ប្រមុខ​អង្គការ​ណា​សា​ព្រមាន​ថា​អាចម៍ផ្កាយ​អាច​នឹង​វាយប្រហារ​ផែនដី​ក្នុង​ជំនាន់​របស់​យើង​និង​អំពាវនាវ​ឱ្យ​សិក្សា​ជា​សកល​អំពី​ការគំរាមកំហែង​របស់​វា​

221
ចែករម្លែក

​អ្នកគ្រប់គ្រង​របស់​អង្គការ​ណា​សា​លោក​ជី​ម ប្រាយ​ដិ​ន​ស្ទី​ន (Jim Bridenstine) ជឿថា ការរំពឹងទុក​នៃ​អាចម៍ផ្កាយ​ពេជ្ឈឃាត​បុក​ជាមួយ​ផែនដី មិនមែនជា​អ្វីមួយ​បម្រុង​ទុក​សម្រាប់តែ​ខ្សែភាពយន្ត​ប្រឌិត​បែប​វិទ្យាសាស្ដ្រ​នោះទេ​។​

​លោក​ប្រាយ​ដិ​ន​ស្ទី​ន​បាន​យក​ករណីនេះ​ធ្វើជា​ហេតុផល​ដែល​សហរដ្ឋអាមេរិក​គួរតែ​ពង្រឹង​ខែល​ការពារ​របស់ខ្លួន​ទប់​ទល់នឹង​ព្រឹត្តិការណ៍​អាចម៍ផ្កាយ កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មេសា​នៅឯ​សន្និសីទ​ស្តីពី​ការការពារ​ផែនដី​ឆ្នាំ ២០១៩ នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​សន្និសីទ​នេះ​កើតឡើង​ខណៈដែល​អង្គកា​រណា​សា ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​សហព័ន្ធ និង​ភាគី​ដទៃទៀត នឹងធ្វើ​សមយុទ្ធ​ការពារ​មួយ​នៅឯ​សន្និសីទ​នេះ ដែល​ធ្វើឱ្យ​វា​ស្រដៀង​ទៅនឹង​អ្វី ដែល​អាចម៍ផ្កាយ​ហាក់​កំពុង​បោះពួយ​ឆ្ពោះ​មក​ផែនដី​។​

​លោក​ប្រាយ​ដិ​ន​ស្ទី​ន​បាន​និយាយ​នៅឯ​សន្និសីទ​ថា “​យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដថា មនុស្ស​យល់ថា​នេះ​មិនមែន​អំពី​ហូលីវូដ​ទេ វា​មិនមែន​អំពី​ខ្សែភាពយន្ត​នោះទេ​។ នេះ​គឺ​អំពី​ការការពារ​ចុងក្រោយ​បំផុត​នូវ​ភព​តែមួយគត់ ដែល​យើង​ស្គាល់​ឥឡូវនេះ ដែល​អាច​ទ្រទ្រង់​ជីវិត​បាន ហើយ​នោះ​គឺជា​ភពផែនដី​”​។​

​លោក​បាន​ចង្អុល​ទៅ​ព្រឹត្តិការណ៍​នៅ​ឆែ​ល​យ៉ា​ប៊ី​ន (Chelyabinsk) ថា​ជា​ភស្តុតាង​នៃ​ភាព​ធ្ងន់ធ្ងរ​និង​សក្តានុពល​កាន់តែ​កើនឡើង​សម្រាប់​ព្រឹត្តិការណ៍​អាចម៍ផ្កាយ​ទាំងនេះ​។​

​អាចម៍ផ្កាយ ដែល​បាន​ឆាបឆេះ​នៅ​ទូទាំង​តំបន់​ជួរ​ភ្នំ​យូ​រ៉ា​ល់ (Ural) ភាគខាងត្បូង​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៣ គឺជា​ការវាយប្រហារ​ធំ​បំផុត​របស់​អាចម៍ផ្កាយ​ក្នុង​រយៈពេល​ជាង​មួយ​សតវត្សរ៍ បន្ទាប់ពី​ព្រឹត្តិការណ៍​នៅ​ទុន​ហ្គូ​ស្កា (Tunguska) ឆ្នាំ ១៩០៨​។​

​មនុស្ស​ជាង ១.៦០០ នាក់​បាន​រងរបួស​ដោ​យ​សារ​រលក​ញាក់ញ័រ​ពី​ការផ្ទុះ​ឆេះ​អាចម៍ផ្កាយ ដែល​គេ​ប៉ាន់ប្រមាណ​ថា​មាន​កម្លាំង​ស្មើនឹង​គ្រាប់បែកបរមាណូ​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ២០ គ្រាប់​។​

​ខណៈដែល​ព្រឹត្តិការណ៍​ទាំងនោះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​កើតឡើង​រាល់ ៦០ ឆ្នាំ​ម្តង លោក​ប្រាយ​ដិ​ន​ស្ទី​ន​និយាយថា ពួកវា​បានកើត​ឡើង​បី​ដង​ក្នុង​រយៈពេល ១០០ ឆ្នាំ​ចុង​ក្រោយនេះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ជី​ម ប្រាយ​ដិ​ន​ស្ទី​ន​ជឿថា​អាចម៍ផ្កាយ​នឹង​វាយប្រហារ​ផែនដី​ក្នុង​ជំនាន់​របស់​យើង​សព្វថ្ងៃ