ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​ចំណុច​គន្លឹះ​៥​ដែល​កម្ពុជា​កំពុង​អនុវត្ត នៅឯ​វេទិកា​នាយក​ប្រតិបត្តិ នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ​

889
ចែករម្លែក
  • 38
    Shares

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​នូវ​វិធានការ​មុត​ស្រួច​ប្រកប ដោយ​ភាពជាក់ស្តែង​និង​ប្រាកដនិយម​សម្រាប់​លើកកម្ពស់​កិច្ច​ស​ប្រតិបត្តិការ​និង​ការធ្វើសមាហរណកម្ម នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ ACMECS​។

​នៅ​ព្រឹក​ថ្ងៃទី​១៥ មិថុនា​នេះ មេដឹកនាំ​ពះ​រាជាណាចក្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ារ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​នាយក​ប្រតិបត្តិ​នៃ​ប្រទេស ACMECS ស្តីពី​ការភ្ជាប់​ទៅ​អនាគត​របស់​យើង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​និង​ការធ្វើសមាហរណកម្ម ACMECS នៅ​ទីក្រុង​បាង​កាក​ប្រទេស​ថៃ​។​

​ផេ​ក​ហ្វេ​ស​បុក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​សម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នូវ​វិធានការ​មុត​ស្រួច​ប្រកបដោយ​ភាពជាក់ស្តែង និង​ប្រាកដនិយម​មួយចំនួន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​យកចិត្តទុកដាក់​អនុវត្ត​ចំនួន ៥ ៖​ទី​១.​រាជរដ្ឋាភិបាល​បាននិងកំពុង​ជំរុញ​ការសម្រួល​ពាណិជ្ជកម្ម​ដោយ​រៀបចំ​ដាក់​ឲ្យ​អនុវត្ត​នូវ​បញ្ជរ​ចេញ​-​ចូល​តែមួយ ធ្វើ​សាមញ្ញ​កម្ម និង​ស្វ័យប្រវត្តិកម្ម​និតិ​វិធី​គយ ទាំង​លើ​ការកំណត់ថ្លៃ និង​ការបញ្ចេញ​ទំនិញ កាត់បន្ថយ​នូវ​ថ្លៃ​សេវា ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​នានា ព្រមទាំង​សិក្សា​ធ្វើការ​កែសម្រួល​នូវ​ស្ថាប័ន តាម​មាត់ច្រក​ទា្វ​អន្តរជាតិ និង​កំពង់ផែ​អន្តរជាតិ ដើម្បី​សម្រួល និង​ព​ន្លឿ​ន​ដល់​ការនាំចេញ​-​នាំចូល​។​ទី​២.​នៅលើ​ការតភ្ជាប់​ផ្នែក​ទន់​រាជរដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​ផែនការមេ​ស្តីពី​វិស័យ​ឡូ​ជី​ស្ទីក​រួមទាំង​ការតភ្ជាប់​ផ្នែក​ឌីជីថល (Digital) ផង​ដោយ​ដាក់ចេញ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ​អនុវត្ត​នៅក្នុង​រយៈពេល​មធ្យម​ខាង​មុខ ។

ជាមួយគ្នានេះ​ផង​ដេរ​រាជរដ្ឋាភិបាល​កំពុង​ក៏​សាង​បន្ថែម​និង​កែលម្អ​កំពង់ផែ​សមុទ្រ​នៅ​ក្រុងព្រះសីហនុ​ឲ្យ​មាន​ជម្រៅ​ទឹក​រហូតដល់ ១៤ ម៉ែត្រ ដែល​អាច​ទទួលបាន​នូវ​នាវា​ដឹកទំនិញ​ធំៗ ទន្ទឹមនឹង​ការកសាង​ផ្លូវ​ល្បឿន​លឿន​(Expressway) ពី​ភ្នំពេញ​ទៅ​កំពង់ផែ​អន្តរជាតិ​នេះ​ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​នានា​ទៅ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ដោយ​ប្រើប្រាស់​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​(PPP)​។ ការកសាង​ទាំងនេះ នឹង​សម្រេច​រួចរាល់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​ទី​៣.​ពាក់ព័ន្ធ​នឹង​ថ្លៃ​អគ្គិសនី​ដោយសារ​តម្លៃ​អគ្គិសនី​នៅ​កម្ពុ​ជាមាន​កម្រិត​ខ្ពស់ជាង​ថ្លៃ​អគ្គិសនី​នៅក្នុង​ប្រទេស​មួយចំនួន ដែលជា​សមាជិក ACMECS ដែលជា​បញ្ហា​ប្រឈម​ចម្បង​មួយ​នៅក្នុង​ការទាក់ទាញ​ការវិនិយោគ ។

​ចំពោះ​បញ្ហា​នេះ​រាជរដ្ឋាភិបាល​កំពុងតែ​ពិនិត្យ​លទ្ធភាព​ធ្វើការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ជា​បណ្តើរៗ​ថែមទៀត​ចាប់តាំងពី​ឆ្នាំ​២០១៩ នេះ​តទៅ​។ ទី​៤.​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​បង្កើត​ធនាគារ SMEs ព្រមទាំង​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា ទន្ទឹមនឹង​ការដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​មួយចំនួនទៀត​នៅក្នុង​ក្របខណ្ឌ​នៃ​គោលនយោបាយ​ជំរុញ​អភិវឌ្ឍន៍ SMEs ដើម្បី​លើ​កម្ពស់​វិស័យនេះ ឲ្យ​ក្លាយជា​ក្បាលម៉ាស៊ីន​ប្រកបដោយ​ជវភាព នៅក្នុង​ការលើកស្ទួយ​កំណើនសេដ្ឋកិច្ច និង ទី​៥.​កម្ពុជា​កំពុង​រៀបចំខ្លួន​ដើម្បី​ចាប់យក​សក្តានុពល​និង​ប្រយោជន៍​នៃ​សេដ្ឋកិច្ច Digital ដែល​កំពុងតែ​កើនឡើង និង​រីក​ដុះ​ដាក់​នៅក្នុង​តំបន់ និង​ពិភពលោក ។ ដូច​បណ្តាល​ប្រទេស​នៅក្នុង​តំបន់​, កម្ពុជា​កំពុងតែ​បង្កើត​ការវិនិយោគ​រៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ទ្រទ្រង់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច Digital នេះ​ដែល​រួម​ប​ញ្ជូ​ល​នូវ​ការអភិវឌ្ឍ​ស្ថាប័ន​, ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​ឆ្អឹងខ្នង និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។​

​នៅក្នុង​ឱកាស​នេះដែរ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​លោកនាយក​ប្រតិបត្តិ និង​វិនិយោគិន​ទាំងអស់​ទៅ​ស្វែងយល់​ពី​កាលានុវត្តភាព​វិនិយោគ​ជាក់ស្តែង ដែល​កម្ពុជា​អាច​ផ្គ​ល់​ជូន​ក៏ដូចជា​ភាព​បុ​រេ​សកម្ម​របស់​រាជរដ្ឋាភិបាល នៅក្នុង​ការកែទម្រង់ ជាពិសេស​ការកែលម្អ​គោលនយោបាយ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ព្រមទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​រឹង និង​ទន់ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​វិនិយោគិន ក្នុងទិសដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិស្ថាន​វិនិយោគ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​៕ ល​

#