ប្រមុខ​អង្គការ WTO និយាយថា អាមេរិក​និង​ចិន​មាន “​សម្ភារៈ​សឹក​” ច្រើនណាស់ ហើយ​ជម្លោះ​ពាណិជ្ជកម្ម​អាច​ផ្ទុះ​រាលដាល​ដល់​វិស័យ​ផ្សេងទៀត​

650
ចែករម្លែក

​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី ១៩ កញ្ញា​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​អាច​រីក​រាលដាល​ទៅក្នុង​វិស័យ​ផ្សេងទៀត​ដោយសារ​ប្រទេស​ទាំង​២​មាន “​សម្ភារៈ​សឹក​” សំខាន់ៗ​ច្រើនណាស់​។​

​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​រី​យ៉ូ ដេ ជែ​នី​រ៉ូ ស្តីពី​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុង​វ៉ាស៊ីនតោន លោក រ៉ូ​បឺ​តូ អា​ហ្សេ​វ៉េ​ដូ បាន​និយាយថា WTO បាន​ផ្តោតលើ​ការព្យាយាម​បង្កើន​កិច្ចពិភាក្សា​រវាង​ប្រទេស​ទាំង​២​។​

​លោក​បាន​និយាយ​នៅក្នុង​ពិធី​នោះ​ថា “​ខ្ញុំ​ពិតជា​ព្រួយបារម្ភ​ខ្លាំងណាស់​។ និយាយ​ដោយស្មោះ​ទៅ ខ្ញុំ​មិន​គិតថា​វាច​ប់​នោះទេ​។ ពួកគេ​មាន​សម្ភារៈ​សឹក​ច្រើនណាស់ ហើយ​វា​អាច​រីក​រាលដាល​ដល់​វិស័យ​ផ្សេងៗ​ទៀត​ក្រៅពី​ពន្ធគយ​…​និង​ពាណិជ្ជកម្ម​”​។​

​គាត់​មិនបាន​បញ្ជាក់​លម្អិត​ទេ​។​

​កាលពី​ថ្ងៃ​អង្គារ នៅក្នុង​សញ្ញា​ថ្មី​បំផុត​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​យ៉ាប់យ៉ឺន​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង ២ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បន្ថែម​ផលិតផល​អាមេរិក​តម្លៃ ៦០ ពាន់​លាន​ដុល្លារ​ទៅក្នុង​បញ្ជី​ពន្ធ​នាំចូល​របស់ខ្លួន​ដើម្បី​សងសឹក​ចំពោះ​ការដំឡើង​ពន្ធ​តាម​ផែនការ​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ទៅលើ​ទំនិញ​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​។​

​លោក​ត្រាំ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ជា​យូរ​មក​ទៅលើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ហើយ​រដ្ឋាភិបាល​របស់លោក​បាន​បន្ថយអំណាច​រប​ស់​អង្គការ​នេះ ដោយ​រារាំង​ការតែងតាំង​នៅក្នុង​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍​របស់​អង្គការ​នេះ ខណៈដែល​អាណត្តិ​របស់​ចៅក្រម​តុលាការ​ពាណិជ្ជកម្ម​បច្ចុប្បន្ន​បាន​ចប់​។​

​ប្រសិនបើ​សហរដ្ឋអាមេរិក​អាចធ្វើឱ្យ​ខ្សោយ​ប្រព័ន្ធ​ដោះស្រាយ​ជម្លោះ​របស់ WTO នោះ​វា​នឹង​បញ្ចប់​ការ​អនុវត្ដ​ច្បាប់​រយៈពេល ២៣ ឆ្នាំ​របស់​អង្គការ​នេះ ដែលជា​អង្គការ​អន្តរជាតិ​មួយ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​គាំពារ​និយម​ខាង​ពាណិជ្ជកម្ម​។​

​លោក​អា​ហ្សេ​វ៉េ​ដូ​បាន​និយាយថា​វា​អាចទៅរួច​ដើម្បី​មាន​ស្ថាប័ន​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ពិភពលោក​មួយ​ដោយ​គ្មាន​សហរដ្ឋអាមេរិក ប៉ុន្តែ​គេ​ដឹង​មិន​ច្បាស់​ទេ​ថា​តើ​វ៉ាស៊ីនតោន​នឹង​គាំទ្រ​ដល់​អង្គការ​បែបនេះ​ឬ​យ៉ាងណា​នោះ​៕ ដោយ៖ កញ្ញាដាលីស

អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក លោក រ៉ូ​បឺ​តូ អា​ហ្សេ​វ៉េ​ដូ
#