ប្រមុខ​រាជរដ្ឋាភិបាល​ប្រាប់​ប្រជាជន​កម្ពុជា​កុំ​ព្រួយបារម្ភ​ចំពោះ​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា

1099
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​ពលរដ្ឋ​កម្ពុជា សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​វត្តមាន​ជនជាតិ​ចិន នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ជនជាតិ​ចិន​នៅ​កម្ពុជា​ពេលនេះ មក​ជាមួយនឹង​វត្តមាន​របស់​ការដ្ឋាន​សាងសង់​ដ៏​ច្រើន​របស់​ចិន​នៅ​កម្ពុជា​។​

​ប្រមុខ​រាជរដ្ឋាភិបាល​ម្ពុ​ជា​បាន​មានប្រសាសន៍​នេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា ចិន សែន​សុខ ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​ទឹកប្រាក់​ប្រមាណ ១៧​លាន​ដុល្លារ នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​ឥឡូវនេះ​វត្តមាន​របស់​ប្រជាជន​ចិន នៅក្នុង​ប្រ​ទេ​របស់​យើង​ច្រើន តែ​សូម​បងប្អូន​កុំ​មានការ​ភាន់ច្រឡំ នេះ​ជា​វត្ត​មាននៃ​ការដ្ឋាន​សាងសង់ ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​”​។ សម្តេច​តេ​ជោ​បាន​បន្តថា “​យើង​មិនទាន់​អាច​ផ្គត់ផ្គង់​អ្នកបច្ចេកទេស និង​កម្មករ​ជំនាញ ឲ្យ​ក្រុមហ៊ុន​ចិន​គ្រប់គ្រាន់​នោះទេ​។ ដូច្នេះហើយ​បាន​ជាមាន​វត្តមាន​អ្នក​កម្មករ​ជំនាញ​ចិន នៅក្នុង​ប្រទេស​របស់​យើង​ច្រើន ដើម្បី​ផ្គត់ផ្គង់​នូវ​អ្នកជំនាញ និង​កម្លាំង​ពលកម្ម​ជំនាញ ឲ្យ​ក្រុមហ៊ុន​ចិន​រាប់រយ​ការដ្ឋាន ដែលជា​ការដ្ឋាន​របស់​រដ្ឋ​ផង​និង​របស់​វិស័យ​ឯកជន​”៕ ល​