ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​មិន​ចេញ​ធ្វើការ​ឃោសនាបោះឆ្នោត​ទេ​

1339
ចែករម្លែក

​ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ឲ្យ​ដឹងថា សម្តេច​នឹងមិន​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទេ​នៅក្នុង​អន្លុង​ពេល នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល ២០​ថ្ងៃនេះ​។ តែ​សម្តេច​អាច​នឹងធ្វើ​សេចក្តីថ្លែងការណ៍​ណាមួយ ប្រសិន​ជាមាន​សា​ភាព​ការណ៍​អ្វី​កើតឡើង​នៅក្នុង​អន្លុង​ពេល​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​កម្មករ កម្មការិនី ប្រមាណ​ជិត ៣​ម៉ឺន​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​អាចមាន​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ថ្ងៃទី​៧ ខែកក្កដា​។ នៅក្នុង​សេចក្តី​ការណ៍​នោះ ក៏​នឹងមាន​ការប្រកាស​អំពី​គោលនយោបាយ​ថ្មីៗ មួយចំនួន របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​និង​ផ្តល់នូវ​ផលប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា​។ សម្តេច​ក៏​នឹងចូលរួម​ផងដែរ នៅពេល​បិទ​យុទ្ធ​ការឃោសនា​នៅ​ថ្ងៃទី​២៧​ខែកក្កដា​។​

​សម្តេច​តេ​ជោ​បាន​បន្តទៀតថា ក្រៅពីនោះ សម្តេច​អាចមាន​សេចក្តីថ្លែងការណ៍​តាម​សារព័ត៌មាន ប្រសិន​ជាមាន​សភាពការណ៍​ណាមួយ​តម្រូវ​ឲ្យ​សម្តេច​ត្រូវធ្វើ​នោះ ។ ក៏ប៉ុន្តែ​សម្តេច​មិន​ចេញ​ធ្វើការ​ឃោស នា​នោះទេ​នៅក្នុង​អន្លុង​ពេល​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​

​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត រួមជាមួយ​ការ​ប្រារព្ធ​ខួបកំណើត​បក្ស​លើក​ទី​៦៧ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១ – ២៨​មិថុនា ២០១៨ )​នៅ​ថ្ងៃទី​៧​ខែកក្កដា​នៅ​កោះ​ពេជ្រ​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ៦​ម៉ឺន​នាក់ មកពី​តាម​បណ្ដា​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ​។ នៅក្នុង​ក្បួន​ឃោសនា​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ប្រើប្រាស់​រថយន្ត ១.៧២០​គ្រឿង ម៉ូតូ ១៤.៤០០​គ្រឿង​៕ ល​

#