ប្រមុខ​អូឡាំពិក ថ្លែង​អ្វីខ្លះ នៅ​ថ្ងៃ​សម្ពោធ​កាលបរិច្ឆេទ​ស៊ី​ហ្គេម​

194
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក ថោង ខុន អនុប្រធាន​អចិន្ដ្រៃយ៍ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ថ្លែងថា SEA Games គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ ដែល​ស្ថិតក្នុង​សុ​បិ​ន្ដ របស់​ប្រជាជន​កម្ពុជា ហើយ​ជា​ឱកាស​ដ៏​កម្រ ដើម្បី​បង្ហាញ​នូវ​អត្តសញ្ញាណ នៃ​វប្បធម៌ អរិយធម៌ និង​សក្ដានុពល​ជាតិ ដល់​ពិភពលោក​ទាំងមូល ។​

លោក ថោង ខុន ក្នុង​ពិធី

​លោក​រដ្ឋមន្ដ្រី បានលើកឡើង​ដូច្នេះ ក្នុង​ពិធី​បិទ​វេទិកា​ជាតិ លើក​ទី​១ ស្ដីពី​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា SEA Games និង ASEAN Para Games ឆ្នាំ​២០២៣ ក៏ដូចជា​ការសម្ពោធ​កាលបរិច្ឆេទ​ផ្លូវការ នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ កាលពី​ល្ងាច​មិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​។​

​លោក​បាន​ចាត់ទុកថា វេទិកា​នេះ គឺជា​ការដាក់ចេញ​នូវ យុទ្ធនា​ការសំខាន់ៗ ពាក់ព័ន្ធ​នឹង​កេរ្ដិ៍ឈ្មោះ​កម្ពុជា ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ និង​ជួយ​កសាង​កេរ្ដិ៍ឈ្មោះ សង្គមជាតិ ឲ្យ​កាន់តែ​លេច​ត្រដែត លើ​ឆាក​អន្ដរជាតិ ដែល​គ្រប់ភាគី ត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ ។​

លោក ថោង ខុន ក្នុង​ពិធី

​លោក​បណ្ឌិត ថោង ខុន បាន​បន្ដថា​៖ «​ព្រឹត្តិការណ៍ SEA Games ឆ្នាំ​២០២៣ នៅ​កម្ពុជា មិនមែន​គ្រាន់តែ​ជា​ព្រឹត្តិការណ៍ កីឡា​នោះទេ តែ​វា​ជា​ឱកាស​ដ៏​កម្រ​មួយ ក្នុងការ​សម្ដែង និង​បង្ហាញ​អត្តសញ្ញាណ នៃ​វប្បធម៌​ដ៏​រុងរឿង ដ៏​សំបូរបែប និង​វ័យ​ចំណាស់ របស់​បុព្វបុរស​ខ្មែរ រាប់ពាន់​ឆ្នាំ ដល់​ពិភពលោក​ទាំងមូល ។ នេះ​ក៏​ជា​ឱកាស​បង្ហាញ នូវ​សក្ដានុពល​ជាតិ លើ​គ្រប់​វិស័យ ឲ្យ​ពិភពលោក​បាន​ស្គាល់ និង​កោតស្ញប់ស្ញែង ដល់​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី ធ្វើ​ឲ្យ​កម្ពុ​ជាមាន​សន្ដិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ ហើយ​អាច​រៀបចំ​ព្រឹត្តិការណ៍ SEA Games ដ៏​ធំ​បាន​» ។​

​វេទិកា​ជាតិ​លើក​ទី​១ ស្ដីពី​ការផ្សព្វផ្សាយ ព្រឹត្តិការណ៍​កីឡា និង​សម្ពោធ​កាលបរិច្ឆេទ​ផ្លូវការ នៃ​ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games ឆ្នាំ​២០២៣ ដែល​រៀបចំ​ដោយ CAMSOC នៅ​ថ្ងៃទី​១៣ ខែកញ្ញា​នេះ បាន​ដំណើរការ ១ ថ្ងៃ​ពេញ ខណៈ​ពិធី​បើក បានធ្វើ​ឡើង ក្រោម​អធិបតីភាព សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ហើយក៏​មានការ​ចូលរួម ពី​មន្ដ្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អ្នកជំនាញ​អន្ដរជាតិ តំណាង​សហព័ន្ធ​កីឡា​ជាតិ និង​កីឡាករ​-​កីឡាការិនី សរុប​ជាង ១​ពាន់​នាក់​ឯណោះ​។​

ទិដ្ឋភាព​ពេល​បិទ​

​បន្ថែម​លើ​នេះ លោក​ក៏បាន​គូសបញ្ជាក់ អំពី​ទំហំ​ការងារ ដែល​ត្រៀម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះដែរ​ថា ការធ្វើ​ម្ចាស់ផ្ទះ SEA Games មិនមែន​ក្រសួង​-​ស្ថាប័ន ឬ​មន្ដ្រី​ជំនាញ​ណា​ម្នាក់ អាចធ្វើ​បាន​នោះទេ គឺ​ត្រូវការ​គ្នា ធ្វើ​ទាំងអស់គ្នា ពិសេស​ការចូលរួម សហការ​របស់​ប្រជាពលរដ្ឋ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​អន្ដរជាតិ មកលេង​នៅ​កម្ពុជា រាប់ម៉ឺន រាប់សែន​នាក់ ទាំង​កីឡាករ​-​កីឡាការិនី មន្ដ្រី ប្រតិភូ ទស្សនិកជន​អន្ដរជាតិ និង​ទេសចរ​អន្ដរជាតិ ប្រកបដោយ​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​ត្រូវបាន​គេ​ចងចាំ​ជានិច្ច នូវ​អនុស្សាវរីយ៍​ល្អៗ ក្នុងការ​ប្រកួត​ស៊ី​ហ្គេម នៅ​កម្ពុជា ៕v