ប្រយ័ត្ន​ខ្វះ​ទឹក​ប្រើ​នៅតាម​មូលដ្ឋាន​ខ្លះ​ដូច​រដូវប្រាំង​ឆ្នាំ​២០១៦

358
ចែករម្លែក

ដោយៈ​ប​.​ខុន​/ ​ភ្នំពេញៈ​ធាតុអាកាស​នៅក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ នឹងមាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង​នាំ​ឲ្យ មានការ​ប្រឈម​ទៅនឹង​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​តំបន់​ខ្លះ​ដូច​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៦​។​ស្ថានភាព​នេះ ដោយសារ​ប្រទេស​កម្ពុជា​ទទួល រង​ឥទ្ធិពល​ប្រយោល​ពី​បាតុភូត​អែល​នី​ណូ​(El Nino) ដែលជា​បាតុភូត​អាកា​ធាតុ​ក្តៅ​ខ្លាំង​និង​មាន​ភ្លៀង​តិច​។ ដូច្នេះ​អ្នកមាន​សមត្ថកិច្ច​ពាក់​ព​ន្ធ័ គួរ​ត្រូវមាន​វិធានការ​គ្រប់គ្រង​ទឹក​នៅតាម​ប្រភព​អូរ ស្ទឹង ព្រែក បឹងបួរ​និង​អាងទឹក​នានា​នៃ​មូលដ្ឋាន​នីមួយៗ ឲ្យ​បាន​ត្រឹមត្រូវ​ចាប់តាំងពី​ពេលនេះ​ទៅ​។​


​កាលពី​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៥-២០១៦​ប្រទេស​កម្ពុជា​ធ្លាប់បាន​ជួប​នូវ​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​យ៉ាងធ្ងន់ធ្ងរ​អស់​ពេល​ជាច្រើន​សប្តាហ៍ ដោយនៅ​តំបន់​មួយ ចំនួន ត្រូវ​ដឹកជញ្ជូន​ទឹក​តាម​រថយន្ត​កង​ទ​ព័ រថយន្ត​កាកបាទ ក្រហម​កម្ពុជា និង រថយន្ត​របស់​អ្នក​ពាក់​ព​ន្ធ័​ផ្សេងៗ​ទៀត ដើម្បី​យកមក​ផ្គត់ផ្គង់​ដល់​ការប្រើប្រាស់​ចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ បន្ទាប់ពី​ប្រភពទឹក​ក្នុង​តំបន់​ទាំងនោះ​រីងស្ងួត​អស់​ក្រោយពី​ភ្លៀង​រដូវវស្សា​ក្នុង​ឆ្នាំ​២០១៥​បាន​អស់​ខុសពេល​ធម្មតា​។​សភាព​នោះ ដូចជា​រដូវប្រាំង​ឆ្នាំ​២០១៨-២០១៩​នេះដែរ ដោយសារ​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ​។​


​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ បានធ្វើ​ឲ្យ​ភ្លៀង​ចុងរដូវ​វស្សា​ឆ្នាំ​២០១៨​កន្លងទៅ មាន​សភាព​ខ្សោយ​រហូត​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​គ្មាន​ជំនន់​ជា​លើក​ទី​ពីរ ។ ឯ​ទឹក​បឹង​ទន្លេសាប​ក៏បាន​ហូរ​ចេញ​មុនពេល​ធម្មតា​រហូតដល់​ទៅជិត​មួយខែ បណ្តាល​ឲ្យ​ទឹកអូរ ស្ទឹង ព្រែក បឹង ស្រក​ចុះ​យ៉ាង​លឿន​ខុស​ប្រក្រតី ។ ចំណែកឯ​ទឹក​ដែលមាន​នៅសល់​មិន​ច្រើន​តាម​ប្រភព​ទាំងនេះ ត្រូវបាន​គេ​បូម​បាច​ដាក់​ដំណាំ​ស្រូវ​ចុងរដូវ​វស្សា និង​ស្រូវប្រាំង​លើកទីមួយ​ស្ទើរ​គ្មាន​សល់​។​


​នៅពេលនេះ ប្រសិនបើ​គេ​នៅតែ​បណ្តោយ​ឲ្យ​មាន​បន្តធ្វើ​ស្រូវប្រាំង​លើក​ទី​ពីរ​ឬក៏​បូម​បាច​ពង្រីង​ដើម្បី​ប្រយោជន៍​អ្វី​ផ្សេងទៀត​នោះ បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅតាម​មូលដ្ឋាន​មួយចំនួន​ពិតប្រាកដ​ត្រូវ​កើតមាន ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ដូច​កាលពី​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៦​ម្តងទៀត​នោះ សូម​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​នីមួយៗ គួរ​បាន​ត្រូវ​ចាប់ផ្តើម​ធ្វើការ​គ្រប់គ្រង​ទឹក​ឲ្យ​បានល្អ​ចាប់ពី ពេលនេះ​ទៅ​៕SRN