ប្រមុខ​រដ្ឋាភិបាល​ថ្លែងអំណរគុណ​ខ្មែរ​គ្រប់ភាគី ដែល​ប្រឹងប្រែង​អនុវត្ត​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ឈានទៅ​បញ្ចប់​ភ្លើងសង្គ្រាម​

747
សម្ដេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ខ្មែរគ្រប់ភាគីទាំងអស់ ដែលបានចូលរួមប្រឹងប្រែងអនុវត្តន៍​នយោបាយឈ្នះ-ឈ្នះ ឲ្យទទួលបានជោគជ័យ ឈានទៅបញ្ចប់ភ្លើងសង្គ្រាម និងស្វែងរកសុខសន្តិភាពមកដល់ពេលបច្ចុប្បន្ន (រូបថត ៖ តារារិទ្ធិ)

ដោយ : វិបុល-តារារិទ្ធិ/​ភ្នំពេញ : សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ខ្មែរ​គ្រប់ភាគី​ទាំងអស់ ដែល​បាន​ចូលរួម​ប្រឹងប្រែង​អនុវត្តន៍​នយោបាយ​ឈ្នះ​ឈ្នះ​ឲ្យ​ទទួលបាន​ជោគជ័យ ឈានទៅ​បញ្ចប់​ភ្លើងសង្គ្រាម និង​ស្វែងរក​សុខសន្តិភាព​មក​ដល់ពេល​បច្ចុប្បន្ន​។​

​ថ្លែង​ពីលើ​វេទិកា​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា​នេះ ក្រៅពី​រំលឹក​ឡើងវិញ​ជាច្រើន​នូវ​រឿងរ៉ាវ​ផ្ទុះ​សង្គ្រាម និង​ការវាយប្រហារ យ៉ាង​ស្រួចស្រាវ​រវាង​ខ្មែរ និង​ខ្មែរ ដ៏​សែន​ឈឺចាប់ វេទនា​ខ្លោចផ្សារ និង​ហិនហោច​ប្រទេសជាតិ​គ្មាន​សល់​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា អតីតកាល​ខ្មែរ​គឺ​ឈឺចាប់​ខ្លាំងណាស់ ទម្រាំ​ស្វែង​រកឃើញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ននេះ​។

​ក្នុងន័យនេះ សម្តេច​បន្តថា បើ​មិន​ស្គាល់​ពី​ដំណើរ​របស់ខ្លួន ហើយ​មិនដឹងថា ខ្លួន​ដល់​កន្លែង​ណា ហើយ​ត្រូវធ្វើ​អ្វី​បន្ត​ទេនោះ មិនអាច​និយាយ​គ្នា​យល់​នោះឡើយ​។​

​ភ្ជាប់​ជាមួយ​ដំណើរការ​នៃ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥​នេះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់ដែរថា កំណាត់​ផ្លូវជាតិ​លេខ​៥​នេះ មិនមែន​សាងសង់ និង​ពង្រីក​ត្រឹមតែ​ពី​ក្រុង​បាត់ដំបង ទៅ​ក្រុង​សិរីសោភ័ណ​នោះទេ ពោល​ពី​កំពង់ឆ្នាំង មក​ពោធិ៍សាត់ និង​ពី​ពោធិ៍សាត់ ទៅ​បាត់ដំបង ក៏ត្រូវ​សាងសង់​ផងដែរ​។ ហេតុនេះ សុខសន្តិភាព​នៅតែមាន​តម្លៃ​សម្រាប់​ជាតិ​កម្ពុជា សម្រាប់​ការអភិវឌ្ឍ​ជាតិ​ឲ្យ​កាន់តែ​រីកលូតលាស់​ទៅមុខទៀត មិនមែន​បញ្ចប់​ការអភិវឌ្ឍ ត្រឹម​ដំណាក់កាល​នេះឡើយ​។

​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្ដ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​រួមគ្នា​ថែរក្សា​សុខសន្តិភាព​។ សម្ដេច​អះអាងថា កម្ពុជា​ពីមុន​ធ្លាប់ជា​ប្រទេស​ត្រូវការ​កងកម្លាំងរ​ក្សា​សន្តិភាព មកជួយ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស តែ​បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កងទ័ព​រប​ស់​ខ្លួន ដើម្បី​ជួយ​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ដទៃ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​នៅក្នុង​សារ​នា​ព្រឹក​នេះ​ថា ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​បន្ត​ទៅមុខ ហើយ​ការបោះឆ្នោត​នៅតែ​បន្តធ្វើ​តាម​កាល​កំណាត់ ដោយ​គ្មាន​ការលុបចោល ដូច​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​នោះឡើយ​៕