ប្រយ័ត្ន​ខ្លួន​! ជនបរទេស​កាន់កាប់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​-​លិខិតឆ្លងដែន​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ពី​៥-១០​ឆ្នាំ​

2403
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ជនបរទេស​ណា​ដែល​កាន់កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ប្រាំ​ឆ្នាំ ទៅ​ដប់ឆ្នាំ​។ មន្ត្រី​ភ្នាក់ងាររាជការ ឬ​ជន​ណា​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ជនណាម្នាក់ ដែល​មិនមាន​សញ្ជាតិ​ខ្មែរ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ប្រាំ​ឆ្នាំ ទៅ​ដប់ឆ្នាំ​។ នេះ​បើ​យោងតាម​មាត្រា​៣០ នៃ​សេចក្តីព្រាងច្បាប់​ស្ដីពី​សញ្ជាតិ​។​

​ចំណែក​មាត្រា​៣១ បាន​ចែងថា ជន​ណា​ដែល​ក្លែងបន្លំ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ប្រាំ​ឆ្នាំ ទៅ​ដប់ឆ្នាំ​។ ត្រូវ​ចាត់ទុក​ជាការ​ក្លែងបន្លំ​ផងដែរ​នូវ​អំពើ​ធ្វើការ​កោស លុប សរសេរ​បន្ថែម ឬ​ធ្វើ​ឲ្យ​ខូចខាត​ការពិត​នូវ​ព័​ត៍​មាននៅ​ក្នុង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ រីឯ​មាត្រា​៣២ បាន​ចែងថា ជន​ណា​ដែល​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ពីរ​ឆ្នាំទៅ​ប្រាំ​ឆ្នាំ និង​ពិន័យ​ជា​ប្រា​ក់បួន​លាន​រៀន ទៅ​ដប់​លា​រៀល​។ មាត្រា​៣៣ បាន​ចែងថា អ្នកផ្តើមគំនិត អ្នកសមគំនិត​ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​បទល្មើស​ដែលមាន​ចែង​ក្នុង​មាត្រា​៣០ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​នេះ ស្របតាម​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​។ មាត្រា​៣៤ បាន​ចែងថា ចំពោះ​រូបវន្តបុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ដូច​មានចែង​ក្នុង​មាត្រា​៣០ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​នេះ តុលាការ​អាច​ប្រកាស​ទោស​បន្ថែម​មួយ​ឬ​ច្រើន ដូច​មានចែង​ក្នុង​មាត្រា​៥៤ (​ប្រភេទ​ទោស​បន្ថែម​) នៃ​ក្រមព្រហ្មទណ្ឌ​។ មាត្រា​៣៥ បាន​ចែងថា នីតិបុគ្គល​អាច​ត្រូវ​ប្រកាសថា ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​តាម​លក្ខខណ្ឌ​ដែល​មានចែង​ក្នុង​មាត្រា​៤២ (​ការទទួល​ទោស​ព្រហ្មទណ្ឌ​របស់​នីតិបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ ចំពោះ​បទល្មើស​ដែល​មានចែង​ក្នុង​មាត្រា​៣០ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​នេះ​។ នីតិបុគ្គល​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​ដប់​លាន​រៀល ទៅមួយ​រយ​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មានចែង​ក្នុង​មាត្រា​១៦៨ (​ទោស​បន្ថែម​អនុវត្ត​ចំពោះ​នីតិបុគ្គល​)​នៃ​ក្រមព្រហ្មទណ្ឌ​។​

​សូមជម្រាបថា រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ ដោយ​សម្លេង​អនុម័ត​១១២​សម្លេង​។ សេចក្តីព្រាងច្បាប់​នេះ ១០​ជំពូក និង​ចែកចេញជា​៣៨​មាត្រា​។ ការសម្រេច​អនុម័ត​នេះ​បាន​ធ្វើឡើង​នៅក្នុង​អង្គប្រជុំ​រដ្ឋសភា​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ដោយមាន​សមាជិកសភា​ចូលរួម​ចំនួន​១១២​រូប​។

​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​។ គោលបំណង​សម្រាប់​កំណត់​មុខសញ្ញា​ដែល​បាន​សញ្ជាតិ​ខ្មែរ គឺ​ប្រាំ​ប្រភេទ ទី​១.​ការទទួលបាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​។ ទី​២.​ការទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​ការ​ស្មុំ​កូន​ពេញលេញ​។ ទី​៣.​ការទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍ពិពាហ៍​។ ទី​៤.​ការទទួល​សញ្ចា​តិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម និង​ទី​៥.​ការបាត់​សញ្ជាតិ​ខ្មែរ​៕ ល​