ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មកដល់​មាតុភូមិ​វិញ​នៅវេលា​ម៉ោង ១១ៈ៣០​​យប់​នេះ​

1407
ចែករម្លែក

ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​មកដល់​មាតុភូមិ​វិញ​នៅវេលា​ម៉ោង ១១និង៣០នាទី យប់​ថ្ងៃទី ១៨ ខែមីនា​នេះ បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ពី​(​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែមីនា​) នៅ​ក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចាក​ចេញពី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី ១៥ ខែមីនា​។​

​រយៈពេល ៣ ថ្ងៃ​នៅក្នុង​ប្រទេស​អូស្ត្រាលី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជួបពិភាក្សា​ការងារ​ទ្វេរ​ភាគី​ជាមួយ​លោក ម៉ា​ល់​កុម ធឺ​ន​ប៊ុល (Malcolm Turnbull) នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី ។ ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានសភា​ពាណិជ្ជកម្ម និង ឧស្សាហកម្ម​អូស្ត្រាលី Jamary Jhonson​។ ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី និង ណូ​វែ​ល​ហ្សេ​ឡង់ និង និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ចំនួន​ជាង ៨០០ នាក់ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ចូលរួម​ពី​ធី​បើក​ជា​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី និង ការបង្ហាញ​ផែនការ​កូឡុមបូ​ថ្មី ។ បន្ទាប់មក​ថ្នាក់ដឹកនាំ​អាស៊ាន និង អូស្ត្រាលី នឹង​ទទួល​ជួប​ដោយឡែក​ពីគ្នា​ជាមួយ​និស្សិត​អូស្ត្រាលី ដែល​កំពុង​សិក្សា​នៅ​ប្រទេស​សមាជិក​អាស៊ាន ក្រោម​ផែនការ​កូឡុមបូ​ថ្មី និង និស្សិត​ប្រទេស​សមាជិក​អាស៊ាន​ដែល​កំពុង​សិក្សា​នៅ​អូស្ត្រាលី​តាមរយៈ​អាហារូបករណ៍​របស់​អូស្ត្រាលី ។ អញ្ជើញ​ចូលរួម​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង អូ​ស្រា្ត​លី​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ។ អញ្ជើញ​ចូលរួម​ពី​ធី​ស្វាគមន៍​និង​អាហារ​ពេល​ល្ងាច​រៀបចំ​ដោយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចូលរួម​ក្នុង​ពី​ធី​បើក​កិច្ចប្រជុំ​កំពូល​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​ចង្អៀត ។ បន្ទាប់មក​ធ្វើដំណើរ​ទៅកាន់​នី​វេ​សន​ដ្ឋា​ន​របសលោក​ភី​ធ័​រ ខូ​ស​ហ្គ្រូ​វ (Peter Cosgrove)​អគ្គទេសាភិបាល​អូស្ដ្រាលី​ដែល​បានរៀបចំ​អាហារ​ថ្ងៃត្រង់​ជូន​ដល់​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់ ។

​សម្តេច​តេ​ជោ​រី​បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​ថា​៖ «​ទន្ទឹមនឹង​លទ្ធផល​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​ក៏​យើង​ទទួលបាន​នូវ​ជោគជ័យ​ដ៏​ធំធេង​បំផុត​មួយទៀត គឺ​បងប្អូន​កូនក្មួយ​ខ្មែរ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​និង​អូស្ត្រាលី​បាន​យល់ដឹង​កាន់តែ​ច្បា ស់​អំពី​ការរីកចម្រើន និង​ទិសដៅ​អភិវឌ្ឍន៍​នៃ​ប្រទេសជាតិ​»​។ សម្តេច​បន្តថា​៖ «​ខ្ញុំ​គោរព​ស្រឡាញ់​បងប្អូន​ទាំងអស់គ្នា ទោះបី​មាន​និន្នាការ​នយោបាយ​បែបណាក៏ដោយ ព្រោះ​យើង​សុ​ទ្ឋ​តែមាន​ឈាមជ័រ​ខ្មែរ​ដូចគ្នា​»​។​

ជាមួយគ្នានេះដែរ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា​រដ្ឋាភិបាល​អូ​ស្រា្ត​លី​កាន់​តែមាន​ទំនាក់ទំនង​ល្អ​ជិតស្និទ​ជាមួយ​កម្ពុជា​ដោយ​ប្រទេស​ទាំងពីរ​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជំរុញ​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​ក្នុងនោះ​រួមទាំង​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជាង​៨៧​លាន​ដុល្លារ​ដល់​កម្ពុជា​ទៀតផង ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ប្រតិភូ​បាន​អ​ញ្ឃើ​ញ​ចាក​ចេញពី​ប្រទេស​អូស្ត្រាលី​នៅ​ម៉ោង ៥ៈ៣០​ល្ងាច​ម៉ោង​នៅ​អូស្ត្រាលី ត្រូវជា​ម៉ោង​១ៈ៣០ រសៀល​ម៉ោង​នៅ​កម្ពុជា ហើយ​យន្តហោះ​សម្តេច​គ្រោង​និង​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង ១១ៈ៣០ ​យប់ ៕L/MN