ប្រយ័ត្ន​! មេរោគ​ស៊ីសាច់​មនុស្ស​កំពុង​បង្ហាញ​ខ្លួន​នៅ​ថៃ​ខាងជើង​

3845
ចែករម្លែក

​មន្ទីរពេទ្យ​នៅ​ថៃ​ខាងជើង​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៤​កក្កដា​ថា ករណី​កើត​ជម្ងឺ​មេរោគ​ស៊ីសាច់​មនុស្ស​ជាច្រើន​ត្រូវបាន​រកឃើញ​នៅ​ខែកក្កដា​នេះ​ដោយ​អ្នក​ជម្ងឺ​ម្នាក់​​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​។​

​វេជ្ជបណ្ឌិត ពង់​ថេប វង់​វ៉ាត​ចា​រ៉ា​ផៃ​ប៊ូ​ន នាក​រង​នៃ​មន្ទីរពេទ្យ​Nan Hospital​នៅ​ថៃ​ខាងជើង​បាន​និយាយថា​មន្ទីរពេទ្យ​បាន​រកឃើញ​មេរោគ​ស៊ី​សាច់មនុស្ស​២៥​ករណី​នៅ​ខែកក្កដា​​នេះ និង​កាលពី​ខែ​មិថុនា​មាន​តែ​២​ករណី​។​

​លោក​បាន​អោយដឹងថា «​អ្នក​ជម្ងឺ​ភាគច្រើន​ជា​កសិករ ដែល​បាន​ភ្ជួរ​រាស់​នៅក្នុង​ស្រែ​របស់គេ​និង​រងរបួស​ស្បែក តែ​ព្យាបាល​មិនជា​។​មេរោគ​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស ដោយ​​រយៈពេល​តែ​កន្លះ​ថ្ងៃ វា​អាច​រាលដាល​ទៅកាន់​ផ្នែក​ណាមួយ​ទៀត​នៃ​រាងកាយ​»​។​

​លោក​វេជ្ជបណ្ឌិត បាន​និយាយថា មេរោគ​នេះ​ធ្វើអោយ​ខូច​ស្បែក​និង​ជាលិកា​ខ្លាញ់ បន្ទាប់​មក​វា​ឆ្លងទៅ​សាច់ដុំ​និង​រីក​រាលដាល​ពេញ​ខ្លួន​។​

​លោក​ពង់​ថេប​បាន​បន្ថែមថា «​ការ​រលាត់​ដាច់​តិចតួច​ណាមួយ​នៅត្រង់​ជើង អាច​អោយ​មេរោគ​ឆ្លង​ចូល​ស៊ី​រូង​ជើង​ដែល​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច​មិន​អាច​ផ្សះ​ទាន់​កំរិត​រីក​រាលដាល​របស់​​វា​លើ​ដងខ្លួន​អ្នក​ជម្ងឺ ដែល​នៅ​ទីបំផុត​ត្រូវ​កាត់​ជើង ឬ​កន្លែង​ឆ្លង​នោះ​ចោល​»​។​

​លោក​បាន​អំពាវនាវ​អោយ​ប្រជាជន​ដែល​ត្រូវ​សត្វ​ខាំ ឬ​ខ្វាច រួម​ទាំង​សត្វ​ចិញ្ចឹម ត្រូវ​រក​ការព្យាបាល​ដោយ​វេជ្ជសាស្ត្រ​ភ្លាម ក្នុងករណី​របួស​នោះ​មិនជា​។​

​មេរោគ​Necrotizing fasciitis (NF)​ដែល​ជា​ធម្មតា​ត្រូវគេ​ហៅថា ជម្ងឺ​មេរោគ​ស៊ីសាច់ ជា​ជម្ងឺឆ្លង​ដែល​នាំ​អោយ​ងាប់​ជាលិកា​ទន់ៗ​នៃ​រាងកាយ​មនុស្ស​។​វា​អាច​ចាត់ទុក​ជា​ជម្ងឺ​ធ្ងន់​​ធ្ង​រមួយ​ដោយសារ​តែ​កំរិត​រាលដាល​យ៉ាង​លឿន​របស់​វា​។​រោគសញ្ញា រួម​មាន​ស្នាម​ក្រហមជាំ​នៅ​ត​បន់​ឆ្លង ហើម ឈឺ​ខ្លាំង ក្តៅខ្លួន​និង​ក្អួត​។​វា​ឆ្លង​ចូល​ខ្លួន​មនុស្ស​តាមរយៈ​ការ​ដាច់រយះ​​ស្បែក​ឬ​រលាក ឯ​ការព្យាបាល​វា​គឺ​វះកាត់​យក​ជាលិកា​ដែល​ឆ្លង​នោះ​ចេញ និង​ប្រើ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច​។​ការយឺតយ៉ាវ​ក្នុង​ការព្យាបាល​វា​អាច​អោយ​អ្នក​ជម្ងឺ​ស្លាប់​បាន​៕​ដោយ​៖​វាសនា​

រោគសញ្ញា​នៃ​ជម្ងឺ​មេរោគ​ស៊ីសាច់​នេះ ដំបូង​បង្ក​ការ​ហើម​ក្រហម ក្តៅខ្លួន ឈឺ​សាច់ដុំ​និង​ព្យាបាល​មិន​ងាយ​ជា​ដែល​នៅ​ទីបំផុត​អាច​កាត់ចោល​កន្លែង​ឆ្លង