ ដែល​កំពុង “​បំផ្លាញ​ដោយ​អ៊ីរ៉ង់​”

176
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក​លោក ម៉ាក អេ​ស្ពើ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា​ថា យោធា​អាម៉េរិក​កំពុង​រៀបចំ​ការឆ្លើយតប​ចំពោះ​ការវាយប្រហារ​ទៅលើ​ទីតាំង​ប្រេង​សំខាន់ៗ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​បន្ទាប់ពី​សង្ខេប​ព័ត៌មាន​ជូន​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​នៅក្នុង​សេត​វិមាន លោក​អេ​ស្ពើ​បាន​ចុច​យក​ប្រទេស​អ៊ីរ៉ង់​ជា​អ្នក​ដែល​កំពុង​ធ្វើឱ្យ​អន្តរាយ​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ ដោយ​មិន​ស្តីបន្ទោស​ដោយផ្ទាល់​ទៅលើ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ចំពោះ​ការវាយប្រហារ​នោះទេ​។​

​លោក​បាន​និយាយ​នៅក្នុង Twitter ថា “​យោធា​អាម៉េរិក​ជាមួយនឹង​ក្រុម​អន្តរ​ទីភ្នាក់ងារ​របស់​យើង​កំពុងធ្វើការ​ជាមួយ​ដៃគូ​របស់​យើង​ដើម្បី​ដោះស្រាយ​ការវាយប្រហារ​មិន​ធ្លាប់មាន​នេះ​និង​ការពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់ ដែល​កំពុង​បំផ្លាញ​ដោយ​អ៊ីរ៉ង់​”​។​

​លោក​អេ​ស្ពើ​បាន​និយាយថា​លោក​និង​ថ្នាក់ដឹកនាំ​មន្ទីរ​បញ្ច​កោណ​បាន​ជួប​ជាមួយ​លោក​ត្រាំ បន្ទាប់ពី​ការវាយប្រហារ​កាលពី​ថ្ងៃ​សៅរ៍ ដែល​ក្រុមអ្នកវិភាគ​និយាយថា​ទំនងជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ដ្រូ​ន​និង​មី​ស៊ី​ល​បញ្ជា​ទិស ដែល​បាញ់​ចេញពី​ប្រទេស​ក្បែរ​ខាង​មួយ​។​

​មុននេះ​លោក​អេ​ស្ព័​រ​ក៏បាន​និយាយ​ជាមួយ​ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ម៉ូ​ហា​ម៉ាត់ ប៊ី​ន សលា់​ម៉ាន់ ក៏ដូចជា​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ាក់​លោក ណា​ចា អាល់​សេម​ម៉ា​រី ផងដែរ​។​

​ទោះយ៉ាងណា មិនមាន​ការលើកឡើង​អំពី​ការឆ្លើយតប​បែបណា ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឬ​សម្ព័ន្ធមិត្ត​ឈូង​សមុទ្រ​ពែ​ក្ស​របស់ខ្លួន កំពុង​ពិចារណា​នោះទេ​។​

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​យេ​ម៉ែន​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​

​ប៉ុន្តែ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ហ៊ូ​ធី បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ថា អាវុធ​ទាំងនោះ​ត្រូវបាន​ផលិត​ដោយ​អ៊ីរ៉ង់​ហើយ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​អាវុធ​ទាំងនោះ​ត្រូវបាន​បាញ់​ចេញ​មកពីណា​ទេ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក​លោក ម៉ាក អេ​ស្ពើ