លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទទី២០សីហាថាលោកគ្រោងនឹងពិភាក្សាអំពីមធ្យោបាយនានាដើម្បីលើកទឹកចិត្តដល់ការលុបបំបាត់នុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េក្នុងអំឡុងកិច្ចប្រជុំនៃក្រុមមេដឹកនាំពិភពលោកនៅខែក្រោយនៅឯអង្គការសហប្រជាជាតិ។
លោក Antonio Guterres បានស្វាគមន៍ចំពោះការរៀបចំឱ្យមានការជួបជុំគ្រួសារកូរ៉េទាំង២ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទជាលើកដំបូង ដែលបានធ្វើឡើងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ បន្ទាប់ពីទំនាក់ទំនងការទូតមានភាពល្អប្រសើរឡើងនៅឧបទ្វីបនេះ។
កាលពីថ្ងៃចន្ទ សមាជិកគ្រួសារកូរ៉េខាងជើងនិងកូរ៉េខាងត្បូងដែលបែកគ្នាក្នុងសង្គ្រាមកូរ៉េបានជួបគ្នានៅប្រទេសកូរ៉េខាងជើង។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា” លោក Antonio Guterres សង្ឃឹមថាការរៀបចំឱ្យមានការជួបមុខគ្នានៃក្រុមគ្រួសារកូរ៉េបែបនេះ នឹងក្លាយជាការរៀបចំឱ្យមានការជួបគ្នាជាធម្មតានៅពេលអនាគត និងស្វាគមន៍កិច្ចខំប្រឹងប្រែងដោយកូរ៉េទាំង២ដើម្បីបន្តទំនាក់ទំនងល្អរបស់ពួកគេ និង ដើម្បីកសាងទំនុកចិត្តនិងការជឿជាក់គ្នា”។
លោក Antonio Guterres បាននិយាយថា លោកសង្ឃឹមថានឹងមានការពិភាក្សាគ្នាអំពីមធ្យោបាយដែលលោក អាចជួយដល់ភាគីនានាបន្ថែមទៀតនៅក្នុងកិច្ចខំប្រឹងប្រែងផ្នែកការទូតរបស់ពួកគេដើម្បីនាំមកនូវ សន្តិភាព សន្តិសុខ និង ការរំលាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលមានមហាសន្និបាតអង្គការសហប្រជាជាតិនៅពេលឆាប់ខាងមុននេះ។
ប្រធានាធិបតីអាមេរិក លោកDonald Trump គ្រោងនឹងចូលរួមកិច្ចប្រជុំនៃក្រុមមេដឹកនាំពិភពលោកនេះនៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដែលចាប់ផ្តើមនៅថ្ងៃទី២៦ខែកញ្ញាខាងមុខនេះ ស្របពេលដែល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho នឹងចូលរួមផងដែរ៕ដោយ៖សុខា/sn
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