សម្តេចនាយករដ្ឋមន្រ្តី​​អញ្ជើញ​ដាំ​ដើមឈើ​នៅ ​“​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫ​ស្សី​ត្រឹប​”

366

ដោយ : តារារិទ្ធិ /ព្រះវិហារ​ ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ ក្នុង​ធ​ពិធី​ដាំ​កូនឈើ​នៅ​តំបន់ “​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫ​ស្សី​ត្រឹប​” នា​ព្រឹក​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨ ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ ។​

“ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឬ​ស្សី​ត្រឹប​” មាន​លក្ខណៈពិសេស​ច្រើនយ៉ាង ដូចជា ​៖ ​ធនធាន​ជីវៈចម្រុះ​ដែលជា​ភាព​កម្រ​នៃ​ធម្មជាតិ​  ​រុក្ខជាតិ​និង​សត្វ ។ មរតក​វប្បធម៌​ប្រវត្តិសាស្ត្រ​កម្ពុជា​ មជ្ឈមណ្ឌល​ផលិត​ដែកខ្មែរ​បុរាណ ដែល​អាចមាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ​មកហើយ ។ លក្ខណៈ ពិសេស​ទាំងនេះ​អាចឲ្យ​ទាញ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សហគម ក៏ដូចជា​ការទាក់ទាញ​វិស័យទេសចរណ៍ ។ គេ​អាច​រៀបចំ​កញ្ចប់​ទេសច​រណ៍​ដោយ​ភ្ជាប់​ទៅនឹង​តំបន់​ក្បែរ​នេះ​ដូចជា​ទឹកជ្រោះ​ព្រះនិម្មិត​ប្រាសាទព្រះវិហារ​…​ជាដើម​។​

តាម​ការស្រាវជ្រាវ​រប​ស់រាជ​បណ្ឌិតសភា​កម្ពុ​ជា មរតក​វប្បធម៌​រូបី​និង​អរូបី នៅ​តំបន់​ឧទ្យានរាជបណ្ឌិត្យសភា​កម្ពុជា តេ​ជោ​សែន ឫ​ស្សី​ត្រឹប បាន​ឲ្យ​ដឹងថា​ ៖​ ក្រុម​ស្រាវជ្រាវ​មរតក​វប្បធម៌​រូបី​បាន​រុករក ឃើញ​ស្ថានីយ៍​បុរាណ​ចំនួន១២៤ ក្នុងនោះ​សន្លុង​ចំនួន៤៣ ត្រពាំង​សន្លុង​ចំនួន​១៧ ត្រពាំង​ចំនួន​៦៤ និង បុរាណវត្ថុ​មួយចំនួន​ដូចជា​កុលាលភាជន៍ ត្រ​ឡែក​តូច ត្រ​ឡែក​ធំ និង​ឧបករណ៍​ធ្វើ​ពី​ដែក មាន​ផ្លែ​ចបជីក​ចំនួន​១ ផ្លែ​ដឹង​ចំនួន​១០ ចង្កំដងកាំបិត​ចំនួន​៤ ដងកាំបិត​១ និង​ដែកគោល​២​។ ​ភស្ដុតាង​បុរាណវត្ថុ​ដែល​រកឃើញ​ទាំងអស់ ​យើង​អា​សន្និដ្ឋាន​ជាបឋម​ថា ឧទ្យានឫ​ស្សី​ត្រឹប ជា​អតីត​តំបន់​ផលិត ដែក​មួយ ក្នុងសម័យ​អង្គរ ចាប់ពី​សតវត្ស​ទី​១១ ដល់​សតវត្ស​ទី​១៣​។​

ដោយឡែក​មរតក​វប្បធម៌​អរូបី​ ៖ នៅក្នុង​តំបន់​ជុំវិញ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប មាន​ជនជាតិ​កួយ ដែលជា​ជនជាតិភាគតិច​នៅ​កម្ពុជា បច្ចុប្បន្ន​បានរស់នៅ​ជា​យូរ​មកហើយ ដោយ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ធ្វើ​ចម្ការ​ដាំ​ស្រូវ (​ហៅ​ចម្ការ​វិលជុំ​) ការ​បរបាញ់​សត្វព្រៃ ការរក​អនុផល​ព្រៃឈើ ការ​ច្បោះ​ជ័រ យកមក​ធ្វើ​ចន្លុះ​ជាដើម ។ មាន​មរតក​វប្បធម៌ អរូបី​ចំនួន​បី ដែល​ត្រូវមាន​ស្រាវជ្រាវ​បន្ដទៀត​គឺ ដើម​ខ្នែង​ការ​ច្បោះ​ជ័រ និង​វាយ​ខែល​។​

​សូមបញ្ជាក់ថា ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឬ​ស្សី​ត្រឹប មាន​ទីតាំង​ស្ថិត ក្នុង​ឃុំ​ឆែប​១ និង​ឃុំ​ឆែប​២ ខេត្តព្រះវិហារ មាន​ផ្ទៃដី​សរុប​ចំនួន​១១,៤៣៥​ហិច​តា ត្រូវបាន​បង្កើតឡើង ដោយ ព្រះរាជក្រឹត្យ​នៅ​ឆ្នាំ​២០១៤៕​B/MN