ប្រមុខ​រាជរដ្ឋាភិបាល​ន​អញ្ជើញ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ពហុ​បំណង​តម្លៃ​ជាង៧៤​លាន​ដុល្លារ​

1203
ចែករម្លែក

ដោយ : តារារិទ្ធិ /ព្រះសីហនុ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កំពង់ផែ​ពហុ​បំណង​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ​២០១៨ ។ កំពង់ផែ​ពហុ​បំណង​ថ្មី​នេះ​មានតម្លៃ​ប្រមាណ​ជា៧៤លាន​ដុល្លារ​ដែលជា​កម្ចី​ការប្រាក់​ទាប​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ។​

​បើ​យោងតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា​កំពង់ផែ​ទឹក​ជ្រៅ​ពហុ​បំណង​ថ្មី​នេះ​នឹងមាន​លទ្ធភាព​ឱ្យ​នាវា​ដែល​ផ្ទុកទំនិញ​ចំណុះ​រហូតដល់​៤​ម៉ឺន​ទៅ ៥​ម៉ឺន​តោន អាច​ចូល​ចត​បាន​ដែល​នឹង​ធ្វើឱ្យ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹកនឹង​កើនឡើង ២ ដង ទៅលើ​សមត្ថភាព​ផ្ទុកទំនិញ​របស់​កំពង់​ផែ​ចាស់​។​

​គូ​រំលឹក​ផងដែរ​ថា ​ចំណត​ផែ​ពហុ​បំណង​នេះ​មាន​ទីតាំង​ស្ថិតក្នុង​បរិវេន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហ​នុ​ដោយបាន​ចាប់ផ្ដើម​សាងសង់ឡើង​នៅ​ដើមឆ្នាំ២០១៥ និង ជា​កម្ចី​ការប្រាក់​ទាប​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ជប៉ុនJICA​។

​ចំណត​ផែ​ពហុ​បំណង ដែល​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក​នេះ រួមមាន ​៖ ចំណត​ផែ​ទំនិញ​រាយ​ប្រវែង៣៣០​ម៉ែត្រ ជម្រៅ​ទឹក ១៣.៥​ម៉ែត្រ​, ចំណត​ផែ​មូលដ្ឋាន​ផ្គត់ផ្គង់​ភស្តុភារ​សម្រាប់​ការរុករក​ប្រេង​ប្រវែង២០០​ម៉ែត្រ ជម្រៅ​ទឹក ៧.៥​ម៉ែត្រ និង​ការផ្គត់ផ្គង់​នាវា​សណ្តោង (Tugboat) ក្រោម​ហិរញ្ញប្បទាន​សម្បទាន​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ៧៤​លាន​ដុល្លារ​អាមេរិក ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុង​ក្របខណ្ឌ នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង​កំពង់ផែ​ក្រុងព្រះសីហនុ រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​សម្រាប់​ទ​ទួល​បន្ទុក​លើ​ការបង់ពន្ធ និង​អាករ​ផ្សេងៗ​។​

​សូមបញ្ជាក់ថា​កំពង់ផែ​ពហុ​បំណង​ថ្មី​នេះ​គឺជា​គម្រោង​អាទិភាព​មួយ ដែល​ត្រូវបាន​កសាងឡើង​ដើម្បី​ជួយ​ជម្រុញ​ដល់​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង ជាពិសេស ការនាំចេញ​នូវ​កសិផល​របស់​កម្ពុ​ជា​ដូចជា​ចំណិត​ដំឡូង​មី​ស្ងួត ទំនិញ​រាយ និង ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​ផងដែរ​៕​B