ប្រមុខ​រដ្ឋាភិបាល​ប្រកាសថា ករណី​លោក កឹម សុខា មិនមែន​បញ្ចប់​ត្រឹម​ចាប់ខ្លួន​មនុស្ស​ម្នាក់​ទេ​ ​ ​

1455

(​សៀមរាប​) ៖ ទន្ទឹមនឹង​ការ​ថ្លែង​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​ជាមួយ​ទង្វើ​ក្បត់ជាតិ ដោយ​មិន​រាថយ​តាមរយៈ​សុន្ទរកថា​សាធារណៈ​ជា​បន្ទាប់​នោះ នៅ​ព្រឹក​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អះអាងថា អំពើ​ក្បត់ជាតិ​លើ​ករណី​លោក កឹម សុខា មិន​បញ្ចប់​​ត្រឹម​ចាប់ខ្លួន​បុគ្គល​នេះ​តែ​ម្នាក់​នោះទេ ព្រោះ​ជា​សំណុំរឿង​ដែល​បានរៀបចំ​ឡើងជា​ប្រព័ន្ធ​។​
​ ​
​ការ​ថ្លែង​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​ជាមួយ​ទង្វើ​ក្បត់ជាតិ របស់​សម្ដេច​បែបនេះ បានធ្វើ​ឡើង​ក្នុងពេលដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​សម្ពោធ​​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​នេះ​។​

