ប្រមុខ​អ​.​ស​.​បព្រមាន​អំពី​លទ្ធភាព​ផ្ទុះ​សង្គ្រាមលោកលើកទី​៣

740
ចែករម្លែក

​ប្រមុខ​ផ្នែក​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ការគំរាមកំហែង​នៃ​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​រវាង​មហាអំណាច​ពិភពលោក​គឺ​ស្ថិតនៅ​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​សង្គ្រាមលោកលើកទី ២​។​

​លោកស្រី រី​ណា​តា ដ្វា​ន (Renata Dwan) ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​រំសាយ​សព្វាវុធ​នុយក្លេអ៊ែ​រ​របស់​អង្គការសហប្រជាជាតិ (UNIDIR) បាន​និយាយថា ការកើនឡើង​នូវ​ការរំពឹងទុក​នៃ​ជម្លោះ​គឺជា​បញ្ហា​បន្ទាន់ ក្នុង​គ្រា​ដែលមាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅ​ទូទាំង​ពិភពលោក​។ អ្នកជំនាញ​សន្តិសុខ​ជាន់ខ្ពស់​របស់​អ​.​ស​.​ប​រូបនេះ​បាន​យោងទៅលើ​ជម្លោះ​បច្ចុប្បន្ន​រវាង​សហរដ្ឋអាមេរិក​និង​ចិន ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ថា​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ការព្រួយបារម្ភ​។ លោកស្រី​ដ្វា​ន​និយាយថា បណ្តា​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​កំពុង​នាំគ្នា​ធ្វើ​ទំនើប​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ហើយ​ទិដ្ឋភាព​នៃ​ការគ្រប់គ្រង​អាវុធ​ត្រូវបាន​ផ្លាស់ប្តូរ​មួយផ្នែក​ដោយសារតែ​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​។​

​ទោះបីជា​ប្រទេស​ចំនួន ១២២ បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ដើម្បី​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ ក៏​ការគំរាមកំហែង​នៃ​ការ​បំផ្ទុះ​អាវុធ​នុយក្លេអ៊ែរ​នៅតែមាន​។​

​ប្រមុខ​អ​.​ស​.​ប​រូបនេះ​បាន​និយាយថា “​ខ្ញុំ​គិតថា​វា​ជាការ​អំពាវនាវ​ដោយស្មោះ​ដើម្បី​ទទួលស្គាល់ ហើយ​នេះ​ជា​ខ្លឹមសារ​ដែល​បាត់​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​និយាយ​អំពី​បញ្ហា​នេះ ដែល​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ឥឡូវ​គឺ​ពិត​ជាមាន​ខ្ពស់​ណាស់ ហើយ​ហានិភ័យ​នៃ​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​សម្រាប់​កត្តា​មួយចំនួន​ដែល​ខ្ញុំ​បានចង្អុលបង្ហាញ​នោះ គឺ​ខ្ពស់ជាង​ពេលណាៗ​ទាំងអស់ ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២”​។​

​ការរៀបចំ​ការគ្រប់គ្រង​អាវុធ​តាម​ប្រពៃណី​ក៏​កំពុង​ត្រូវបាន​រារាំង​ដោយ​ការលេចឡើង​នៃ​ប្រភេទ​សង្គ្រាម​ថ្មីៗ​ផងដែរ ជាមួយ​ការកើនឡើង​នៃ​ក្រុម​ប្រដាប់អាវុធ​និង​បច្ចេកវិជ្ជា​ថ្មីៗ ដែល​ធ្វើឱ្យ​ស្រពិចស្រពិល​នូវ​បន្ទាត់​កំណត់​រវាង​ការវាយលុក​និង​ការការពារ​។​

​កាលពីដើម​ឆ្នាំនេះ រុស្ស៊ី​និង​សហរដ្ឋអាមេរិក​បានបញ្ចប់​ការចូលរួម​របស់ខ្លួន​ក្នុង​សន្ធិសញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF)​។​

​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ១៩៨៧ នេះ​ហាមឃាត់​ប្រទេស​ទាំងពីរ​មិនឱ្យ​ប្រើប្រាស់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​និង​មធ្យម​។​

​អាមេរិក​ក៏បាន​បង្កើន​ភាព​តានតឹង​ជាមួយ​មហាអំណាច​ពិភពលោក​ផងដែរ ដោយ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​។​

​សន្ធិសញ្ញា​នេះ​មានបំណង​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។​

​សន្ធិសញ្ញា ដែល​ហៅ​ជា​ផ្លូវការ​ថា សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ ត្រូវបាន​គាំទ្រ​ដោយ​អង្គការ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​លុ​បំបាត់​អាវុធ​នុយក្លេអ៊ែរ (ICAN) ដែល​បានឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ២០១៧​។​

​រហូតមកទល់​ពេលនេះ​សន្ធិសញ្ញា​នេះ​បាន​ប្រមូល​ការផ្តល់​សច្ចាប័ន​ចំនួន ២៣ ក្នុងចំណោម ៥០ ប្រទេស ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ដាក់ចូល​ជា​ធរមាន រួមទាំង​អាហ្វ្រិក​ខាងត្បូង អូទ្រីស ថៃ វៀតណាម និង​ម៉ិ​ក​ស៊ិ​ក​។​

​ទោះយ៉ាងណា សន្ធិសញ្ញា​នេះ​ត្រូវបាន​ជំទាស់​យ៉ាងខ្លាំង​ក្លា​ដោយ​សហរដ្ឋអាមេរិក រុស្ស៊ី និង​ប្រទេស​ដទៃទៀត ដែលមាន​អាវុធ​នុយក្លេអ៊ែរ​។​

​លោកស្រី​ដ្វា​ន​និយាយថា ពិភពលោក​មិនគួរ​ព្រងើយកន្តើយ​នឹង​គ្រោះថ្នាក់​នៃ​អាវុធ​នុយក្លេអ៊ែរ​នោះទេ​។ លោកស្រី​បាន​បន្ថែមថា “​របៀប​ដែល​យើង​គិត​ចំពោះ​រឿងនេះ​និង​របៀប​ដែល​យើង​ធ្វើ​សកម្មភាព​ទៅលើ​ហានិភ័យ​នេះ​និង​ការគ្រប់គ្រង​ហានិភ័យ សម្រាប់​ខ្ញុំ​ហាក់ដូចជា​សំណួរ​ដ៏​សំខាន់​និង​ជា​រឿង​បន្ទាន់ ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពេញលេញ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​”៕ ដោយ ៖ កញ្ញាដាលីស

យោងតាម​អ​.​ស​.​ប ការគំរាមកំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​គឺមាន​ខ្ពស់ជាង​ពេលណាៗ​ទាំងអស់ ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២