ប្រមុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​មាន​កិច្ច​ខំប្រឹងប្រែង​ជា​សកល​បន្ថែមទៀត​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​

370
ចែករម្លែក

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នីញ៉ូ ហ្គូ​ទ័រ​រ៉េស កាលពី​ថ្ងៃអាទិត្យ​ទី​១៦​កុម្ភៈ​បាន​និយាយ​ថា​ការប្រែប្រួល​អាកាសធាតុ​គឺ​ជា​ឧបសគ្គ​ធំ​បំផុត​​និង​ជា​កិច្ចការ​បន្ទាន់​បំផុត​ដែល​ត្រូវ​ធ្វើ​សម្រាប់​ស្ថិរភាព​និង​វិបុលភាព​ពិភពលោក​ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​កាន់តែ​ច្រើន​ដែល​ធ្វើឡើង​ដោយ​គ្រប់​ប្រ​​ទេស​និង​សហគមន៍​នៅ​លើ​ពិភពលោក គឺ​ចាំបាច់​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។

​ដោយ​ថ្លែង​ជាពិសេស​ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ការប្រែប្រួល​អាកាសធាតុ​នោះ​លោក​អគ្គលេខា បាន​និយាយថា បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​​បង្ហាញ​នូវ​គ្រោះថ្នាក់​យ៉ាង​ច្បាស់​នៅ​ទូទាំង​ពិភពលោក​ដោយ​រួមទាំង​ការវាយប្រហារ​របស់​ហ្វូង​សត្វ​កណ្តូប​ដែល​ប៉ា​គី​ស្ថាន​និង​ប្រទេស​ដទៃ​ទៀត​កំពុង​រងគ្រោះ​។ លោក​បាន​និយាយថា​”​ការឡើង​កំដៅ​ផែន ដី​កំពុង​នាំឱ្យ​មាន​ចលនា​ហ្វូង​សត្វល្អិត​នៅលើ​ពិភពលោក​” ។​

​លោក​បាន​និយាយថា​” ផែនដី​កំពុង​ឆេះ ប៉ុន្តែ​ពួក​អ្នក​ធ្វើការ​សម្រេចចិត្ត​ជា​ច្រើន​នៅតែ​បន្ត​ធ្វើ​ព្រងើយកន្តើយ​”​។ លោក​បាន​បន្ថែមថា សម្ទុះ​សកល​សម្រាប់​​ការដោះស្រាយ​វិបត្តិ​អាកាសធាតុ​បាន​ជាប់គាំង​ចាប់តាំងពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ។​

​ប្រមុខ​អង្គការ​សហប្រជាជាតិ​រូបនេះ​បាន និយាយថា​”​វា​គឺជា​អ្វី​ដែល​ខ្ញុំ​ជឿជាក់​ថា​យើង​អាច​ដោះស្រាយបាន​បើសិន​យើង​អាចបង្កើត​ឆន្ទៈ​នយោបាយ​និង​ឯកភាព​​ដែល​យើង​ត្រូវការ​ដើម្បី​ធ្វើឱ្យ​មាន​ភាពប្រែប្រួល​ល្អប្រសើរ​។

​ដោយ​បន្ថែម​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ដែល​ធ្វើ​នៅ​ទីក្រុង​ក្លាស​ហ្គោ ប្រទេស​អង់គ្លេស​នោះ លោក​បាន​និយាយថា រដ្ឋាភិបាល​ទាំងឡាយ ត្រូវតែ​ចាត់​វិធានការ​ដើម្បី​ធ្វើឱ្យ​មាន​ការប្រែប្រួល​ល្អ​ឡើង ដែល​ពិភពលោក​ត្រូវការ​ហើយ​ប្រជាជន​ទាមទារ​ឱ្យមាន​មហិច្ឆតា​ខ្លាំង​ជាង​មុន​។​

​ក្រៅពី​ការការពារ​បរិស្ថាន លោក អង់​តូ​នីញ៉ូ ហ្គូ​ទ័រ​រ៉េសក៏​បាន​ជំរុញ​ឱ្យ​ពិភពលោក​បង្កើន​សកម្ម​ភាព​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(SDGs) ផ្សេង​ទៀត​ដែល​គ្របដណ្តប់​លើ​វឌ្ឍនភាព​ទាំងមូល​របស់​មនុស្សជាតិ​ដែល​រួមមាន ការថែរក្សា​សុខភាព សមភាព​យេនឌ័រ ការកាត់បន្ថយ​ភាពក្រីក្រ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក អង់​តូ​នីញ៉ូ ហ្គូ​ទ័រ​រ៉េស ថ្លែង​អំពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ការប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​​អាទិត្យ​