ប្រយ័ត្ន​! បន្ទាប់ពី​ចិន​ឥឡូវ​វៀតណាម​ហាម​នាំចូល​ទំនិញ​អេត​ចាយ​ផ្លា​ស្ទិ​ក​និង​ក្រដាស​

1064
ចែករម្លែក

​ការ​នាំចូល​ទំនិញ​អេតចាយ​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ធ្វើអោយ​ឈ្លក់​បណ្តា​កំពង់ផែ​វៀតណាម ដោយ​កុងតឺន័រ​ដាក់​ក្រដាស​និង​ផ្លា​ស្ទិ​ក​អេតចាយ​រាប់រយ​​កំពុង​ត្រូវគេ​ទុកចោល​ដោយ​មិនមាន​ម្ចាស់​ចូលមក​យក​នាំចេញ​ទេ ដោយ​បង្ខំ​អោយ​អាជ្ញាធរ​ហាមឃាត់​ការនាំ​ចូល​ជា​បណ្តោះអាសន្ន​។​

​ក្រុមហ៊ុន​Tan Cang–Cai Mep International Co., Ltd (TCIT) ដែល​ទទួល​សេវា​ទុកដាក់​ទំនិញ បាន​និយាយថា ខ្លួន​ផ្អាក​ការ​នាំចូល​ទំនិញ​អេតចាយ​ក្រដាស​និង​ផ្លា​ស្ទិ​ក​​ដោយសារតែ ការ​ជោរជន់​នៃ​ទំនិញ​ប្រភេទ​នេះ​នៅ​កំពង់ផែ​របស់ខ្លួន​។​

​ក្នុង​លិខិត​មួយ​ចុះហត្ថលេខា​ដោយ​អគ្គនាយក​របស់​ក្រុមហ៊ុន​នេះ បានសរសេរថា​”​ចាប់ពី​ថ្ងៃ​២៥​មិថុនា​ដល់​១៥​តុលា ក្រុមហ៊ុន​TCIT​នឹង​ឈប់​ការ​នាំចូល​កុងតឺន័រ​ណា​ដែល​​ដាក់​ក្រដាស​និង​ផ្លា​ស្ទិ​ក​អេតចាយ​”​។​

​អាជ្ញាធរ​កំពង់ផែ​TCIT​បាន​ព្រមាន​ថា កុងតឺន័រ​១.១៣២​ដាក់​ក្រដាស​និង​ផ្លា​ស្ទិ​ក​ពេញៗ​ត្រូវបាន​នាំមក​ទុកចោល​នៅ​កំពង់ផែ​អស់​ពេល​ពីរ​បី​ខែ​មកហើយ ។​”​អតិថិជន​មិន​​បាន​ចូលមក​អះអាង​ជា​ម្ចាស់​នៃ​ទំនិញ​ទាំងនេះ​ទេ​។​វា​ជា​សភាពការណ៍​ស្មុគស្មាញ​មួយ​”​។​

​ការហាម​ប្រាម​នាំចូល​ទំនិញ​ប្រភេទ​នេះ​នៅ​ចិន​ជា​ហេតុផល​ចម្បង​នៃ​កំណើន​នាំចូល​អេតចាយ​ក្រដាស​និង​ផ្លា​ស្ទិ​កនៅ​វៀតណាម​។​

​វ៉ុ​ន ហ៊ែ​រណង់​ដេ​ហ្ស៍ អ្នកសម្របសម្រួល​ក្រុមហ៊ុន​Break Free from Plastics​បាន​ពន្យល់ថា ចំណាត់ការ​ដាច់​ណាត់​របស់​ចិន​លើ​ទំនិញ​អេតចាយ នាំអោយ​មានការ​ព្រួយ​​បារម្ភ​ទូទៅ​ថា ប្រទេស​ដូចជា វៀតណាម ហ្វីលីពីន​និង​ម៉ាឡេស៊ី ហើយ​អាច​ដល់​ឥណ្ឌា អាច​ក្លាយជា​ជនរងគ្រោះ​នៃ​ការ​ទម្លាក់ចោល​កាកសំណល់​ដោយ​សហភាព​អឺរ៉ុប​​និង​អាមេរិក​។​

​លោក​ថា​” បំរាម​របស់​វៀតណាម​លើ​ការនាំ​ចូល​ផ្លា​ស្ទិ​ក​និង​ក្រដាស​អេតចាយ​មានន័យថា សំរាម​ទាំងនេះ​អាច​ត្រូវ​បង្វែរ​ទៅកាន់​បណ្តា​ប្រទេស​ក្រីក្រ​ផ្សេងទៀត​”​។​

​កាលពី​ឆ្នាំ​២០១៦ បណ្តា​ក្រុមហ៊ុន​កែច្នៃ​ឡើងវិញ​របស់​ចិន​បាន​នាំចូល​ទំនិញ​អេតចាយ​ជា​ដែក ក្រដាស​និង​ផ្លា​ស្ទិ​ក​ប្រមាណ​៧,៣​លាន​តោន​គិត​ជា​ប្រាក់​ប្រមាណ​១៨​ពាន់​លាន​ដុល្លារ ភាគច្រើន​មកពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ក្នុងនោះ​អាមេរិក​នាំ​អេតចាយ​ផ្លា​ស្ទិ​កមក​ចិន​ចំនួន​១,៤២​លាន​តោន ថ្លៃ​៤៩៥​លាន​ដុល្លារ​។​

​ដើម្បី​ការពារ​បរិស្ថាន​និង​គ្រប់គ្រង​ការរំលោភ ចិន​នៅ​ឆ្នាំនេះ​បាន​ហាម​នាំចូល​សំណល់​ប្រភេទ​នេះ​មកពី​លោកខាងលិច​។​ក្នុង​លិខិត​មួយ​ផ្ញើជូន​អង្គការ​ពាណិជ្ជកម្ម​ពិភព​​លោក ចិន​បាន​ពន្យល់ថា សំណល់​កខ្វក់​ជាច្រើន ឬ​អាចមាន​សំណល់​បង្ក​គ្រោះថ្នាក់ ត្រូវបាន​គេ​លាយ​ជាមួយ​សំណល់​រឹង ដែល​អាច​ប្រើ​ជា​វត្ថុធាតុដើម​។​សំណល់​បែប​​នេះ​បាន​បំពុលបរិស្ថាន​ចិន​ធ្ងន់ធ្ងរ​”៕​ដោយ​៖​វាសនា​

#