ប្រមុខ​អូឡាំពិក​កម្ពុជា​ជួប​សហព័ន្ធ​ជាតិ​ចំនួន​១០

147

(​ភ្នំពេញ​): លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ចំណាយពេល​មួយ​ព្រឹក​ធំ ជួប​ជាមួយ​សហព័ន្ធ​ជាតិ​ចំនួន​១០ ដើម្បី​ស្ដាប់​ពី​តម្រូវការ និង​ផលវិបាក​នានា ការរៀបចំ​ផែនការ​សម្រាប់​ឆ្នាំ​២០២៣ និង​បញ្ហា​ប្រឈម​នានា​។​

​សហព័ន្ធ​ជាតិ​ទាំង​១០​នោះ មាន​សហព័ន្ធ​កីឡា​ប៊ូល និង ប៉េតង់​កម្ពុជា សហព័ន្ធ​ចំបាប់ កាយសម្ព័ន្ធ សី​ប៉ា​ក់តា​ក្រ និង​ឈិន​ឡូ​ន​កម្ពុជា វ៉ូ​វី​ណា​ម បាល់ទាត់ បាល់ទះ តេ​ក្វាន់​ដូ WTF វាយ​កូន​បាល់ និង បាល់បោះ​។​

​ជាទូទៅ​ស្ទើរ​គ្រប់​សហព័ន្ធ​ជាតិ​ទាំងអស់ មាន​មូលហេតុ​ប្រហាក់ប្រហែលគ្នា គឺ​បញ្ហា​ថវិកា និង​ទីកន្លែង​ហ្វឹកហាត់​។

​លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់ បានបង្ហាញ​ពីបទ​ពិសោធន៍​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​មួយ​នេះ មាន​កីឡាករ​-​កីឡាការិនី​ល្អៗ តាមរយៈ​ការបង្កើត​កម្មវិធី Mini Tennis តាម​សាលារៀន តាម​មជ្ឈមណ្ឌល​កុមារកំព្រា​។ ការលេង​លើ​ទីលាន​តូចៗ ធ្វើ​ឲ្យ​ក្មេង​សប្បាយ ហើយ​ចង់​លេង​កីឡា​វាយ​កូន​បាល់ ដែល​នេះ​ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​សហព័ន្ធ​បញ្ជូន​គ្រូ ទៅ​មើល​ទេពកោសល្យ​របស់​ពួកគេ​។​

​ដោយឡែក​សហព័ន្ធ​បាល់ទាត់​ពេលនេះ បានរៀបចំ​សាលា​បាល់ទាត់​បាន​១២​ខេត្ត ហើយ​នៅ​ខែមីនា ឆ្នាំ​២០១៨ យុទ្ធនាការ​បង្កើត​សាលា​ឲ្យ​បាន​២៥​រាជធានី​-​ខេត្ត​នឹងត្រូវ​បញ្ចប់​។ នេះ​បើតាម​ការអះអាង​របស់​លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្ដីទី​សហព័ន្ធ​បាល់ទាត់​។​

​លោក​អះអាង​ទៀតថា បន្ទាប់ពី​បញ្ចប់​យុទ្ធនាការ​បង្កើត​សាលា​បាល់ទាត់​បាន​២៥​រាជធានី​-​ខេត្តហើយ​នោះ សហព័ន្ធ​នឹង​បញ្ជូន​គ្រូបង្វឹក​ចំនួន​១០០​នាក់ ឲ្យ​ចុះទៅ​បណ្ដុះបណ្ដាល​នៅ​រាជធានី​-​ខេត្ត​ទាំងនោះ ដែល​ក្នុង​មួយ​សប្ដាហ៍​ហ្វឹកហាត់​ឲ្យ​បាន​៥​ថ្ងៃ​។​

​ដោយឡែក​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​លោក ហែម សំណាង ដែលជា​អនុប្រធាន​សហព័ន្ធ បាន​និយាយ​ឲ្យ​ដឹងថា សហព័ន្ធ​លោក​មិនទាន់​បានរៀបចំ​ផែនការ​សម្រាប់​ឆ្នាំ​២០២៣​នៅឡើយ​ទេ តែ​បានរៀបចំ​ផែនការ​ប្រចាំឆ្នាំ និង​ផែនការ​ក្នុង​អាណត្តិ​។​

​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា ពេលនេះ លោក​បានរៀបចំ​កីឡាករ​-​កីឡាការិនី​វ័យក្មេង ដែលមាន​សមត្ថភាព​បា​ន​ច្រើន​គ្រាន់បើ​ដែរ ព្រោះ​លោក​មិន​ពន្យារពេល​ទេ​ឆ្នាំ​២០២៣ កាន់តែ​រំកិល​មក​កៀក​ហើយ​។​

​គួរ​បញ្ជាក់ថា រាល់​អ្វីៗ​ដែល​សហព័ន្ធ​ជាតិ​លើកឡើង​ត្រូវបាន​កត់ត្រា​ទុក ហើយ​លោក​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​ចំណាយពេល​ជួប​ជាមួយ​សហព័ន្ធ​ជាតិ​ដទៃទៀត​រៀងរាល់ថ្ងៃ​អង្គារ​៕L ដោយ​៖ រ៉ូ​ហ្សា​