ប្រមុខ​រាជរដ្ឋាភិបាល​ព្រមាន​ចាប់​ដាក់គុក​ពួក​ដើរ​ខ្សឹប​ថា​ទឹកខ្មៅ​ជ្រលក់​ដៃ​បោះឆ្នោត​នឹងធ្វើ​ឲ្យ​មនុស្ស​ស្លាប់​

1212
ចែករម្លែក

ដោយ : តារារិទ្ធិ / ​ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ការព្រមាន​ជាមួយ នឹង​វិធានការ​រួច ជាស្រេច​ក្នុងការ​ចាប់ខ្លួន​ជន​ទាំងឡាយណា​ដែល​ដើរ​ខ្សឹ​ប ថា​ទឹកខ្មៅ​ជ្រលក់​ដៃ​ពេល​បោះឆ្នោត​និង​ធ្វើ​ឲ្យមនុស្ស​ស្លាប់​ក្នុង​រយៈពេល២៤ម៉ោង​ក្រោយ ដែល​នេះ​គឺជា​អំពើ​ឆបោក​មួយ និង បំភិតបំភ័យ​ប្រជាជន​មិនឲ្យទៅ​បោះឆ្នោត ។ សម្តេច​តេ​ជោ​បាន​ចាត់ទុកថា​នេះ​មិនមែនជា​ការបញ្ចេញមតិ​ទេ តែ​គឺជា​អំពើ​ឧក្រិដ្ឋកម្ម បំផ្លិចបំផ្លាញ​សន្តិសុខ​ជាតិ បំផ្លិចបំផ្លាញ​នូវ​ស្ថេរភាព​ជាតិ និង​បំផ្លាញ​ជីវិត​របស់​ប្រជាជន​កម្ពុជា ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​នេះ​នៅក្នុង​ពិធី​សម្ភោ​ធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​អាកាស​មិត្តភាព​កម្ពុជា-ចិន សែន​សុខ នា​ព្រឹក​ថ្ងៃទី២ ខែកក្កដា​នេះ ។​

សម្ដេចតេជោ ហ៊ុន សែន ព្រមាន​ចាប់​ដាក់គុក​ពួក​ដើរ​ខ្សឹប​ថា​ទឹកខ្មៅ​ជ្រលក់​ដៃ​បោះឆ្នោត​នឹងធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ (រូបថត : តារារិទ្ធិ)

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ៖ “​…ព្រឹក​មិញ​នេះ​ខ្ញុំ​បានទទួល​ព័ត៌មាន​មួយ អំពី​ការ​ឆបោក​ដែល​អាច​ក្លាយទៅជា​ឧក្រិដ្ឋកម្ម​របស់​ក្រុម​មួយ ដែល​យើង​មិនត្រូវ​អត់ឱន​បានទេ…ដោយ​គេ​បានលើកឡើង​ថា​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ​នឹងមាន​ទឹកខ្មៅ​ជ្រលក់​ដៃ​ចំនួន២ដប ទឹកខ្មៅ​ជ្រលក់​ដៃ​ដប​ទី​១ គឺ​ទឹកខ្មៅ​ធម្មតា​…ឯ​ដប​ទី​២ គឺ​ទឹកដប​ទឹកខ្មៅ​ដែល​ជ្រលក់​ទៅ២៤ម៉ោង​ក្រោយ​នឹង​ស្លាប់​ខ្លួន…​” ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា “…ពួកនេះ​ជា​ក្រុម​ដដែល​ទេ​ដែល កាលពី៥ឆ្នាំមុន ធ្លាប់បាន​ស្រែកថា​ទឹកខ្មៅ​ជ្រលក់​ដៃ​ជូត​ជ្រះ…ហើយ​ឥឡូវនេះ​គេ​មាន​ផែនការ​សំងាត់​របស់គេ ដើរ​ខ្សឹ​ប​ប្រជាជន​ម្តងទៀត​អំពី​ដៃ​ថា ទឹកខ្មៅ​ជ្រលក់​ដៃ​នេះ ជ្រលក់​ហើយ២៤ម៉ោង​ក្រោយ​និង​ត្រូវស្លាប់…”។

​សម្តេច​តេ​ជោ​បាន​បន្តថា ​មិន​ត្រូវឱ្យ​ពួកនេះ​រួចខ្លួន​ទេ​លើក​នេះ​ត្រូវ​តាម​ចាប់​អា​មេក្លោង​ឲ្យ​បាន ទោះ​ទៅដល់​ប្រទេស​ណា​ក៏​ត្រូវតែ​ចាប់​ឲ្យ​បាន ព្រោះនេះ​ជាការ​បោកប្រាស់​បំភ័យ​ប្រជាជន​មិនឲ្យ​ទៅ​បោះឆ្នោត​ជាមួយនិង​បក្ស​បក្សពួក​អា​ក្រុម​ ដែល​បាន​អំពាវនាវ​មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត​។​

