ប្រមុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​ឱ្យ​ស្ងប់ស្ងាត់​បន្ទាប់ពី​អំពើហិង្សា​ផ្ទុះឡើង​បន្ទាប់ពី​ការបោះឆ្នោត​នៅ​កេ​ន​យ៉ា​

1059
ចែករម្លែក

​លោក អង់​តូ​នី​ញ៉ូ គូ​តេ​រ៉េ​ស (Antonio Guterre) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​សៅរ៍ ទី​១២ សីហា បាន​អំពាវនាវ​ក្រុម​មេដឹកនាំ​បក្សប្រឆាំង ឱ្យ​ដោះស្រាយ​ជម្លោះ​របស់​ពួកគេ​អំពី​ការបោះឆ្នោត​ប្រធានាធិបតី​តាមរយៈ​មធ្យោបាយ​ច្បាប់ ជំនួស​ឱ្យ​អំពើហិង្សា​។​

​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ថ្លែង​កត់សម្គាល់​អំពី​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន នៅ​ប្រទេស​កេ​ន​យ៉ា និង បានលើកឡើង​អំពី​ការប្រកាស​របស់​ក្រុម​អាជ្ញាធរ​បោះឆ្នោត​អំពី​ប្រធានាធិបតី​កំពុងកាន់​អំណាច់ គឺ លោក អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​ត​តា (Uhuru Kenyatta) ជា​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​នេះ ។​

​លោក គូ​តេ​រ៉េ បាន​អំពាវនាវ​ឱ្យ​ក្រុម​អ្នកនយោបាយ​បញ្ជូន​សារ​ច្បាស់ៗ​ទៅ​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ​ដោយ​ជំរុញ​ពួកគេ​ចៀង​វាង​ការប្រើ​អំពើហិង្សា​។ លោក ក៏បាន​ថ្លែង​ផងដែរ​អំពី​ភាព​សំខាន់​នៃ​ការចរចា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​។​

​អង្គការសហប្រជាជាតិ ដោយ​រួមទាំង​សហភាព​អាហ្វ្រិក និង​ប្រទេស​ជា​ដៃគូ​ផ្សេងៗ​ទៀត ចូល​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​នយោបាយ​របស់​ប្រទេស​កេ​ន​យ៉ា​និង​ក្រុម​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​សម្រួល​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​នេះ​។​

​គណៈកម្មការ​ជាតិ​កេ​ន​យ៉ា​ទទួលបន្ទុក​បញ្ហា​សិទ្ធិមនុស្ស បាន​និយាយថា ២៤​នាក់ ត្រូវបាន​សម្លាប់​នៅ​ទូទាំងប្រទេស ពី​អំពើហិង្សា​របស់​ប៉ូលិស ចាប់តាំងពី​ថ្ងៃទី​៨​ខែសីហា​មក​។​

​ប៉ុន្តែ គណបក្សប្រឆាំង​កេ​ន​យ៉ា បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស ដែល​ឆ្លើយតប​ទៅនឹង​ការតវ៉ា​នេះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​ចុងក្រោយ​នេះ ៕ ដោយ៖ សុខា

​ក្រុម​អ្នកគាំទ្រ​របស់ លោក រ៉ា​អ៊ី​ល អូ​ដី​ន​ហ្គា មេដឹកនាំ​គណបក្សប្រឆាំង រត់​ចេញពី​ការបង្ក្រាប​របស់​ប៉ូលិស​ក្នុងអំឡុង​ប៉ះទង្គិច​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា កាលពី​ថ្ងៃ​សៅរ៍