ប្រមូល​ធាតុ​ចូល ដើម្បី​ធ្វើ​ច្បាប់​កីឡារ បាន​គំនិតល្អៗ​ច្រើន​

178
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សិក្ខាសាលា​រយៈពេល ២ ថ្ងៃ ដែល​ចាប់ពី​ថ្ងៃទី​១២ មក​នោះ បានបញ្ចប់​ហើយ នៅ​ថ្ងៃទី​១៣ កញ្ញា ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ។ នេះ​ជា​សិក្ខាសាលា ដើម្បី​ពិគ្រោះ​យោបល់ ប្រមូល​ធាតុ​ចូល សម្រាប់​រៀបចំ​សេចក្ដីព្រាង​ច្បាប់ ស្ដីពី​ការគ្រប់គ្រង វិស័យ​អប់រំ​កាយ និង​កីឡា​។​

ទិដ្ឋភាព​បិទ​សិក្ខាសាលា​

​លោក ស សុខា បាន​ចាត់ទុកថា រាល់​គំនិត យោបល់ សំណូមពរ ដែល​អង្គ​ពិភាក្សា បានលើកឡើង នឹង​ជួយ​ឲ្យ​សេចក្ដីព្រាងច្បាប់ ដែល​នឹងត្រូវ​តាក់តែង​នេះ កាន់​តែមាន​លក្ខណៈ គ្រប់​ជ្រុងជ្រោយ​ថែមទៀត ។ រាល់​អ្វីៗ​ដែល​កើតឡើង ដោយ​ការផ្ដល់​គំនិត​របស់​មនុស្ស ភាគច្រើន វា​នឹង​កាន់តែ​ធ្វើ​ឲ្យ​ល្អប្រសើរ នៃ​អត្ថបទ​ច្បាប់​នោះ បន្ថែមទៀត​។ ក្នុងនាម​ជា​នីតិរដ្ឋ រាល់​អត្ថបទ​ច្បាប់​នានា គឺ​ត្រូវតែ​ជា​ច្បាប់ ដែល​បម្រើ​ឲ្យ​មនុស្ស​ទូទៅ ដោយ​មិន​គិត​ពី​ឋានានុក្រម ក្នុងសង្គម ។​

ទិដ្ឋភាព​បិទ​សិក្ខាសាលា​

​សិក្ខាសាលា​នេះ មាន​អ្នកចូលរួម​ចំនួន ២៦៧ នាក់ ដែល​មកពី​ក្រុមការងារ រៀបចំ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការគ្រប់គ្រង វិស័យ​អប់រំ​កាយ និង កីឡា ចំនួន ៩២ នាក់ តំណាង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ចំនួន ៧៥ នាក់ តំណាង​សហព័ន្ធ​ជាតិ ចំនួន​៨០​នាក់ អង្គការ​បេះដូង​មាស គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ក្រសួង ការពារជាតិ ក្រសួងមហាផ្ទៃ គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យ៉ា​ល់​អូឡាំពិក តំណាង​ក្រសួង​ការងារ តំណាង​នាយកដ្ឋាន​នីតិកម្ម នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ការកសាង​ច្បាប់​នេះ បាន​ត្រូវ​បែងចែក ជា​ក្រុម​ប្រមូល​ឯកសារ​ច្បាប់ ជា​ភាសា​ខ្មែរ ក្រុម​ប្រមូល​ឯកសារ​ច្បាប់ ជា​ភាសា​អង់គ្លេស ក្រុម​ប្រមូល​ឯកសារ​ច្បាប់ ជា​ភាសា​បារាំង ក្រុម​គ្រប់គ្រង និង​រក្សាទុក​ឯកសារ និង​ក្រុម​កត់ត្រា​កំណត់ហេតុ និង​ធ្វើ​របាយការណ៍​កិច្ចប្រជុំ ។​

ទិដ្ឋភាព​បិទ​សិក្ខាសាលា​

​តាម​ការគ្រោងទុក ពង្រាងច្បាប់​កីឡា ចែកចេញជា ៤ ជំពូក ។ ជំពូក​ទី​១ គឺ​ការបង្កើត​តួនាទី ភារកិច្ច និង​សិទ្ធិអំណាច​របស់​អង្គការ និង​ស្ថាប័ន​កីឡា ជំពូក​ទី​២ គឺ​ការគ្រប់គ្រង និង​អនុវត្តន៍​សកម្មភាព​អប់រំ​កាយ និង​កីឡា នៅ​គ្រឹះស្ថានសិក្សា ជំពូក​ទី​៣ គឺ​ការគ្រប់គ្រង​សកម្មភាព​កីឡា​នានា និង​ជំពូក​ទី​៤ គឺ​ក្រមសីលធម៌ និង ការដោះស្រាយ​វិវាទ​កីឡា ។​

​សិក្ខាសាលា​នេះ ពិភាក្សាគ្នា​លម្អិត ទៅលើ​យន្តការ​នានា ដើម្បី​តាក់តែង​សេចក្ដីព្រាងច្បាប់ ការស្វែងយល់​ពី​ច្បាប់​អន្តរជាតិ នីតិវិធី នៃ​ការតាក់តែង​ច្បាប់ និង​បែង​ចែកជា​ក្រុម​ពិភាក្សា​ទៀតផង ៕v