​បើ​យោងតាម​សម្តេច​ក្រុម​នេះ​បាន​ជួបប្រជុំគ្នា​នាពេល​ថ្មីៗ​នេះ ​ដាក់ចេញ​នូវ​ផែន​ការដើរ​ខ្សឹ​ប​ប្រជាជន និង បង្ហោះ​តាម​ហ្វេ​ស​ប៊ុក ។ ក៏ប៉ុន្តែ​ផែនការ​របស់​ពួកគេ​ត្រូវបាន​យើង​ក្តាប់បាន​អស់ហើយ​មិនអាច​លាក់​ជិត​ជាមួយ​សម​ត្ត​កិច្ច​បានទេ ។ សម្តេច​បាន​ឲ្យ​ដឹង​ទៀតថា ​ព្រឹក​មិញ​សម្តេច​បាន​បញ្ជូន​ព័ត៌មាន​នេះ ទៅ​សម្តេច​ ទៀ បាញ់ និង សម្តេច​ក្រឡាហោម ។ បើសិនជា​ពួកគេ​ហ៊ាន​ធ្វើ គឺ​ពួកគេ​នឹង​ជាប់គុក​ហើយ​វា​ជា​បទល្មើស​មួយ​ដែល​មិនអាច​អត់ឱន​ឲ្យ​បានទេ នេះ​មិនមែនជា​សិទ្ធិ​បញ្ចេញមតិ​ទេ​សុំ គ​.​ជ​.​ប ចាត់ចែង​កិច្ចការងារ​នេះ ។ ប៉ុន្តែ​អ្នក​ដែល​ត្រូវអនុវត្ត​ពិតប្រាកដ​ គឺ​រដ្ឋបាល​របស់​យើង​ដែល​ត្រូវ​បំផ្លាញ​ផែនការ​ឆបោក​នេះ​ឲ្យ​បាន ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា “…អ្នកឯង​ត្រូវ​ចាំ​ឲ្យ​បាន​ថា អ្នកឯង​ធ្វើបែបនេះ​គឺ​អ្នកឯង​បាន​បំផ្លាញ​ជាតិ រាជរដ្ឋាភិបាល​មិន​ឲ្យ​អ្នកឯង​រួចខ្លួន​ទេ…បើ​អ្នកឯង​គ្រាន់តែ​និយាយថា​សុំ​កុំទៅ​បោះឆ្នោត​វា​ជា​រឿង​មួយ…​ក៏ប៉ុន្តែ​បើសិនជា​អ្នកឯង​អាចឈាន​ទៅដល់​ដំណាក់កាល​ដែរ​ថា​ ទឹកខ្មៅ​ជ្រលក់​ស្លាប់​គឺ​មិនអាច​អត់ឱន​ឲ្យ​បានទេ …”។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ឲ្យ​កម្លាំង​ប៉ូលីស និង ផ្នែក​ចារកម្ម តម្លើង​ម៉ាស៊ីន​ចាប់​រលកសញ្ញា​ហ្វេ​ស​បុក ដើម្បី​តាមរក​ទីតាំង​នៃ​ការ​បង្ហោះ​ចេញ​នូវ​សារ​បំភ័យ​ប្រជា​ជននេះ​ដោយ​សម្តេច​អះអាងថា​រាជ​រដ្ឋាភិបាល​​មាន​មធ្យោបាយ​ចាប់យក​ចំណុច​នៃ​ការ​បង្ហោះ​ចេញ​នូវ​សារ​តាម​ហ្វេ​ស​ប៊ុក ដែលមាន​កម្រិត​លំអៀង​ត្រឹម ២,៥ ម៉ែត្រ​តែប៉ុណ្ណោះ ។

​សម្តេច​ក៏បាន​ប្រាប់​ទៅ​ក្រុម​ទាំងនោះ​ថា “…​អា​ផែនការ​២៣​កក្កដា​នេះ​ សូម​បញ្ឈប់​ទៅ​កុំ​ធ្វើ​ឲ្យសោះ​…ផែនការ​របស់​អ្នកឯង​គឺជា​ផែនការ​គ្រោះថ្នាក់ ​ដែល​យើង​បាន​គ្រប់គ្រង​រួចស្រេច​ទៅហើយ…សូម​បញ្ឈប់​ទៅ​កុំ​ធ្វើ​រឿងនេះ​គឺជា​រឿង​បំភ្លេច​បំផ្លាញ​សន្តិសុខ​ជាតិ បំភ្លេច​បំផ្លាញ​នូវ​ស្ថេរភាព​ជាតិ និង បំផ្លាញ​ជីវិត​របស់​ប្រជាជន…ហើយ​ប្រសិនជា​ពួក​បរទេស​ដែល​គាំទ្រ​ដល់​ផែនការ​នេះ ​មិនចាំបាច់​ធ្វើជា​ប្រទេស​ប្រជាធិបតេយ្យ​ទៀត​នោះទេ…”៕B