ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងជើង (​បាត់ដំបង​-​សិរីសោភ័ណ​) នៅ​ព្រឹក​ថ្ងៃស្អែក​

1588
ចែករម្លែក

ដោយ៖ តារារិទ្ធ / បាត់ដំបង​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ ៥ ភាគ​ខាងជើង (​បាត់ដំបង​-​សិរីសោភ័ណ​)​ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ និង ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​ជាង​១៤៣​លាន​ដុល្លារ ក្រោម​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​នា​ព្រឹក​ថ្ងៃទី ២៦ ខែ​មិនា​នេះ​នៅក្នុង ស្រុក​ថ្មគោល ខេត្ត បាត់ដំបង ។ គម្រោង​នេះ​ប្រើ​រយៈពេល​សាងសង់​៣​ឆ្នាំ ។

​គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​ប្រវែង​សរុប ៨៤,៧៤​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ (AC) កម្រាស់ ១៥​សង់ទីម៉ែត្រ ក្នុងនោះ​រួមមានៈ​
១.​ការពង្រីក​ទំហំ​ផ្លូវ​មេ​ដែលមាន​ស្រាប់​ប្រវែង ៥១,៤៨ គីឡូម៉ែត្រ (​ពី គ​.​ម​៣០២+៦៦០ ទៅ គ​.​ម ៣៥៥+១២៥ ) មាន​ទទឹង ២៣ ម៉ែត្រ មាន ០៤ គន្លង​សម្រាប់​យានយន្ត គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​(​គន្លង​នីមួយៗ​មាន​ទទឹង​៣,៥០​ម៉ែត្រ​,​ហើយ​មាន​២​គន្លង​ទៅ​, ២​គន្លង​មក​) ចិញ្ចើមផ្លូវ​ទទឹង ០៣​ម៉ែត្រ សងខាង និង​សួន​ទ្រូងផ្លូវ ខណ្ឌ​ចែក​ទិសដៅ ចរាចរណ៍​នៅ​ចំ​កណ្តាល ទទឹង ០៣​ម៉ែត្រ​។​
២.​សាងសង់​ផ្លូវ​វាង​ក្រុង ០២ ខ្សែ ប្រវែង​សរុប ៣៣,២៦​គីឡូម៉ែត្រ (​ផ្លូវ​វាង​ក្រុង​បាត់ដំបង ប្រវែង ២៣,៩២​គីឡូម៉ែត្រ និង​សិរីសោភ័ណ ប្រវែង ៩,៣៤​គីឡូម៉ែត្រ​) ក្នុងនោះ សាងសង់​ស្ពាន​ថ្មី ចំនួន ០២​កន្លែង (​លើផ្លូវ​វាង​) និង​ពង្រីក និង​ជួសជុល​ស្ពាន ដែលមាន​ស្រាប់​ចំនួន ១០​កន្លែង (​លើផ្លូវ​មេ​)​។
៣.​សាងសង់​លូ​ប្រអប់​ចំនួន ៧៦​កន្លែង និង​លូ​មូល​បណ្តា​យ​ផ្លូវ ចំនួន ១១៣ កន្លែង និង​បំពាក ភ្លើង​បំភ្លឺ LED នៅតាម​ផ្លូវ​ប្រសព្វ​ចំនួន​១២​កន្លែង​។​
៤.​គម្រោង​ខាងលើ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៩.៩៨៨​លាន​យេន​ជប៉ុន ស្មើនឹង ១៨៥​លាន​ដុល្លារ​អាមេរិក មាន​រយៈពេល​សាងសង់​ចំនួន ៣៦​ខែ ដែល​បាន ចាប់ផ្ដើម​ការសាងសង់​ពី​ខែកុម្ភៈ ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០២០​។ គម្រោង​សាងសង់​ត្រូវបាន​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន Katahira & Engineers International​។​
៥.​គម្រោង​នេះ​អនុវត្ត​ជា ០២​កញ្ចប់​នៃ​កិច្ចសន្យា​សាងសង់ រួមមាន ៖
•​កញ្ចប់​កិច្ចសន្យា​ទី​១ សាងសង់​ដោយ​ក្រុមហ៊ុន Tekken Taiyu Joint Venture ប្រវែង​សរុប ៤៦,២៧​គីឡូម៉ែត្រ (​រួមមាន​ការពង្រីក​ផ្លូវ​មេមាន​ប្រវែង ២២,៣៥​គីឡូម៉ែត្រ និង​ការសាងសង់​ផ្លូវ​វាង​ក្រុង​បាត់ដំបង ប្រវែង​២៣,៩២​គីឡូម៉ែត្រ​)​។​
•​កញ្ចប់​កិច្ចសន្យា​ទី​២ សាងសង់​ដោយ​ក្រុមហ៊ុន Daiho Asanuma Joint Venture ប្រវែង​សរុប​៣៨,៤៧​គីឡូម៉ែត្រ (​រួមមាន ការពង្រីក​ផ្លូវ​មេ​ប្រវែង ២៩,១៣ គីឡូម៉ែត្រ និង​សាងសង់​ផ្លូវ​វាង​ក្រុង​សិរីសោភ័ណ​ប្រវែង​៩,៣៤​គីឡូម៉ែត្រ​)​។​

​ផ្លូវជាតិ​លេខ​៥ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​យ៉ាងសំខាន់ ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ ទៅ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​-​អរញ្ញ​ប្រាថេត (​ព្រំដែន​កម្ពុជា​-​ថៃ​)​ឆ្លងកាត់​ខេត្ត ចំនួន​០៦ កាត់​តាម​ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និង​បន្ទាយមានជ័យ ដែលមាន​សក្តានុពល និង ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និង​ភស្តុភារ​កម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ផ្លូវជាតិ​លេខ​៥ មាន​ភាព​មមាញឹក​ខ្លាំង និង ជា​ចំណែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ​១ និង​របៀង​សេដ្ឋកិច្ច​ខាងត្បូង​ដ៏​មាន​សក្តានុពល​របស់​ម​ហា​អនុតំបន់​មេគង្គ GMS ដែល​ត​ភ្ជាប់​គ្នា​រវាង​ទីក្រុង​បាងកក ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​។​

​ប្រទេស​ជប៉ុន​បាន​ចាត់ទុកថា​ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវជាតិ​មាន​សក្តានុពល​លេខ​១​របស់​កម្ពុជា គឺជា​របៀង​សេដ្ឋកិច្ច​កើត​-​លិច​ទី​២ ដ៏​សំខាន់ និង​មានការ​ប្រកួតប្រជែង ខ្លាំង​សម្រាប់​ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភា​រកម្ម វិនិយោគ និង សេដ្ឋកិច្ច នៃ​មហា​អនុតំបន់​មេគង្គ GMS៕L​