(រូប៖វេបសាយ)
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​គូសបញ្ជាក់​យ៉ាង​ដូច្នេះ “…​យើង​មិន​អនុញ្ញាត និង​ផ្តល់ឱកាស​ឲ្យ​នរណា​ក៏ដោយ​ដែល​បំផ្លាញ​ដល់​​សន្តិសុខ​ជាតិ​របស់​យើង​នោះទេ យើង​មិន​ផ្តល់ឱកាស​ដាច់ខាត​ហើយ​…​យើង​កំពុង​ធ្វើ​សកម្មភាព​បន្តទៅទៀត​មិនមែន​បញ្ចប់​ត្រឹម​​ចាប់​មនុស្ស​ម្នាក់​ទេ …​សូម​ផ្តាំ​ឲ្យ​ហើយ មិនមែន​បញ្ចប់​ត្រឹម​ចាប់​មនុស្ស​ម្នាក់​ទេ ព្រោះ​ជាការ​រៀបចំ​និង​ធ្វើ​សកម្ម​ភាពជា​ប្រព័ន្ធ​តែ​​ម្តង​…​សូមបញ្ជាក់​ឲ្យ​ហើយ​មិនទាន់​បញ្ចប់​ត្រឹម​ចាប់​មនុស្ស​ម្នាក់​ទេ រឿង​វា​មាន​សំណុំ​របស់​វា​យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​បន្ត​ទង្វើ​ក្បត់​​បំផ្លាញ​ជាតិ​បំផ្លាញ​សន្តិសុខ​នោះទេ មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍ​…”​។​
​ ​
​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បន្តទៀតថា “…​មិនអាច​គិត​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត ហើយ​ធ្វើជា​ខ្ញុំបម្រើ​បរទេស​ដើម្បី​មក​បំផ្លាញ​ខ្មែរ​​នោះទេ មិន​អនុញ្ញាត​ដាច់ខាត​ហើយ យើង​ហ៊ាន​ធ្វើ ហ៊ាន​ប្រឈម​គ្រប់​បញ្ហា​…”​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​បាន​ខិតខំ​ស្វែងរក​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​រហូត​ប្រថុយ​យក​​អាយុជីវិត​ទៅ​ចរចា ជាមួយ​កងទ័ព​ខ្មែរក្រហម​នោះ បាន​ថ្លែង​បញ្ជាក់​ជាមួយ​សម្តី​ធ្ងន់ៗ​ថាស​ម្តេច​នឹងមិន​អនុញ្ញាត​ឲ្យ​មាន​ឧទ្ទាម​នៅក្នុង​​ក្រុង​មក​បំផ្លាញ​សន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ដែលជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​នោះឡើយ​។​
​ ​
​ពីលើ​ទឹកដី​នៃ​ខេត្តសៀមរាប ទីកន្លែង​ដែល​គេ​លួច​ធ្វើឃាត​សម្តេច​តាមរយៈ​ការបាញ់​បេ​កាលពី ១៩​ឆ្នាំមុន​នោះ (២៤ កញ្ញា ១៩៩៨) សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​រំលឹក​ផងដែរ ពី​រឿងរ៉ាវ​នៃ​ការ​លួច​ធ្វើឃាត​សម្តេច​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដើម្បី​តែ​អំណាច​ពួកគេ​ហ៊ាន​លើកដៃ​សម្លាប់​សម្តេច ដូច្នេះ​ស​ម្តេចក៏​មិន​ខ្លា​ចនឹង​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ដើម្បី​កម្ចាត់​ជន​ក្បត់​ជាតិ​រក្សាសុខ​សន្តិភាព និង​រក្សា​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ នោះដែរ​។​
​ ​
​សម្តេច​តេ​ជោ បាន​ថ្លែងថា “…​គេ​លើកដៃ​ប្រហារជីវិត​ខ្ញុំ​តាមរយៈ​ដាក់​បង្កៃ​គ្រាប់បែក​៤​គ្រាប់ ដែល​អាច​ថា គ្មាន​ឆ្អឹង​គ្មាន​ឆ្អែង​ទេ​បើសិន​​ជា​វា​ផ្ទុះ​ទាំង​៤​គ្រាប់​…​ម៉េច​ក៏​គេ​អាច​ធ្វើបាន រីឯ​ខ្ញុំ​គ្រាន់តែ​អនុវត្ត​ច្បាប់ ដែល​បាន​ចែងថា អំពើ​ក្បត់ជាតិ​វា​ត្រូវ​មានទោស​បែបណា​ម៉េច​​ក៏​ខ្ញុំ​ធ្វើ​មិនបាន​? ខ្ញុំ​ធ្វើ​មិនមែន​ដើម្បី​ជីវិត​របស់ខ្ញុំ​ម្នាក់​ទេ ដើម្បី​សេចក្តីសុខ​របស់​ប្រទេសមួយ ប្រជាជាតិ​មួយ ហើយក៏​ដើម្បី​ឯករាជ្យភាព ប្រជាធិបតេយ្យ​របស់​ប្រទេសមួយ​ដែរ ម៉េច​ក៏​យើង​ធ្វើ​មិនបាន​?…”​។​
​ ​
​ពាក់ព័ន្ធ​ការចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​បន្ត​ចោទសួរ​ទៀតថា “…​គេ​ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​របស់​យើង​សម្លាប់​ប្រជាជន​យើង​រាប់សែន​រាប់លាន​នាក់​ម៉េច​ក៏​គេ​ធ្វើបាន​…​អង្គ​​ការ​សហប្រជាជាតិ ទទួលស្គាល់​ខ្មែរក្រហម​ឲ្យ​អង្គុយ​នៅ​អង្គការសហប្រជាជាតិ ម៉េច​ក៏​គេ​ធ្វើបាន ឯខ្ញុំ​គ្រាន់តែ​ដឹកនាំ​ដើម្បី​អនុវត្ត​ច្បាប់​​ការពារ​នូវ​សន្តិសុខ​ជាតិ ការពារ​ឯករាជ្យ អធិបតេយ្យ​របស់​ប្រទេស ម៉េច​ក៏​ធ្វើ​មិនបាន​…”​។​
​ ​
​ទន្ទឹមនឹង​ការប្រកាស​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​ជាមួយ​ទង្វើ​ក្បត់ជាតិ​ហើយ​នោះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​​ខ្មែរ​ត្រូវ​រួមគ្នា​ថែរក្សា និង​ការពារ​សុខសន្តិភាពរ​បស់​ប្រទេសជាតិ ដែលមាន​នាពេល​បច្ចុប្បន្ន ដើម្បី​ទទួលបាន​ឱកាស​អភិវឌ្ឍន៍​ជាតិ និង​ជីវភាព​របស់ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​៕​ដោយ​៖​វិបុល​/sn