ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើ​ឲ្យ​ប្រទេស​សមាជិក​ទន្លេមេគង្គ​យកចិត្តទុកដាក់​បញ្ហា​៥

1026
ចែករម្លែក

​ដោយ​: តារា​រិ​ទ្ធ / សៀមរាប​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក នៃ​គណៈកម្មការ​ទន្លេមេគង្គ​ទាំងអស់​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ចំនួន​៥ នៅក្នុង​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ នៅ​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី​៥ ខែមេសា​នេះ​។​

​បញ្ហា​ទាំង​៥​នោះ រួមមាន​៖ ទី​១.​បន្ត​ជំរុញ​និង​ពង្រឹង​យន្ត​ការសម្របសម្រួលនិង​អភិវឌ្ឍន៍​ទឹក និង​ធនធាន​ពាក់ព័ន្ធ​ប្រកបដោយ​និរន្តរភាព ដើម្បី​ប្រយោជន៍​ដល់​ប្រទេស​សមាជិក និង​សុខមាលភាព​របស់​ប្រជាជន​។ ទី​២.​បន្ត​ផ្តល់​អាទិភាព​ដោះស្រាយ​បញ្ហា​ប្រឈម​ចំបងៗ​ដែល​ពាក់ព័ន្ធ​ទៅ​និរន្តរភាព នៃ​អាង​ទន្លេមេគង្គ ដូចជា​ការគ្រប់គ្រង​បរិស្ថាន និង​កាកសំណល់ និង ការដោះស្រាយ​ផលប៉ះពាល់​បរិស្ថាន​ដែល​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ ការប្រើប្រាស់​និង​ការបំពុល​ទឹកទន្លេ និង​ការគ្រប់គ្រង​គម្រោង​នានា ដែល​ពាក់ព័ន្ធ​ចេរភាព​អាង​ទន្លេមេគង្គ និង​ជីវៈចម្រុះ​។ ទី​៣.​បន្ត​រៀបចំ​វិធានការណ៍​និង សកម្មភាព​ជាក់ឡាក់ សម្រាប់​ឆ្លើយតប​ទៅ​គ្រោះទឹកជំនន់ និង គ្រោះរាំងស្ងួត និង​ជំរុញ​សុខដុម​ប​នីយកម្ម នៃ​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រ​ច​ន​នា​សម្ព័ន្ធ​ក្នុង​តំបន់​។ ទី​៤.​បន្ត​ពង្រឹង​សម​ត្តភាព​មនុស្ស និង​សមត្ថភាព​ស្ថាប័ន​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន រវាង​ប្រទេស​ជាស​មា​ជិ​ក្នុង​តំបន់ ជាពិសេស​សម្រាប់​ការអនុវត្ត​នូវ​ផែនការ និង​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​កន្លងមក​ឲ្យ​បាន​ប្រកបដោយ​ប្រសិទ្ធភាព និង​សក្តិ​សិទ្ធ​ភាព​។ ទី​៥.​បន្ត​លើកកម្ពស់​ស្មារតី​សហប្រតិបត្តិការ​មេគង្គ​ក្នុង​ភាពជា​ដៃគូ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ក៏ដូចជា​បន្ត​ជំរុញ​បង្កើន​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និត​ថែមទៀត ជាមួយ​យន្តការ​ក្នុង​តំបន់ និង អន្តរជាតិ​នានា ក្នុង​គោលដៅ​ឈាន​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​៕ ល​