ប្រមុខ​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G20 ៖ ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​បង្ក​ការគំរាមកំហែង​ដល់​សេដ្ឋកិច្ច​សកលលោក​

181
ចែករម្លែក

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​អភិបាល​ធនាគារកណ្តាល​នៃ​ក្រុម​ប្រទេស G20 កាលពី​ថ្ងៃអាទិត្យ​ទី​៩​មិថុនា មេដឹកនាំ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​ព្រមាន​ថា ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​និង​ភូមិសាស្ត្រ​នយោបាយ​បាន​កើនឡើង​កាន់តែខ្លាំង ដោយ​បង្កឱ្យមាន​ហានិភ័យ​ដល់​កំណើនសេដ្ឋកិច្ច​សក​ល​លោក​។​

​សេចក្តីថ្លែងការណ៍​បានឱ្យដឹង​ទៀតថា សេដ្ឋកិច្ច​សកលលោក​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​នៅ​កម្រិត​មធ្យម​ឆ្នាំនេះ​និង​ឆ្នាំ​២០២០ ខណៈ​វិធាន​ការជំរុញ​សេដ្ឋកិច្ច​នឹង​ចូល​ជា​ធរមាន​នៅតាម​ប្រទេស​មួយចំនួន​។ ទោះយ៉ាងណា ការរីកចម្រើន​នៅតែមាន​កម្រិត​ទាប ហើយ​ហានិភ័យ​នៅតែមាន ជាពិសេស​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​និង​ភូមិសាស្ត្រ​នយោបាយ​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​សង្កត់ធ្ងន់​លើ​តួនាទី​សំខាន់​នៃ​គោលនយោបាយ​សារពើពន្ធ​ដែលមាន​ភាពបត់បែន​និង​កំណែទម្រង់​រចនាសម្ព័ន្ធ​។ ក្រុម​ប្រទេស G20 នឹង​ប្រើប្រាស់​ឧបករណ៍​គោលនយោបាយ​នានា​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នៃ​ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព តុល្យភាព និង គ្រប់​ជ្រុងជ្រោយ និង​ការពារ​ប្រឆាំងនឹង​ហានិភ័យ​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​។​

​ប្រមុខ IMF លោកស្រី​គ្រីស្ទី​ន ឡា​ហ្គា​ដ បាន​និយាយថា ភាព​តាន​ខាង​តឹង​ពាណិជ្ជកម្ម​គឺជា “​ហានិភ័យ​ដ៏​សំខាន់​នៅលើ​ពិភពលោក​” ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​សេដ្ឋកិច្ច​ធំៗ​របស់ G20 ដោះស្រាយ​ភាព​តានតឹង​ពាណិជ្ជកម្ម​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចំពោះ​កំណើន​សកលលោក​។​

​លោកស្រី​ឡា​ហ្គា​ដ ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បាន​ជួបប្រជុំគ្នា​នៅ​គ្រា​ដែល​សេដ្ឋកិច្ចពិភពលោក​កំពុង​បង្ហាញ​សញ្ញា​បណ្តោះអាសន្ន​នៃ​ស្ថិរភាព ហើយ​កំណើនសេដ្ឋកិច្ច​ត្រូវបាន​ព្យាករណ៍​ថា​នឹងមាន​ភាពរឹងមាំ​។ ខណៈដែល​នេះ​គឺជា​ដំណឹង​ល្អ ផ្លូវ​នៅខាងមុខ​នៅតែមាន​គ្រោះថ្នាក់​និង​អាច​ប្រឈម​នឹង​ហានិភ័យ​ជាច្រើន​”​។​

​លោកស្រី​ឡា​ហ្គា​ដ​និយាយថា “​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ទាំងនេះ ខ្ញុំ​សូម​សង្កត់ធ្ងន់ថា អាទិភាព​ទីមួយ​គឺ​គួរតែ​ដោះស្រាយ​ភាព​តានតឹង​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន រួមទាំង​ការលុបបំបាត់​ការដំឡើង​ពន្ធ​ដែលមាន​ស្រាប់ និង​ចៀសវាង​ការដំឡើង​ពន្ធ​ថ្មី​”៕ ដោយ៖ កញ្ញាដាលីស/Ha

ប្រមុខ IMF លោកស្រី​គ្រីស្ទី​ន ឡា​ហ្គា​ដ ថា ភាព​តាន​ខាង​តឹង​ពាណិជ្ជកម្ម​គឺជា “​ហានិភ័យ​ដ៏​សំខាន់​នៅលើ​ពិភពលោក​”