ប្រមុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​ឱ្យ​បញ្ចប់​ការប្រយុទ្ធ​គ្នា​នៅ​ប្រទេស​ស៊ី​រី ភាគខាងត្បូង​

434

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូញ៉ូ ហ្គូទែរ៉េស( Antonio Guterres) កាលពីថ្ងៃសុក្រទី២២ មិថុនាបានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ការកើនឡើងការវាយប្រហារដោយយោធា នៅភាគនិរតីនៃ ប្រទេស ស៊ីរី និង អំពាវនាវឱ្យវិលត្រឡប់ទៅរកការព្រមព្រៀងបទឈប់បាញ់គ្នា ដែលបានព្រមព្រៀងដោយរុស្ស៊ីសហរដ្ឋអាមេរិក និងហ្ស៊កដានី។

លោកស្រី និកគី ហាឡី(Nikki Haley )ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានជំរុញឱ្យរុស្ស៊ីដាក់ សម្ពាធលើសម្ពន្ធមិត្តស៊ីរីរបស់ខ្លួនដើម្បីឱ្យគាំទ្របទឈប់បាញ់នេះ។

លោក Antonio Guterres គ្រោងនឹងធ្វើការចរចានៅថ្ងៃសៅរ៍ទី២៣ខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោន ជាមួយលោកម៉ៃ ផលផេវ( Mike Pompeo)រដ្ឋមន្ត្រីការបរទេសអាមេរិក។

ប្រធានាធិបតីស៊ីរី លោកបាសសា អាល់-អាសាត( Bashar al-Assad) បានប្តេជ្ញាវាយដណ្តើមកាន់កាប់តំបន់មួយចំនួនមកវិញ ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅតំបន់ភាគខាងត្បូងនៃប្រទេសនេះ។

រយៈពេល៣ថ្ងៃកន្លងទៅនេះ តំបន់មួយចំនួននៅទីក្រុងDaraa ភាគខាងកើត ត្រូវបានទម្លាក់គ្រាប់បែកដោយបណ្តាលឱ្យជនស៊ីវិលជាង១១.០០០នាក់រត់ភៀសខ្លួនចេញ ,នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធមនុស្សស៊ីរី​Observatory ។

កងទ័ពរបស់លោក Bashar al-Assad បានវាយកាន់កាប់បានតំបន់មួយចំនួនមកវិញពីក្រុមយុទ្ធជនប្រឆាំងចាប់តាំងពីរុស្ស៊ីបានអន្តរាគមន៍យោធាដើម្បីគាំទ្ររដ្ឋាភិបាលរបស់លោក Bashar al-Assad ចាប់តាំងពីឆ្នាំ២០១៥មក។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងជួប ប្រជុំដើម្បីពិភាក្សាបញ្ហាស៊ីរីនៅថ្ងៃពុធសប្តាហ៍ក្រោយ៕

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នានៅប្រទេសស៊ីរី ភាគខាងត្បូង